(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍បិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានឃាត់ខ្លួនក្រុមចោរប្លន់ចំនួន៣នាក់ ក្នុងចំណោមបក្ខពួក៤នាក់ បន្ទាប់ពីធ្វើសកម្មភាពប៉ុនប៉ងប្លន់ទៅលេីជនជាតិចិន តែមិនបានសម្រេច នៅចំំណុចអូរត្រាវ ស្រុកព្រះសីហនុ។

បើយោងតាមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលបណ្តាព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦​ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា៖ «កម្លាំងប៉ុស្តិ៍បិតត្រាំង បានទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានជនសង្ស័យចំនួន ២នាក់ ជិះម៉ូតូ០១គ្រឿង ម៉ាកហុងដា ពណ៌ខ្មៅ អត់ស្លាកលេខ ធ្វើសកម្មភាពប៉ុនប៉ងប្លន់ទៅលេីជនជាតិចិននៅចំំណុចអូរត្រាវ មិនបានសម្រេច ខណៈពេលនោះមានប្រជាពលរដ្ឋមកទាន់ជនសង្ស័យបានរត់គេចខ្លួន នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២»

របាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា បន្ទាប់មកប្រជាពលរដ្ឋបានជិះរថយន្តតាមក្រុមជនសង្ស័យដល់ចំណុចតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ក៏ត្រូវជនសង្យ័យឃេីញដកកាំបិតបុ័ងតោគប់សំដៅមកលេីរថយន្តប្រជាពលរដ្ឋ ហេីយនាំគ្នាជិះម៉ូតូគេចខ្លួនមកដល់ចំណុចចំការខ្នុរ ភូមិចំណោតរាម។

បន្ទាប់ពីទទួលព័ត៌មានកម្លាំងប៉ុស្តិ៍បានចុះដល់ចំការខ្នុរ ស្វែងរក និងឃាត់ខ្លួនមនុស្សចំនួន៣នាក់ (ម៉ូតូ០២គ្រឿង បែកគ្រាប់សោរទាំង០២)។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានរួមមាន៖

*ទី១៖ ឈ្មោះ នូវ សំណាង ភេទប្រុស អាយុ៣៧ឆ្នាំ ស្រុកកំណើតភូមិព្រែកនរិន ឃុំព្រែកនរិន ស្រុកឯកភ្នំ ខេត្តបាត់ដំបង
ស្នាក់នៅ សង្កាត់០១ ក្រោយក្បាលឆាយ។

*ទី២៖ ឈ្មោះ អុឹម ថៃ ភេទប្រុស អាយុ១៥ឆ្នាំ ទីលំនៅសង្កាត់០១ ក្រុងព្រះសីហនុ។

និងទី៣៖ ឈ្មោះ អិត ថៃ ភេទប្រុស អាយុ១៤ឆ្នាំ ទីលំនៅភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងបក្ខពួកម្នាក់ទៀត ឈ្មោះ គីម បានបើករត់គេច រួចផ្តួលម៉ូតូចោលរត់គេចខ្លួនចូលព្រៃបាត់។

វត្ថុតាងដកហូតរួមមាន៖ ម៉ូតូហុងដាពណ៌ខ្មៅ ឆ្នាំ២០១៧ អត់ស្លាកលេខ, ម៉ូតូ Scoopy ពណ៌ក្រហម អត់ស្លាកលេខ, កាំបិតតាំងតោ០១, ទុលល្វីស០២, ដង្កាប់០១ និងកាំភ្លេីងជ័រ០១ដេីម។

បច្ចុប្បន្ន ជនសង្ស័យខាងលើកម្លាំងជំនាញកំពុងឃាត់ខ្លួនកសាងសំណុំរឿងបន្តតាមនីតិវិធី។ រីឯបក្ខពួកកំពុងស្រាវជ្រាវបន្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕