(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសរំលេចថា ការសម្រេចចិត្តរបស់កម្ពុជាប្រឆាំងនឹងរុស្ស៉ី លើសង្គ្រាមឈ្លានពានអ៊ុយក្រែន គឺជាចំណែកដ៏សំខាន់មួយនាំឱ្យកម្ពុជាទទួលបានជោគជ័យយ៉ាងខ្លាំងក្លាក្នុងនាមជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងជំនួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងរាជធានីភ្នំពេញ ជាង ៣ពាន់នាក់ នៅវិមាន៧មករា នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

សង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន គឺជាបញ្ហាមួយដ៏ក្តៅសម្រាប់ពិភពលោក។ បញ្ហានេះ បានធ្វើឱ្យអង្គការសហប្រជាជាតិ ធ្វើការបោះឆ្នោតមួយក្នុងចំណោមសមាជិក អង្គការសហប្រជាជាតិ ដោយចាត់ទុកសង្គ្រាមនេះ គឺជាការឈ្លានពានរបស់រុស្ស៉ី ទៅលើអ៊ុយក្រែន។ ការបោះឆ្នោតនេះ មានប្រទេសជាច្រើន បានគាំទ្រ តែក៏មានប្រទេសមួយចំនួនតូច រួមទាំងប្រទេសសមាជិកអាស៊ានផងដែរ បានជ្រើសយកមិនគាំទ្រ និងឈរនៅកណ្តាល (អនុប្បវាទ)។

កម្ពុជា គឺជាមិត្តដ៏ស្និទ្ធស្នាលមួយរបស់អតីតសហភាពសូវៀត ក៏ដូចជាប្រទេសរុស្ស៉ី នាពេលបច្ចុប្បន្ន។ មានការសន្និដ្ឋានច្រើនពីការសម្រេចរបស់ចិត្ត របស់កម្ពុជាលើរឿងនេះ អាចនឹងគាំទ្ររុស្ស៉ី ឬជ្រើសយកអនុប្បវាទ ដូចបណ្តាប្រទេសមួយចំនួនដែលជាសមាជិកអាស៊ានដែរ។

ប៉ុន្តែជារឿងមួយដ៏ភ្ញាក់ផ្អើលពេលគេបានឮការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជំហរឥតអល់ឯកគាំទ្រអង្គការសហប្រជាជាតិ ដោយចាត់ទុកសង្គ្រាមនេះ គឺជាការឈ្លានពានរបស់រុស្ស៉ី ទៅលើប្រទេសអ៊ុយក្រែន។

នៅក្នុងជំនួបសំណេះសំណាលជាមួយសមាជិករបស់គណបក្សប្រជាជនកម្ពុជានាព្រឹកមិញ សម្តេចតេជោ ហ៊ុន សែន បានហៅការសម្រេចចិត្តនេះ គឺជាធាតុដ៏សំខាន់នាំឱ្យកម្ពុជាទទួលបានជោគជ័យក្នុងនាមជាប្រធានអាស៊ានប្តូរវេននៅឆ្នាំនេះ។

ប្រសាសន៍សម្តេចតេជោ ត្រូវបានដកស្រង់មកផ្សាយលើទំព័រហ្វេសប៊ុក របស់សម្តេចយ៉ាងដូច្នេះ «ការអនុវត្តការទូតឯករាជ្យផ្អែកដោយច្បាប់ ពាក់ព័ន្ធនឹងការបោះឆ្នោតនៅអង្គការសហប្រជាជាតិលើបញ្ហា រុស្ស៉ី-អ៊ុយក្រែន និងភាពជោគជ័យយ៉ាងត្រចះត្រចង់ក្នុងនាមជាម្ចាស់ផ្ទះ នៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន២០២២ នៅកម្ពុជា»

សូមបញ្ជាក់ថា កម្ពុជា ត្រូវបានមើលឃើញថា ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់លើការងារជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ។ ជាពិសេសព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ានកាលពីថ្ងៃទី១០ ដល់ ១៣ ខែវិច្ឆិកា គេបានឃើញថា មានមេដឹកនាំប្រទេសដៃគូសន្ទនាជាច្រើន រួមទាំងប្រទេសមហាអំណាចធំៗលើពិភពលោកផងបានចូលរួម។

កម្ពុជា បានក្លាយទៅជាអ្នកដឹកនាំ ផ្តល់ទីតាំង ផ្តល់នូវគំនិតផ្តួចផ្តើមជាច្រើន ដើម្បីដោះស្រាយបញ្ហាដ៏ស្មុគស្មាញមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់អាស៊ាន។ កិច្ចប្រជុំដ៏ច្រើននៅកម្ពុជា មានបានជួបការរាំងស្ទះណាមួយនោះឡើយ ប្រទេសជាមិត្តសុទ្ធតែផ្តល់តម្លៃដល់កម្ពុជា។ ភាពជោគជ័យនោះ បានលើកតម្កើងកិត្តិយស និងមុខមាត់កម្ពុជាយ៉ាងធំធេង៕