(ភ្នំពេញ)៖ មហាសន្និបាតវិសាមញ្ញសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបោះឆ្នោតជ្រើសតាំង លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាប្រធានកិត្តិយស។

ក្នុងការបោះឆ្នោតនោះ មហាសន្និបាតក៏បានបោះឆ្នោតជ្រើសតាំង លោក ទៀ សីហា ជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងសមាជិកគណៈអចិន្ដ្រៃយ៍បន្ថែមចំនួន០៩រូប ព្រមទាំងសមាជិក សមាជិកា គណៈកម្មាធិការកណ្ដាលថ្មី ចំនួន២០៣រូបបន្ថែមទៀតផងដែរ។

បន្ទាប់ពីលោក ទៀ សីហា ត្រូវបានជ្រើសតាំងជាអនុប្រធាន ស.ស.យ.ក. នោះ គណៈគ្រប់គ្រងចលនាយុវជនដ៏ធំមួយនេះ មានអនុប្រធានសរុប៧នាក់ហើយ។ អអនុប្រធាន៦រូបផ្សេងទៀតរួមមាន៖ លោក សាយ សំអាល់ លោក គីម រិទ្ធី លោក ឌី វិជ្ជា អ្នកស្រី ដាំ ដារិនី លោក សុះ មុះសិន និងលោក ស សុខា។

អង្គមហាសន្និបាតវិសាមញ្ញ ស.ស.យ.ក. នៅថ្ងៃនេះ បានអនុម័តវិសោធនកម្មលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន ដើម្បីឲ្យស្របតាមការវិវត្តជាក់ស្តែងរបស់សង្គម និងស្របតាមតួនាទីភារកិច្ចរបស់ ស.ស.យ.ក.។ មហាសន្និបាតវិសាមញ្ញ បានពិភាក្សាលើសកម្មភាព និងការសម្រេចបានកន្លងមក ក៏ដូចជាការពិនិត្យ និងអនុម័តវិសោធនកម្មលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង។

ក្នុងវគ្គពិភាក្សារសៀលនេះ មានការឡើងធ្វើជារបាយការណ៍ និងបទអន្តរាគមន៍យ៉ាងផុសផុលពីសំណាក់សមាជិក សមាជិកា នៃអង្គមហាសន្និបាត ដើម្បីផ្តល់ជាធាតុចូល មតិយោបល់ទាំងលើរបាយការណ៍ទិសដៅការងារ និងកិច្ចពិភាក្សាផ្សេងៗទៀតដែលបានកំណត់ក្នុងរបៀបវារៈ។

ជាមួយគ្នានេះដែរ ក្រោយបញ្ចប់វគ្គពិភាក្សា លោក ឌី វិជ្ជា អនុប្រធានសសយក និងជាប្រធានអនុគណៈកម្មការដឹកនាំវិសោធនកម្មលក្ខន្តិកៈ បានធ្វើរបាយការណ៍ស្តីពីសំណើរវិសោធនកម្មលក្ខន្តិកៈស.ស.យ.ក. ជូនដល់អង្គពិធី។

លោកបានកត់សម្គាល់នូវដំណើរវិវត្តឥតឈប់ឈរ និងចុងក្រោយនៃបរិបទសង្គម នយោបាយ និង សេដ្ឋកិច្ច អង្គមហាសន្និបាតវិសាមញ្ញ ស.ស.យ.ក. បានអនុម័តវិសោធនកម្មលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់ខ្លួនដើម្បីឲ្យស្របតាមការវិវត្តជាក់ស្តែងរបស់សង្គម និងស្របតាមតួនាទីភារកិច្ចរបស់ ស.ស.យ.ក. សំដៅធានាប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងការជំរុញបេសកម្ម និងលើកស្ទួយបុព្វហេតុ ស.ស.យ.ក.។

សូមជម្រាបថា មហាសន្និបាតវិសាមញ្ញទូទាំងប្រទេសរបស់ស.ស.យ.ក. រយៈពេល២ថ្ងៃ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ រួមមាន៖

*ទី១៖ បូកសរុបសកម្មភាព និងសមិទ្ធផលការងារចន្លោះមហាសន្និបាតលើកទី៤ រហូតដល់បច្ចុប្បន្ន
*ទី២៖ ពិនិត្យ និងអនុម័តវិសោធនកម្មលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់ ស.ស.យ.ក.
*ទី៣៖ បោះឆ្នោតបំពេញបន្ថែមសមាសភាពសមាជិកគណៈកម្មាធិការកណ្តាល
*ទី៤៖ ពិនិត្យ និងអនុម័តផែនការយុទ្ធសាស្ត្រ «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨» របស់ ស.ស.យ.ក.៕