(ភ្នំពេញ)៖ នៅរសៀលថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញឈុតសម្តែងថ្មីមួយទៀត នៅក្នុងភាពយន្តកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី។ ឈុតសម្តែងដែលសម្តេចតេជោ បានបង្ហាញនេះ គឺនៅត្រង់វគ្គមេបញ្ជាការ «សំរេច» បានស្គាល់មុខអ្នកគ្រូពេទ្យរ៉ានី ជាលើកដំបូង។
មេបញ្ជាការ «សំរេច» និងអ្នកគ្រូពេទ្យរ៉ានី ត្រូវបានគេចំអន់ និងផ្គូផ្គង់ជាគូស្នេហ៍ទាំងមិនដែលបានជួបគ្នា។ ដើម្បីជម្រះមន្ទិល និងការពារកិត្តិយសអ្នកគ្រូពេទ្យរ៉ានីផងនោះ ទើបមេបញ្ជាការ «សំរេច» ស្នើឱ្យមានការជួបគ្នា ដើម្បីដោះស្រាយលើការយល់ច្រឡំមួយនេះ។
ការជួបនេះមិនបានដោះស្រាយបញ្ហាយល់ច្រឡំនេះ តែបែរជាធ្វើឱ្យមេបញ្ជាការស្រស់សង្ហា បាក់ចិត្តលង់ស្នេហ៍ជំពាក់បេះដូងស្រាយមិនរួចពីអ្នគ្រូពេទ្យដ៏ស្រស់សភា។ ដោយអំណាចស្នេហ៍ដ៏ជ្រាលជ្រៅចំពោះអ្នកគ្រូពេទ្យក្រមុំ ហើយមិនចង់ចាកចេញទៅនោះ លោកមេបញ្ជាការ «សំរេច» ក៏បានរកល្បិចធ្វើឱ្យម៉ូតូមិនឆេះ ហើយបង្អាក់ដំណើរបានស្នាក់នៅមួយយប់នៅកន្លែងអ្នកគ្រូពេទ្យរ៉ានី បំពេញការងារ។
ឥទ្ធិពលស្នេហ៍បានធ្វើឱ្យលោកមេបញ្ជាការ «សំរេច» ចាកចេញពីកន្លែងអ្នកគ្រូពេទ្យរ៉ានី បំពេញការងារទាំងមិនអស់អាល័យ។
ជាមួយការបង្ហាញឈុតសម្តែងនេះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា ជាឈុតដែលឃើញភ្លាមស្រឡាញ់ភ្លាម និងចេះកុហក់ព្រោះស្រឡាញ់។ សម្តេចតេជោ បានគូសរំលេចទៀតថា សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាគូរព្រេងមិនព្រាត់។
សូមបញ្ជាក់ថា ឈុតសម្តែងនៅក្នុងភាពយន្តកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ចំនួន៦ឃ្លីបហើយត្រូវបានសម្តេចតេជោ បង្ហាញជាសាធារណៈ។ ឈុតសម្តែងដែលសម្តេចតេជោទម្លាយ ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសាធារណជន។
ភាពយន្តភាគរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ជាភាពយន្តទាក់ទិនទៅនិងដំណើរជីវិតពិតរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងសម័យសង្គ្រាម លន់ នល់ រដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ការរត់ចូលព្រៃម៉ាកគី សម័យកាលនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ការឆ្លងដែនចូលទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកកម្លាំងអ្នកស្នេហាជាតិ មករំដោះប្រទេសចេញ ពីរបបប៉ុលពត ការជួបជុំភរិយាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩។ ជាពិសេសទាក់ទិនទៅនិងជីវិតពិតរបស់សម្តេចផ្ទាល់ ចាកចេញពីមាតាបិតាបងប្អូនបង្កើតរបស់សម្តេចពីភូមិកំណើត មកស្វែងរកការសិក្សារៀនសូត្រ នៅរាជធានីភ្នំពេញ ការស្នាក់នៅអាស្រ័យជាមួយព្រះសង្ឃក្នុងវត្តនាគវ័ន្ត។
ភាពយន្តមានប្រមាណ ៥២ភាគ។ ក្រុមការងារផលិតភាពយន្តនេះ បានជ្រើសរើសតួសំដែងសំខាន់ៗចំនួន ១០៣នាក់ តួប្រជាជនយ៉ាងតិច ៥០០នាក់ ព្រមទាំងកងកម្លាំង ៥០០នាក់ផ្សេងទៀត ដើម្បីចូលរួមសំដែងក្នុងឈុតឆាកធំៗ។ ភាពយន្តនេះគ្រោងប្រើពេលថតប្រមាណ ១២ខែកន្លះយ៉ាងតិច ហើយការកាត់តដំឡើងរូបភាព និងត្រូវបញ្ចប់មុនពាក់កណ្តាលឆ្នាំ២០២៣ខាងមុខ។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ភាពយន្តដែលទាក់ទងទៅនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាតិនេះ គ្រោងចំណាយថវិកាសម្រាប់ផលិតប្រមាណជា ៦លានដុល្លារអាមេរិក។ បច្ចុប្បន្នថតបានប្រមាណជា ៣០ភាគរយហើយ។ ថវិកាដែលចំណាយថតភាពយន្តនេះ មិនមែនជាថវិកាជាតិនោះឡើយ៕