(ប៉េកាំង)៖ រដ្ឋាភិបាលចិន បានធ្វើការហាមឃាត់នូវការនាំចេញបច្ចេកវិទ្យា សម្ភារៈ និងវត្ថុធាតុដើមផ្សេងៗ ទាំងឡាយណា ដែលអាចផលិតជាអាវុធនុយក្លេអ៊ែរ ទៅកាន់ប្រទេសកូរ៉េខាងជើង ដែលនេះជាការបង្ហាញឲ្យឃើញថា ចិនមិនពេញចិត្តចំពោះកម្មវិធីនុយក្លេអ៊ែរបស់ក្រុងព្យ៉ុងយ៉ាង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Japan Times ចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា។
ក្រសួងពាណិជ្ជកម្មចិន បានចេញតារាងបញ្ជីឈ្មោះនៃសារធាតុ ដែលត្រូវហាមឃាត់ក្នុងការនាំចេញទៅកាន់កូរ៉េខាងជើង មានដូចជា មេដែក, ជាតិអាលុយមីញ៉ូមដែលមានកម្រិតប្រតិបត្តិកម្មខ្លាំង, ឧបករណ៍សម្រាប់ផ្សារឡាស៊ែរ, អាវុធគីមី និងសមាសភាគផ្សេងៗមួយចំនួនទៀត ដែលអាចយកទៅផលិតជាអាវុធនុយក្លេអ៊ែរ និងអាវុធយោធា។
គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលក្រុងប៉េកាំងគឺជាដៃគូជំនួញដ៏ធំ និងយូរអង្វែងរបស់កូរ៉េខាងជើង ប៉ុន្តែទំនាក់ទំនងដែលស្និទ្ធស្នាលរវាងប្រទេសទាំងពីរនេះ ត្រូវបានគេមើលឃើញថា បានឃ្លាតឆ្ងាយពីគ្នាបន្តិច ចាប់តាំងពីដើមឆ្នាំនេះ ដោយសារតែកូរ៉េខាងជើង បានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីលជាច្រើនដង រហូតដល់ UN បន្ថែមទណ្ឌកម្មយ៉ាងសន្ធឹក៕