(កំពត)៖ លោកស្រីវេជ្ជបណ្ឌិត យូ សុគន្ធ អភិបាលរងខេត្ត បានស្នើដល់ប្រជាពលរដ្ឋ ឱ្យចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមផ្អែម ខណៈមន្ទីរជំនាញពាក់ព័ន្ធ ព្រួយបារម្ភអំពីកំណើននៃអ្នកកើតជំងឺទឹកនោមផ្អែម។

ការស្នើបែបនេះរបស់លោកស្រីវេជ្ជបណ្ឌិត យូ សុគន្ធ បានធ្វើឡើងក្នុងឱកាសអញ្ជើញជាតំណាងលោកអភិបាលខេត្តកំពត ម៉ៅ ធនិន ចូលរួមជាអធិបតីក្នុងពិធីអបអរទិវាទឹកនោមផ្អែមពិភពលោក ដែលបានប្រព្រឹត្តធ្វើឡើងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅបវិវេណរមណីយដ្ឋានស្រះឈូក ក្នុងសង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត ដោយចូលរួមពីសំណាក់ លោក វេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពត ព្រមទាំងមន្ត្រី កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរ និងអ្នកពាក់ព័ន្ធ ជាច្រើននាក់ផងដែរ។

លោកស្រីវេជ្ជបណ្ឌិត យូ សុគន្ធ បានបន្តថា ជំងឺទឹកនោមផ្អែមបណ្តាលមកពីការបរិភោកអាហារមិនមានសុខភាព និងកង្វះការហាត់ប្រាណ ផលវិបាកនៃជំងឺនេះ គឺធ្វើឲ្យខូចបេះដូង ខូចភ្នែក ខូចតម្រង់នោម ដំបៅជើង រហូតអាចបណ្តាលឲ្យកាត់ជើង។ ការព្យាបាលជំងឺទឹកនោមផ្អែមត្រូវធ្វើឡើងមួយជីវិត មិនមានថ្នាំព្យាបាលឲ្យជាដាច់ទេ។ ប៉ុន្តែជំងឺនេះអាចការពារបាន តាមរយៈការបរិភោគអាហារមានសុខភាព និងហាត់ប្រាណឲ្យបានត្រឹមត្រូវ និងទៀតទាត់។

លោកស្រីអភិបាលរកខេត្ត បានបញ្ជាក់ទៀតថា តាមការប៉ាន់ស្មាន ខេត្តកំពត មានអ្នកជំងឹទឹកនោមផ្អែមប្រាមាណ ៦ម៉ឹន ៧ពាន់នាក់ នៅឆ្នាំ២០២២នេះ ហើយសម្រាប់រយៈពេល ៩ខែ ឆ្នាំ២០២២នេះ ការពិនិត្យ និងព្យាបាលជំងឺទឹកនោមផ្អែម នៅតាមមណ្ឌសុខភាព និងមន្ទីពេទ្យបង្អែកខេត្តកំពត មានចំនួន ២៨០០ករណី។ តាមការណែនាំរបស់ក្រសួងនៅដើមឆ្នាំ២០២៣ សេវាពិនិត្យ និងព្យាបាលជំងឺទឹកនោមផ្អែម នឹងត្រូវពង្រីកដល់មណ្ឌលសុខភាព និងមន្ទីរពេទ្យទូទាំងប្រទេស ដើម្បីឆ្លើយតប ការគ្របដណ្តប់សេវាជាសាកល ក៏ដូចជាឆ្លើយតប ការកើនឡើង គួរឲ្យព្រួយបារម្ភ នៃអ្នកកើតជំងឺទឹកនោមផ្អែម។

ក្នុងឱកាសនោះដែរ លោកវេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពត បានលើកបញ្ជាក់ថា ជំងឺទឹកនោមផ្អែមបានក្លាយជាបញ្ហាសុខភាពសាកល តាមរបាយការណ៍ នៅឆ្នាំ២០១៧ ពិភពលោក មានអ្នកជំងឺទឹកនោមផ្អែមចំនួន ៤២៥លាននាក់ ហើយអ្នកជំនាញព្យាករណ៍ថា នៅឆ្នាំ២០៣០ អាចនឹងកើនដល់៩៤២លាន់នាក់។

លោកវេជ្ជបណ្ឌិត ញា ប៊ុនថន បន្តថា ពិធីអបអរទិវាទឹកនោមផ្អែមពិភពលោកដែលបានធ្វើឡើង នាថ្ងៃនេះ ទើបធ្វើឡើងជាលើកទី១ ដើម្បីលើកកម្ពស់ការយល់ដឹង អំពីផលប៉ះពាល់ ដែលបង្កឡើងដោយជំងឺទឹកនោមផ្អែម មកលើក្រុមគ្រួសារ លើកកម្ពស់ការអប់រំ ការការពារ និងការគ្រប់គ្រងជំងឺទឹកនោមផ្អែម និងជំរុញចលនា ពិភពលោករួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមផ្អែម ដែលជាបញ្ហាសុខភាពសាកល ដ៏សំខាន់មួយ។

លោកប្រធានមន្ទីរសុខាភិបាលខេត្ត បានបញ្ជាក់ថា តាមរបាយការណ៍ កំណើននៃអ្នកកើជំងឺទឹកនោមផ្អែមមានការកើនឡើងគួរឲ្យព្រួយបារម្ភ ហើយរៀងរាល់៨វិនាទី មានអ្នកជំងឺទឹកនោមផ្អែម ស្លាប់១ម្នាក់៕