(បន្ទាយមានជ័យ)៖ នគរបាលការពារព្រំដែនគោកប៉ុស្តិ៍ក្បាលទំនប់ នៃវរៈសេនាតូចលេខ៨១៥ សហការជាមួយកម្លាំងយោធាផ្នែកសឹករងម៉ាឡៃ បានជួបពិភាក្សាទ្វេភាគីជាមួយទាហាន (ព្រាន) ឈុតខ្មៅថៃ អនុសេនាធំលេខ (១៣.០១) ដែលឈរជើងទល់មុខភូមិសាស្ត្រប៉ុស្តិ៍ក្បាល សំដៅពង្រឹងកិច្ចសហប្រតិបត្តិការ ទប់ស្កាត់បទល្មើសខុសច្បាប់គ្រប់ប្រភេទ នៅតាមបន្ទាត់ព្រំដែន។

ជំនួបនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ធ្វើឡើងដោយអនុវត្តតាមការចង្អុលបង្ហាញណែនាំ និងការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងអនុវត្តតាមបទបញ្ជាផ្ទាល់ ពីលោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥។

ក្នុងនោះ កម្លាំងនគរបាលការពារព្រំដែនគោលប៉ុស្ដិ៍ក្បាលទំបន់ ដឹកនាំដោយលោកវរសេនីយ៍ត្រី រឿម ប៊ុនរិទ្ធ, កម្លាំងយោធាផ្នែកសឹករងម៉ាឡៃដឹកដោយ លោកវរសេនីយ៍ត្រី ជា រិទ្ធ មេបញ្ជាការកងអនុសេនាធំទី១ ខណៈទាហានឈុតខ្មៅថៃ អនុសេនាធំលេខ (១៣.០១) លោកអនុសេនីយ៍ទោ ណាត់ថាក់ផាត់ ផាត់ប្រាគុដភុន។

ជំនួបនេះធ្វើឡើងនៅចំណុច (IN1960) ០២២៧៨៩៨-១៥០១៥២០ មាត់អូរព្រំដែនទឹកដីថៃ ស្ថិតក្នុងភូមិឃុតហុីន ឃុំខ្លងណាំសៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ទល់មុខភូមិបន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ការជួបពិភាក្សាគ្នានេះ ក្នុងគោលបំណង ដើម្បីរឹតចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងរួមគ្នាទប់ស្កាត់រាល់បទល្មើសលួចឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ និងជួយសម្របសម្រួលដោយមានការយោគយល់ពីប្រជាពលរដ្ឋទាំងពីរប្រទេសដែលចេញចូល និងទៅធ្វើការទៅព្រឹកមកល្ងាច៕