(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានសហព័ន្ធអតីត យុទ្ធជនអាស៊ាន ផ្តល់មេដាយភាពជាអ្នកដឹកនាំអតីតយុទ្ធជន។ មេដាយនេះ គឺជាការទទួលស្គាល់នូវភាពជាគំរូ និងកិច្ចប្រឹងប្រែងរបស់នាយឧត្តមសេនីយ៍ លើកិច្ចការអតីតយុទ្ធជន ក្នុងពេលកម្ពុជាធ្វើជាប្រធានប្តូរវេនសហព័ន្ធ អតីតយុទ្ធជនអាស៊ានកាលពីឆ្នាំ២០១៩។
ពិធីប្រគល់មេដាយនេះ ត្រូវបានធ្វើឡើងក្នុងមហាសន្និបាតលើកទី២១ នៃសហព័ន្ធអតីតយុទ្ធជនបណ្ដាប្រទេសអាស៊ាន ដែលប្រារព្ធធ្វើនៅថ្ងៃទី២៣ ខែវិច្ឆិការ ឆ្នាំ២០២២នេះ នៅទីក្រុងបាងកក ប្រទេសថៃ។ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ បានអញ្ជើញប្រគល់មេដាយនេះដោយផ្ទាល់ជូនទៅ នាយឧត្តមសេនីយ៍ គន់ គីម។
នៅក្នុងមហាសន្និបាតនេះ ក៏បានផ្តល់មេដាយកិត្តិយស ជូននាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក នៃអគ្គនាយកដ្ឋានយោធាសេវា និងជាអគ្គលេខាធិការសហព័ន្ធអតីតយុទ្ធជនអាស៊ាន ពេលកម្ពុជាធ្វើជាប្រធានប្តូរវេនឆ្នាំ២០១៩។
នាយឧត្តមសេនីយ៍សង្គហបណ្ឌិត គន់ គីម ក្នុងនាមជាសេនាធិការ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជា ដោយអនុវត្តន៍តាមការណែនាំរបស់សម្តេចតេជោ គឺបានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះអតីតយុទ្ធជនកម្ពុជា។
ឈរលើស្មារតីដឹងគុណអតីតយុទ្ធជន ដែលជាអ្នកធ្វើពលីកម្មដ៏អស្ចារ្យ ដើម្បីបុព្វហេតុជាតិ មាតុភូមិនោះ នាយឧត្តមសេនីយ៍ គន់ គីម បានស្វះស្វែងលើកកម្ពស់ជីវភាពរបស់អតីតយុទ្ធជន តាមរយៈការស្វះស្វែងរកដីសម្បទានរបស់រាជរដ្ឋាភិបាល និងស្វះស្វែងរកការឧបត្ថម្ភពីសម្បុរសជនសាងសង់ផ្ទះជាទីជម្រកជូនអតីតយុទ្ធជនជាដើម។ នាយឧត្តមសេនីយ៍ គន់ គីម តែងតែអំពាវនាវជាប់ជានិច្ចដល់អាជ្ញាធរឱ្យជួយបង្កបរិយាកាសល្អដល់អតីតយុទ្ធជន ក្នុងការប្រកបរបរចិញ្ចឹមជីវិត ដើម្បីជួយឱ្យជីវភាពរបស់ពួកគេរស់នៅបានកាន់តែប្រសើរ។
ដោយមើលឃើញពីកិច្ចខិតខំដោយមិនខ្លាចការនឿយហត់ ដើម្បីបុព្វហេតុនៃប្រយោជន៍ជូនដល់អតីតយុទ្ធជននេះហើយ ទើបសហព័ន្ធអតីតយុទ្ធជនអាស៊ាន សម្រេចផ្តល់មេដាយជូននាយឧត្តមសេនីយ៍សង្គហបណ្ឌិត គន់ គីម។
សូមបញ្ជាក់ថា កាលពីសប្តាហ៍កន្លងទៅនេះ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមក្នុងមហាសន្និបាតលើកទី២១ នៃសហព័ន្ធអតីតយុទ្ធជនបណ្ដាប្រទេសអាស៊ាន ធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ ក្រោមអធិបតីភាពលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ។
សូមបញ្ជាក់ថាសហព័ន្ធអតីតយុទ្ធជនអាស៊ាន ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨០។ សហព័ន្ធនេះបង្កើតឡើង ដើម្បីធ្វើសកម្មភាពផ្សព្វផ្សាយលើកកម្ពស់ប្រណិតភាពជីវិត ផលប៉ះពាល់ នៃអាយុកាល និងផលប៉ះពាល់ដោយសារសង្គ្រាមមកលើសុខភាព និងសង្គមកិច្ចចំពោះជនរងគ្រោះដោយសារសង្គ្រាម និងផ្សព្វផ្សាយឱ្យបានយល់ដឹងស៊ីជម្រៅ ដល់បណ្ដាប្រជាជនដើម្បីសម្រេចកិច្ចសហប្រតិបត្តិការឈានទៅរកភាពសុខដុមរមនា យុត្តិធម៌សង្គម និងសន្ដិភាព។
សហព័ន្ធនេះ ក៏មានបេសកកម្មផ្សព្វផ្សាយឱ្យបានយល់ដឹងស៊ីជម្រៅជាសកលនូវទស្សនៈស្មារតី ការលើកសរសើរ និងអត្ថប្រយោជន៍នៃបណ្ដាប្រ ទេសក្នុងតំបន់ និងជំរុញការពារភាពស្របច្បាប់ នៃអត្ថប្រយោជន៍អតីតយុទ្ធជន ដោយសារសង្គ្រាម និងជនរគ្រោះដោយសារសង្គ្រាម ជាមួយនឹងការទទួលស្គាល់ផ្លូវច្បាប់ នៃសមាគមអតីតយុទ្ធជនបណ្ដាប្រទេសជាសមាជិកសហព័ន្ធ។
លើសពីនេះ សហព័ន្ធក៏មានបេសកកម្មជំរុញការផ្លាស់ប្ដូរអតីតយុទ្ធជន និងជនរងគ្រោះដោយសារសង្គ្រាមក្នុងតំបន់ដោយរៀបចំជាកម្មវិធីអភិវឌ្ឍន៍ សិក្ខាសាលា ការចែកចាយ ព័ត៌មានវិទ្យា និងសកម្មភាពដទៃទៀត ដែលជាគុណប្រយោជន៍សម្រាប់សមាជិក៕