(បាត់ដំបង)៖ អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា បានថ្លែងឲ្យដឹងថា នគរបាលនឹងចាប់ផ្ដើមបើកយុទ្ធនាការចុះធ្វើអត្តសញ្ញាណប័ណ្ណ សញ្ជាតិគំរូថ្មីជូនប្រជាពលរដ្ឋ នៅតាមភូមិ មូលដ្ឋានរបស់ប្រជាពលរដ្ឋផ្ទាល់ ។
នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តផែនការយុទ្ធនាការ ផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ជូនប្រជាពលរដ្ឋ នៅខេត្តបាត់ដំបង នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា បានថ្លែង ទៅកាន់មន្រ្តីនគរបាល និងអាជ្ញាធរមូលដ្ឋានដែលពាក់ព័ន្ធ ថា ដើម្បីមានភាពងាយស្រួលដល់ប្រជាពលរដ្ឋ សមត្ថកិច្ចត្រូវចុះធ្វើអត្តសញ្ញណប័ណ្ណ ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ។
នាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា បានបន្តថា «ដោយមើលឃើញពីភាពលំបាកក្នុងការធ្វើអត្តសញ្ញាណប័ណ្ណ នាពេលកន្លងមករបស់ប្រជាពលរដ្ឋ ដោយសារនៅតាមភូមិខ្លះ មានចំណាកស្រុកច្រើន ខ្លះនៅតំបន់ដាច់ស្រយាល ខ្លះពិបាកក្នុងការធ្វើដំណើរ ជាដើម។ ដូចនេះយើងបានតម្រូវឲ្យអាជ្ញាធរមូលដ្ឋានជាពិសេសមន្រ្តីនគរបាល ដែលជាមន្រ្តីជំនាញ ត្រូវបើកយុទ្ធនាការចុះធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ នៅតាមភូមិ ដើម្បីផ្ដល់ភាពងាយស្រួល និងចំណេញពេលវេលាដល់ប្រជាពលរដ្ឋ»។
នាឱកាសនោះដែរនាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា ក៏បានសំណូមពរ និងអំពាវនាវដល់ប្រជាពលរដ្ឋ ជួយសហការចូលរួមក្នុងការធ្វើអត្តសញ្ញាណប័ណ្ណ ព្រោះថាអត្តសញ្ញាណប័ណ្ណ គឺជាប័ណ្ណសម្រាប់សម្គាល់អត្តសញ្ញាណ របស់ប្រជាពលរដ្ឋម្នាក់ៗ ជាពិសេសការប្រកបការងារប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ។
តាមរបាយការណ៍របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ទិន្នន័យដែលអគ្គនាយកដ្ឋាន ប្រមូលបានជិត៩លាននាក់ ហើយអត្តសញ្ញាណប័ណ្ណដែលបានបោះពុម្ពរួចរាល់ បានជិត៨លាន៦សែននាក់ ចំពោះអត្តសញ្ញាណប័ណ្ណដែលនៅសល់ គឺដោយសារបញ្ហាបច្ចេកទេស សូមបញ្ជាក់ផងដែរថា តាមផែនការ និងទិន្នន័យដែលទទួលបានគឺប្រជាពលរដ្ឋ ប្រមាណ១០លាននាក់ ដែលត្រូវធ្វើអត្តសញ្ញាណប័ណ្ណ ដូច្នេះហើយ បានជាសមត្ថកិច្ចនឹងបើកយុទ្ធនាការចុះធ្វើជូនប្រជាពលរដ្ឋ នៅតាមភូមិបន្ថែមទៀត៕