(ភ្នំពេញ)៖ លោក ឡឹក សុធារ ដែលជាមនុស្សជំនិតមួយរូបរបស់លោកបណ្ឌិត យ៉ង សាំងកុមារ ថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏បានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ។

នេះបើយោងតាមលិខិតស្នើសុំ ដែលលោក លឹម ជាវុត្ថា អគ្គនាយកព័ត៌មាន Fresh News ទទួលបានពីខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

នៅក្នុងលិខិតស្នើសុំចូលរួមជីវភាពនយោបាយនេះ លោក ឡឹក សុធារ បានបញ្ជាក់ពីមូលហេតុដូចលោកបណ្ឌិត យ៉ង សាំង កុមារ ផងដែរ។ មូលហេតុដែលនាំឱ្យលោកសុំចូលរួមជីវភាពនយោបាយ ដោយសារពេញចិត្តនឹងគោលនយោបាយលើវិស័យកសិកម្ម ដែលសម្តេចតេជោ បានគូសបញ្ជាក់នាពេលថ្មីៗនេះ។ ក្នុងនោះមានគោលនយោបាយលើកកម្ពស់ជីវភាពកសិករប្រកបដោយវិធានការជាក់ស្តែង ដូចជាគោលនយោបាយផលិតពូជស្រូវសម្រាប់លក់ចែកជូនប្រជាពលរដ្ឋក្នុងតម្លៃសមរម្យ គោលនយោបាយបាយកាត់បន្ថយថ្លៃដើមផលិត គោលនយោបាយបង្កើនទុនដល់ធានាគារអភិវឌ្ឍកសិកម្ម និងជនបទ ព្រមទាំងគោលនយោបាយដោះស្រាយបញ្ហាទីផ្សារកសិផលជាដើម។

លោក ឡឹក សុធារ បានបញ្ជាក់ក្នុងលិខិតស្នើសុំយ៉ាងដូច្នេះ «ខ្ញុំបាទមានទំនុកចិត្តថា ការដាក់ចេញនូវគោលនយោបាយប្រាកដនិយមថ្មីនេះ គឺដូចគ្នាទៅនឹងចំណេះដឹង និងជំនាញ ឆន្ទៈ និងបទពិសោធន៍ការងារលើវិស័យកសិកម្មរបស់ខ្ញុំ»

ក្រៅតែពីការធ្វើលិខិតស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាហើយនោះ លោក ឡឹក សុធារ ក៏បានធ្វើលិខិតគោរពជូនសម្តេចតេជោដាច់ដោយឡែកមួយទៀត ស្នើសុំចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសវិស័យស្រូវអង្ករ៕