(រ៉ងហ្គូន)៖ ក្រុមហ៊ុនសិង្ហបុរីមួយ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Offshore Supply Base Ltd របស់ សហភាពមីយ៉ាន់ម៉ា ដើម្បីធ្វើការរុករកប្រេង ក្នុងសមុទ្រមីយ៉ាន់ម៉ា ក្បែរក្រុង Kyaikkhami នៃរដ្ឋ Mon ភាគខាងត្បូង។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០១៦។
គំរោងខាងលើនេះ នឹងត្រូវអនុវត្តន៍អំឡុងពេល ៧០ឆ្នាំនៃកិច្ចព្រមព្រៀង ក្រោមប្រព័ន្ធដែលមានការកសាង ប្រតិបត្តិការ និងដឹកជញ្ជូន។ វានឹងមានវិសាលភាពលើផ្ទៃដី ៣២៤ហិកតា ដោយក្នុងនោះដីមួយផ្នែកក្រុមហ៊ុន បានជួលពីរដ្ឋាភិបាលក្នុងតម្លៃ ៦,០០០ដុល្លារអាមេរិកក្នុងមួយខែ ហើយដោយឡែកផ្ទៃមួយចំនួនទៀត នៅក្នុងក្រុង Kyaikkhammi ក៏នឹងត្រូវជួលដោយក្រុមហ៊ុនខាងលើ ជាបន្តបន្ទាប់ផងដែរ។
គួរបញ្ជាក់ថា តាមការលើកឡើងរបស់អ្នកជំនាញ ការវិនិយោគរួមគ្នារវាងក្រុមហ៊ុន សិង្ហបុរី និង មីយ៉ាន់ម៉ា នេះនឹងធ្វើឲ្យការផលិតប្រេង និង ឧស្ម័នធម្មជាតិរបស់មីយ៉ាន់ម៉ា កាន់តែកើនឡើងលើសកាលពីឆ្នាំ ២០១៥ ថែមទៀត។ ការកសាងរោងចក្រ និងកន្លែងស្តុកប្រេង ក៏នឹងធ្វើឲ្យសកម្មភាពនៃការរុករក កាន់តែធំជាងមុខនេះផងដែរ៕