(កំពង់ធំ)៖ ក្រោមការសម្របសម្រួល និងណែនាំរបស់លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក សុក ហៃ អភិបាលរងខេត្ត បានបន្ដដឹកនាំកិច្ចប្រជុំដោះស្រាយវិវាទរវាងប្រជាពលរដ្ឋ ប្រើប្រាស់ទឹកប្រឡាយអូរវ៉ាយ និងក្រុមហ៊ុន «កំពង់ធំ អ៉ិនវេសមិន ឌីវើឡុបមិនគ្រុប»។

ជាលទ្ធផលប្រជាពលរដ្ឋ អ្នកប្រើប្រាស់ទឹកប្រឡាយអូវ៉ាយ បានសម្រេចផ្តល់សិទ្ធិដល់លោក ជុំ វាសនា ជាសេវាករផ្គត់ផ្គង់ទឹកជូន ប្រជាពលរដ្ឋដោយសារក្រុមហ៊ុន «កំពង់ធំ អ៉ិនវេសមិន ឌីវើឡុបមិនគ្រុប» របស់លោក គិត សៀប ត្រូវបានប្រជាពលរដ្ឋបដិសេធមិនទទួលយក ក្រោយពីការចរចារតម្លៃបូមទឹកមិនត្រូវគ្នា និងផ្តល់ទឹកមិនគ្រប់គ្រាន់ធ្វើឲ្យស្រូវរបស់ប្រជាពលរដ្ឋមួយចំនួនត្រូវបានខូចខាត។

កន្លងទៅមានការកំណត់លក្ខខណ្ឌថា «ប្រសិនបើកសិករ មានដៃគូរផ្គត់ផ្គង់ទឹកថ្មី ក្រុមហ៊ុនឯកភាព ព្រមប្រគល់អូរធម្មជាតិ និងប្រឡាយពលរដ្ឋ តែសុំឲ្យប្រជាកសិករដែលជំពាក់ថ្លៃទឹកសងប្រាក់ ឲ្យបានគ្រប់ចំនួន និងជួយទិញសម្ភារៈតាមតម្លៃកិច្ចព្រមព្រៀង»។ យោងតាមលក្ខខណ្ឌនេះ លោក ជុំ វាសនា មានលទ្ធភាពទទួលយកសម្ភារ និងគោលការណ៍ ធ្វើឲ្យប្រជាពលរដ្ឋព្រមព្រៀងទទួលយក លោក ជុំ វាសនា ជាសេវាករផ្គត់ផ្គង់ទឹកប្រឡាយអូរវ៉ាយ។

លោក សុក ហៃ បានលើកឡើងថា ការដោះស្រាយនេះឈរលើគោលការណ៍ច្បាប់ និងមតិរបស់ប្រជាពលរដ្ឋកន្លងមក បញ្ហាប្រឡាយទឹកនេះប្រជាពលរដ្ឋមានការត្អូញត្អែអំពីការប្រើប្រាស់ទឹកសម្រាប់បង្កបង្កើនផលស្រូវប្រាំង និងស្រូវបណ្តេញទឹក នៅលើផ្ទៃដីប្រមាណជិត២,០០០ហិកតា ហើយការប្រើប្រាស់ប្រឡាយទឹកនេះមានប្រជាពលរដ្ឋមកពីឃុំសង្កាត់ ចំនួនប្រាំបី គឺសង្កាត់អូរកន្ធរ សង្កាត់ស្រយ៉ូវ សង្កាត់កំពង់រទេះ សង្កាត់ដំរីជាន់ខ្លា ឃុំក្តីដូង ឃុំព្រៃគុយ ឃុំត្រពាងឬស្សី និងឃុំកំពង់ស្វាយ សរុបចំនួនជាង២០០គ្រួសារ។

ក្នុងការអនុវត្តកិច្ចការងារជូនប្រជាពលរដ្ឋនេះ លោក ជុំ វាសនា ត្រូវបានអនុញ្ញាតឲ្យផ្គត់ផ្គង់ដល់កសិករ ឲ្យបានគ្រប់គ្រាន់ដល់កសិករក្នុងតម្លៃ១០៥ដុល្លារ ក្នុងមួយហិកតា។ លោកបញ្ជាក់ថា កិច្ចព្រមព្រៀងរបស់ លោក ជុំ វាសនា និងលោក គិត សៀប ត្រូវអនុវត្តន៍តួនាទី និងភាកិច្ចរបស់ខ្លួន រួមមាន៖

*ទី១៖ លោក ជុំ វាសនា ទទួលយកសម្ភាររបស់លោក គិត សៀប ដែលមានតម្លៃសរុប ១០៥,០០០ដុល្លារ ដែលត្រូវទូទាត់ប្រាក់ជាពីរកំណាក់កាល៖ ទី១៖ នៅថ្ងៃចុះកិច្ចព្រមព្រៀង ចំនួន៣០,០០០ដុល្លារ។ ទី២៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ត្រូវប្រគល់ជូន ៧៥,០០០ដុល្លារ ដើម្បីបង្គ្រប់ថ្លៃខាងលើ។ ករណីដល់ថ្ងៃកំណត់នោះ លោក ជុំ វាសនា មិនប្រគល់ប្រាក់ជូនលោក គិត សៀប ទេទឹកប្រាក់ប្រគល់ដំណាក់កាលទី១ ត្រូវបានប្រយោជន៍លោក គិត សៀប ហើយកិច្ចព្រមព្រៀងទុកជាមោឃៈ សម្ភារដែលលោក ជុំ វាសនា តំឡើងផ្គត់ផ្គង់ទឹកក៏បានប្រយោជន៍លោក គិត សៀប ដែរ។

*ទី២៖ នៅថ្ងៃប្រគល់ទី១ លោក ជុំ វាសនា មានសិទ្ធិគ្រប់គ្រាន់ ក្នុងការគ្រប់គ្រង និងផ្គត់ផ្គង់ទឹកប្រឡាយអូរវ៉ាយ ជូនប្រជាពលរដ្ឋអាស្រ័យផល ដោយគ្មានការំខានណាមួយពីលោក គិត សៀប។

*ទី៣៖ អាជ្ញាធរសង្កាត់ ក្រុងស្ទឹងសែន លោក ជុំ វាសនា និងលោក គិត សៀប ត្រូវតែរួមគ្នាដោះស្រាយ បំណុលដែលប្រជាពលរដ្ឋចំនួន៧៧គ្រួសារ ជំពាក់បំណុលលោក គិត សៀប កន្លងមក។ ដោយក្នុងនោះលោក គិត សៀប ត្រូវចូលរួម ឬចាត់តំណាង រាល់ការដោះស្រាយរបស់អាជ្ញាធរ៕