(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ក្រោមប្រធានបទ «មិនទាន់បញ្ចប់ទេ»។ ពិធីនេះ ធ្វើឡើងក្រោមអធិប​តីភាព លោក សុខា រ៉ាម អភិបាលរងខេត្ត និងមានការចូលរួមពីលោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគ, លោកវេជ្ជ ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មន្ត្រីពាក់ព័ន្ធចំនួន៦៥០។

ថ្លែងក្នុងឱកាសនោះ លោក សុខា រ៉ាម បានឲ្យដឹងថា យោងតាមស្ថិតិចុងក្រោយរបស់ UNAIDS មនុស្សជាង៣៨លាននាក់ កំពុងរស់នៅជាមួយមេរោគអេដស៍ និងជំងឺអេដស៍នៅទូទាំងពិភពលោក ហើយមនុស្សជាង៤០លាននាក់ បានស្លាប់ដោយសារជំងឺ ដែលទាក់ទងនឹងជំងឺអេដស៍ ចាប់តាំងពីការចាប់ផ្តើមការរីករាលដាលមេរោគអេដស៍។ ខណៈមនុស្សរាប់លាននាក់សព្វថ្ងៃនេះ កំពុងទទួលបានការព្យាបាលដោយថ្នាំប្រឆាំងមេរោគេអដស៍។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានប្រព្រឹត្ត ឬសង្ស័យបានប្រឈមនឹងការឆ្លងមេរោគអេដស៍, ត្រូវស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ ដោយរក្សាការសម្ងាត់នៅតាមសេវាសាធារណៈ សេវាអង្គការសង្គមស៊ីវិល សេវាឯកជន ដើម្បីអាចសម្រេចចិត្តទៅទទួលសេវាថែទាំ និងព្យាបាលបន្តបានទាន់ពេលវេលា។ ចំពោះស្ត្រីមានផ្ទៃពោះទាំងឡាយត្រូវស្វែងរកសេវាថែទាំ និងពិនិត្យផ្ទៃពោះ ឲ្យបានយ៉ាងតិច៤ដង និងទៀងទាត់ តាមការណែនាំរបស់បុគ្គលិកពេទ្យ ដើម្បីសុខភាពមាតា និងទារក ជាពិសេសអាចជួយទប់ស្កាត់ការចម្លងមេរោគអេដស៍ និងមេរោគស្វាយពីម្តាយទៅទារកផងដែរ។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ បានឲ្យដឹងថា ឆ្នាំនេះមូលនិធិថែទាំសុខភាពអេដស៍ (AHF) ប្រារព្ធទិវាពិភពលោក អេដស៍ឆ្នាំ ២០២២ ក្រោមប្រធានបទ «មិនទាន់បញ្ចប់ទេ» ដើម្បីរំលឹកដល់មេដឹកនាំពិភពលោក ស្ថាប័នសុខភាពសាធារណៈពិភពលោក និងសង្គមស៊ីវិល ថាការងារជាច្រើននៅតែមាន ប្រសិនបើយើងធ្វើ មួយថ្ងៃបញ្ចប់ការរីករាលដាលនៃជំងឺអេដស៍។ របាយការណ៍បង្ហាញថាពិភពលោកមានការព្រួយបារម្ភយ៉ាង ខ្លាំងក្នុងការកាត់បន្ថយការឆ្លងថ្មី និងអត្រាមរណៈ។

លោកបានអំពាវនាវឲ្យភាគីពាក់ព័ន្ធ និងអ្នកតស៊ូមតិក្នុងប្រទេសទាំងអស់ បង្កើនកិច្ចខិតខំប្រឹងប្រែងការពារ ការធ្វើតេស្ត និងការព្យាបាលមេរោគអេដស៍នៅទូទាំងពិភពលោក ដើម្បីពន្យឺតអត្រាឆ្លងមេរោគអេដស៍ថ្មីដែលកំពុងកើន ឡើងយ៉ាងឆាប់រហ័ស និងការពារសមិទ្ធផល ដ៏មានតម្លៃដែលបានធ្វើកន្លងមក។ យើងបានជោគជ័យ ជាយូរមកហើយក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ និងជំងឺអេដស៍ យើងត្រូវតែថែរក្សាសមិទ្ធផលពី ពេលនេះតទៅទៀត។

សូមបញ្ជាក់ថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ជាអង្គការប្រយុទ្ធនឹងជំងឺអេដស៍ធំ ជាងគេបំផុតនៅលើពិភពលោក។ បច្ចុប្បន្នអង្គការកំពុងផ្តល់ការព្យាបាល ថែទាំ និងសេវាកម្មដល់ មនុស្សជាង១.៤៧លាននាក់ នៅក្នុង៤៥ប្រទេសទូទាំងពិភពលោក ដូចជានៅសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន ការាបៀន តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុបខាងកើតជាដើម៕