(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ជូនចំពោះនាយឧត្តមសេនីយ៍ ជា តារា សាកលវិទ្យាធិការសាកលវិទ្យាល័យការពារជាតិ ក្នុងឱកាសនាយឧត្តមសេនីយ៍ ត្រូវបានព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី សព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។

នាយឧត្តមសេនីយ៍ ជា តារា ត្រូវបានគេដឹងថា ជាអ្នកដែលមានចំណេះជំនាញ លើវិស័យការពារជាតិដ៏ប៉ិនប្រសប់មួយរូប ដោយបានបញ្ចប់ការសិក្សា លើវិស័យការពារជាតិ នៅក្នុងប្រទេសបារាំង មិនតែប៉ុណ្ណោះនាយទាហាន ដែលពោរពេញទៅដោយយុទ្ធសាស្ដ្រ និងកលយុទ្ធលើសមរភូមិរូបនេះ បានចូលរួមចំណែកយ៉ាងច្រើនក្នុងបុព្វហេតុជាតិមាតុភូមិ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន មេបញ្ជាការផុតលេខផ្កាយមាស៥។

ជាពិសេសនៅក្នុងសង្គ្រាមទល់ដែនជាមួយប្រទេសថៃកាលពីឆ្នាំ២០០៨ នាយឧត្តមសេនីយ៍ ជា តារា គឺជាមេបញ្ជាការសមរភូមិមុខមួយរូប ដែលនៅប្រចាំការជាប់ជានិច្ច ក្នុងសមរភូមិក្ដៅទិសប្រាសាទព្រះវិហារ ដោយរង់ចាំគោរព និងអនុវត្តនូវបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការវាយកម្ចាត់សត្រូវ ការពារទឹកដី ការពារជាតិ និងប្រាង្គប្រាសាទខ្មែរ។

លើសពីនេះទៀត គេនៅចាំបានថា នៅក្នុងពេលមានជម្លោះនោះ នាយឧត្តមសេនីយ៍ ជា តារា ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចាត់តាំងឱ្យទៅចរចារជាមួយ លោក ប្រាយុទ្ធ ចាន់អូរចា ដែលកាលនោះ លោកជាមេទ័ពរបស់ថៃ និងលោក ប្រាវីត វង្សាវណ្ណ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារថៃ ដើម្បីឲ្យភាគីថៃដកទ័ពចំនួន១០នាក់ ចេញពីវត្តកែវសិក្ខាគីរីស្វារៈ ដែលពេលនោះហើយ កាន់តែស្ដែងយ៉ាងច្បាស់ ពីភាពប៉ិនប្រសព្វរបស់ លោក ជា តារា ដែលលោកនិយាយត្រឹមតែ៥នាទីប៉ុណ្ណោះ ភាគីថៃក៏បាន ទទួលយកសំណើរ ដោយដកទ័ពចេញពីទឹកដីប្រទេសកម្ពុជាភ្លាម។

ភាពអង់អាចក្លាហាន និងគំរូវីរភាពរបស់នាយឧត្តមសេនីយ៍ ជា តារា បានបន្សល់នៅការគោរពស្រលាញ់ និងនឹករលឹកពីសំណាក់មេទ័ព នាយទាហាន នាយទាហានរង និងពលទាហាន ដែលបានរូមសមរភូមិ ដើម្បីការពារជាតិមាតុភូមិ។ ឈរលើគុណបំណាច់ជាច្រើនក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជននេះ នាយឧត្តមសេនីយ៍ ជា តារា ទទួលបានសេចក្តីពេញចិត្ត ទុកចិត្ត ត្រូវបានសម្តេចតេជោ ហ៊ុន សែន ទូលថ្វាយព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានន្តរស័ក្តិជាបន្តបន្ទាប់។ 

មុននឹងព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនេះ នាយឧត្តមសេនីយ៍ ជា តារា ក៏ទទួលបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សាសម្តេចតេជោ ឋានៈស្មើទេសរដ្ឋមន្ត្រីផងដែរ។

នាយឧត្តមសេនីយ៍សង្គហបណ្ឌិត គន់ គីម ដែលជាមេកើយ របស់នាយឧត្តមសេនីយ៍ ជា តារា បានរំលឹកនូវអនុស្សាវរីយ៍ និងលើកបង្ហាញគំរូវីរភាពជាច្រើនរបស់នាយឧត្តមសេនីយ៍ ជា តារា ។

តាមរយៈអង្គភាពព័ត៌មាន Fresh News នាយឧត្តមសេនីយ៍សង្គហបណ្ឌិត គន់ គីម បានលើកឡើងថា នាយឧត្តមសេនីយ៍ ជា តារា គឺជាសេនាធិការដ៏ជំនាញ និងប៉ិនប្រសប់មួយរូប បានប្រគៀកស្មាជាមួយរូបលោក ដើម្បីដាក់ចេញនូវយុទ្ធវិធី និងកលយុទ្ធនានា ដើម្បីប្រយុទ្ធប្រដេញខ្មាំងសត្រូវចេញពីទឹកដីខ្មែរ កាលពីអំឡុងឆ្នាំ២០០៨។

នាយឧត្តមសេនីយ៍ គន់ គីម បានលើកឡើងទៀតថា ក្រៅពីការរួម ប្រយុទ្ធបណ្ដេញខ្មាំងសត្រូវហើយនោះ នាយឧត្ដមសេនីយ៍ ជា តារា ក៏បានរួមចំណែកជាច្រើន ក្នុងការងារកសាង និងអភិវឌ្ឍន៍តំបន់ព្រំដែន នៅតំបន់ប្រាសាទព្រះវិហារ និងខេត្តឧត្តរមានជ័យជាដើមនោះ។

នាយឧត្តមសេនីយ៍ គន់ គីម បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ ហ៊ុន សែន សម្រាប់ការទូលថ្វាយព្រះមហាក្សត្រ សម្រាប់ការតែងតាំងនាយឧត្តមសេនីយ៍ ជា តារា ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ លោកទេសរដ្ឋមន្ត្រី បានចាត់ទុកការតែងតាំងនេះ ជាការផ្ដល់នូវកិត្តិយសដ៏ឧត្តុងឧត្តមសម្រាប់ នាយឧត្តមសេនីយ៍ ជា តារា ដែលនាយទាហានមួយរូបបានលះបង់បញ្ញាញាណ កម្លាំងកាយចិត្តដ៏ស្មោះស្ម័គ្របំផុតចំពោះជាតិមាតុភូមិ។ ជាពិសេសមានភក្តីភាព និងតែងអនុវត្តន៍យ៉ាងម៉ឺងម៉ាត់បំផុតចំពោះបទបញ្ជាដាក់ចេញដោយសម្តេចតេជោនាយករដ្ឋមន្ត្រី។

លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានបង្ហាញពីមនោសញ្ចាតនាគោរពស្រលាញ់ចំពោះនាយឧត្តមសេនីយ៍ ជា តារា ជាពិសេសនឹករលឹកនូវស្នាមអនុស្សាវរីយ៍ផ្អែមល្វីង ប្រៃ ជូរ ចត់ និងការតស៊ូជាច្រើននៅលើសមរភូមិរួមគ្នា។ លោកទេសរដ្ឋមន្ត្រី គន់ គីម បានជូនពរនាយឧត្តមសេនីយ៍ ជា តារា ឱ្យទទួលបានជោគជ័យ ជាមួយតួនាទី និងភារកិច្ចថ្មី។ ជាពិសេសសម្រេចបានសមិទ្ធផលថ្មីៗលើតួនាទីភារកិច្ចរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីជាប្រយោជន៍សម្រាប់ជាតិ និងប្រជាជន ក្រោមការដឹកនាំប្រកបដោយអគ្គមគ្គុទ្ទេសក៍របស់បុរសខ្លាំងសម្តេចតេជោ ហ៊ុន សែន៕