(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ក្រសួងមហាផ្ទៃ បានបើកការស្រាវជ្រាវតាមជំនាញរបស់ខ្លួន រហូតតាមចាប់ជនជាតិកុងហ្គោរ៣នាក់ ពីបទប្រើប្រាស់ឯកសារក្លែង-លិខិតឆ្លងដែនក្លែងក្លាយ ដើម្បីបើកគណនីធនាគារ នៅប្រទេសកម្ពុជា។
លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែន បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦នេះថា ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានចាប់ខ្លូន កាលពីម្សិលមិញនេះ គឺពួកគេបានឆ្លងដែនមកកាន់ប្រទេសកម្ពុជា ដោយប្រើឯកសារក្លែង និងប្រើលិខិតឆ្លងដែនក្លែងក្លាយ ដើម្បីធ្វើការបើកគណនី នៅធនាគារ ក្នុងប្រទេសកម្ពុជា ប៉ុន្តែពួកគេត្រូវបានកម្លាំងនគរបាលរបស់លោក ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ ឆាយ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានបើកប្រតិបត្តិការ តាមចាប់ទាល់តែបាន។
លោកឧត្តមសេនីយ៍បានបញ្ជាក់ទៀតថា ជនជាតិកុងហ្គោរទាំង ៣នាក់ដែលត្រូវចាប់ខ្លួនរួមមាន:
១.ឈ្មោះ Emmanuel Ngoma Ngoma coco
២.ឈ្មោះ Junior Bin Mungomba និង
៣.ឈ្មោះ Mesiya Tedike Junior។
ក្រោយការសួរនាំជនជាតិបរទេសទាំង៣នាក់ បានសារភាពថា ពួកគេ បានទទួលលិខិតឆ្លងដែនក្លែងពីបក្ខពួក២ នាក់ទៀត (ម្នាក់ជា ជនជាតិប៊ែលហ្សិក និងម្នាក់ទៀតជនជាតិបារាំង)។
ពួកគេបាននិយាយទៀតថា ពួកគេទទួលលិខិតឆ្លងដែន ដើម្បីបើកគណនីធនាគារ ដើម្បីទទួលការផ្ទេរប្រាក់ពីក្រៅ។
លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានបញ្ជាក់ថា ជនសង្ស័យ Emmanuel Ngoma Ngo ma coco បានបើកនៅធនាគារស្ថាបនា ៣គណនី ប្រើលិខិតឆ្លង ដែន៣សញ្ជាតិ (បារាំង ឈីលី និង ប៉រទុយហ្គាល់)។
២.Junior Bin Mungomba បានបើក២គណនី នៅធនាគារស្ថាបនាប្រើលិខិតឆ្លងដែនបារាំង និងប៊ែលហ្សិក។
៣.Mesiya Tedike Junior(នៅរឹងរួស អះអាងថាទើបមកកម្ពុជា ពីប្រទេសថៃ)។
តែយ៉ាងណាក៏ដោយ ជនសង្ស័យទាំងនេះ កំពុងបន្តសួរនាំ នៅនាយកដ្ឋាន ដើម្បីកសាងសំណុំរឿង ទៅតុលាការចាត់ការតាមនីតិវិធី៕