ដំណឹងមរណទុក្ខ! លោកសាស្ដ្រាចារ្យ វេជ្ជបណ្ឌិត សែម មន្ទីរ ដែលបម្រើការងារនៅមន្ទីរពេទ្យរុស្ស៊ី បានទទួលមរណភាព
27-11-2022 09:40
(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ វេជ្ជបណ្ឌិត សែម មន្ទីរ ដែលបម្រើការងារនៅមន្ទីរពេទ្យរុស្ស៊ី បានទទួលមរណភាពនៅវេលាម៉ោង០៦៖១៦នាទីព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយរោគាពាធ ក្នុងជន្មាយុ៦០ឆ្នាំ។ បច្ចុប្បន្នសពលោកវេជ្ជបណ្ឌិត សែម មន្ទីរ កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅវត្តវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
យោងតាមកម្មវិធីបុណ្យសព បានឲ្យដឹងថា សពលោកវេជ្ជបណ្ឌិត សែម មន្ទីរ នឹងត្រូវតម្កល់ធ្វើបុណ្យរហូតដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ទើបបូជាតាមគន្លងប្រពៃណីសាសនា នៅលើព្រះមេរុ (មេន) ដោយសម្ដេចព្រះពោធិ៍វង្សកិត្តិបណ្ឌិត អំ លីមហេង ជាអ្នកផ្ដល់ព្រះអគ្គី៕