(ស្វាយរៀង)៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានប្រារព្ធទិវាពិភពលោកអេដស៍ឆ្នាំ២០២២ ក្រោមប្រធានបទ «វាមិនទាន់បញ្ចប់ទេ» ដើម្បីរំលឹកដល់មេដឹកនាំពិភពលោក ស្ថាប័នសុខភាពសាធារណៈពិភពលោក និងសង្គមស៊ីវិលថា ការងារជាច្រើនទៀតនៅតែមាន ប្រសិនបើយើងចង់បញ្ចប់ការរីករាលដាលនៃជំងឺអេដស៍ នៅថ្ងៃណាមួយ។

ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ឆ្នាំ២០២២ បានធ្វើឡើងនៅវិទ្យាល័យស្វារៀង ខេត្តស្វាយរៀង ក្រោមអធិបតីភាពលោក សុខា រាម អភិបាលរងខេត្តស្វាយរៀង និងមានការចូលរួមពីលោក វេជ្ជបណ្ឌិត អ៊ុក វិជ្ជា ប្រធានអាជ្ញាធរជាតិប្រយុទ្ធនិងជំងឺអេដស៍ សើស្បែក និងកាមរោគ, លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី អង្គការ AHF, លោកបណ្ឌិត Yugang Bao នាយករងប្រចាំតំបន់អាស៊ី អង្គការ AHF លោក ខៀវ សំអុល ប្រធានមន្ទីរអប់រំយុវជន និងកីឡា លោកវេជ្ជបណ្ឌិត ថោង អ៊ំសុធា អនុប្រធានមន្ទីរសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង ប្រធានកម្មវិធីប្រចាំប្រទេសកម្ពុជា អង្គការ AHF រួមទាំងមានលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបជិត ៦០០នាក់។

លើកឡើងនាឱកាសនោះលោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ បានបញ្ជាក់ថា យើងរីករាយដែលបានឃើញភាពធន់នៃកម្មវិធីទប់ស្កាត់មេរោគអេដស៍ នៅទូទាំងពិភពលោកក្នុងអំឡុងពេល និងក្រោយជំងឺរាតត្បាតនេះ។ ទោះជាយ៉ាងណាក៏ដោយទិន្នន័យចុងក្រោយរបស់ UNAIDS បង្ហាញថា ការឆ្លើយតបនឹងមេរោគអេដស៍/ជំងឺអេដស៍ជាសកល ត្រូវការការពង្រឹងឡើងវិញ ដែលធ្វើឱ្យប្រធានបទ «មិនទាន់បញ្ចប់ទេ» របស់យើង កាន់តែពាក់ព័ន្ធសម្រាប់ទិវាជំងឺអេដស៍ពិភពលោកឆ្នាំនេះ។

លោកវេជ្ជបណ្ឌិត បានបន្ថែមថា យើងកំពុងអំពាវនាវឱ្យភាគីពាក់ព័ន្ធ និងអ្នកតស៊ូមតិក្នុងប្រទេសទាំងអស់ បង្កើនកិច្ចខិតខំប្រឹងប្រែងការពារ ការធ្វើតេស្ត និងការព្យាបាលមេរោគអេដស៍នៅទូទាំងពិភពលោក ដើម្បីកាត់បន្ថយអត្រាឆ្លងមេរោគអេដស៍ថ្មី ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស និងការពារផលប្រយោជន៍ដ៏មានតម្លៃ ដែលយើងបានធ្វើកន្លងមក។ យើងបានធ្វើដំណើរឆ្ងាយណាស់មកហើយក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ និងជំងឺអេដស៍។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ បានឱ្យដឹងដែរថា ក្នុងឱកាសនៃទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នេះ អង្គការ AHF ធ្វើឡើងនេះដើម្បីប្រាប់ពិភពលោកថា «យើងអាចធ្វើបាន!» ហើយយើងកំពុងប្រើប្រាស់ប្រធានបទ «មិនទាន់បញ្ចប់ទេ» របស់យើង ដើម្បីជំរុញក្រុមអ្នកតស៊ូមតិ និងអ្នកពាក់ព័ន្ធនៅទូទាំងអាស៊ី ឱ្យយកចិត្តទុកដាក់លើមេរោគអេដស៍/ជំងឺអេដស៍។ លោកបានអះអាងថា នៅក្នុងតំបន់មួយចំនួននៃទ្វីបអាស៊ី ជាពិសេសក្នុងតំបន់មានចំនួនប្រជាជនរស់នៅច្រើន ការឆ្លងមេរោគអេដស៍ថ្មីៗកំពុងកើនឡើង ដែលពួកគេធ្លាប់បានមើលឃើញកាធ្លាក់ចុះ កាលពីមួយទសវត្សរ៍កន្លងមកផងដែរ។

សូមបញ្ជាក់ដែរថា យោងតាមស្ថិតិថ្មីបំផុតរបស់ UNAIDS មនុស្សជាង ៣៨ លាននាក់កំពុងរស់នៅជាមួយមេរោគអេដស៍/ជំងឺអេដស៍ នៅទូទាំងពិភពលោក ហើយមនុស្សជាង ៤០ លាននាក់បានស្លាប់ ដោយសារជំងឺដែលទាក់ទងនឹងជំងឺអេដស៍ ចាប់តាំងពីការចាប់ផ្តើមនៃការរីករាលដាលនៃមេរោគអេដស៍។ ខណៈពេលដែលមនុស្សរាប់លាននាក់សព្វថ្ងៃនេះ កំពុងទទួលបានការព្យាបាលដោយថ្នាំប្រឆាំងមេរោគអេដស៍ មនុស្សរាប់លាននាក់ទៀតនៅតែត្រូវការវាយ៉ាងខ្លាំង៕