(ប៉ៃលិន)៖ ក្រសួងទេសចរណ៍ បានដាក់គោលដៅជំរុញការបណ្តុះបណ្តាល បដិសណ្ឋារកិច្ចហូកា (HoKa) នៅខេត្តប៉ៃលិន ក្នុងនោះនឹងផ្តល់ការបណ្តុះបណ្តាល ដល់គ្រូបង្គោលចំនួន១៣នាក់ និងអ្នកជំនាញទេសចរណ៍ចំនួន១០០នាក់ នៅឆ្នាំ២០២៣ខាងមុខ ដើម្បីលើកកម្ពស់សេវាកម្មទេសចរណ៍ ក្រោយវិបត្តិជំងឺកូវីដ-១៩។

ការបញ្ជាក់យ៉ាងដូច្នេះធ្វើឡើងពិធីប្រកាសឱ្យដំណើរការជាផ្លូវការ កម្មវិធីអភិវឌ្ឍន៍ជំនាញ (Skills Development Programme) សម្រាប់ខេត្តប៉ៃលិន ឆ្នាំ២០២០-២០២៤ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងហូកា (គ.គ.ហ.) រួមជាមួយលោក Christian Volker Ide ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ Swisscontact និងលោក ងួន លីណា អភិបាលរងខេត្តប៉ៃលិន និងមានសមាសភាពចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត ប្រតិបត្តិករទេសចរណ៍ និងអ្នកជំនាញទេសចរណ៍សរុបប្រមាណ៦០នាក់។

លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន គ.គ.ហ. បានឱ្យដឹងថា ដោយទទួលបានការចង្អុលបង្ហាញពីលោករដ្ឋមន្ត្រី ថោង ខុន គណៈកម្មការគ្រប់គ្រងគម្រោងហូកាបានពង្រីកវិសាលភាពការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចទៅខេត្តគោលដៅថ្មីចំនួន៥ទៀតនៅជុំវិញបឹងទន្លេសាប រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងឧត្តរមានជ័យ។

លោកបន្តថា «សម្រាប់ខេត្តប៉ៃលិននៅឆ្នាំ២០២៣ខាងមុខនេះ គម្រោងនឹងផ្តល់ការបណ្តុះបណ្តាលដល់គ្រូបង្គោលចំនួន១៣នាក់ និងអ្នកជំនាញទេសចរណ៍ចំនួន១០០នាក់ លើជំនាញសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ការិយាល័យជួរមុខ និងជំនាញគេហកិច្ច»

លោក ប៉ាក់ សុខុម បានស្នើដល់ប្រតិបត្តិករទេសចរណ៍ទាំងអស់ នៅក្នុងខេត្តប៉ៃលិន ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍ ដើម្បីអនុវត្តនូវច្បាប់និងវិធាននានារបស់ក្រសួងទេសចរណ៍ ដែលធ្វើឱ្យខេត្តប៉ៃលិន រីកមុខរីកមាត់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍវិស័យទេសចរណ៍។

លោក Christain Volker Ide បានថ្លែងអំណរគុណចំពោះក្រសួងទេសចរណ៍ និងគណៈកម្មការគ្រប់គ្រងគម្រោងហូកា ដែលបានផ្តល់កិច្ចសហការយ៉ាងល្អជាមួយអង្គការ SwissContact និងដឹកនាំនិងតម្រង់ទិសការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព គុណភាព និងតម្លាភាព ដែលធ្វើឱ្យគម្រោងមានលទ្ធភាពបណ្តុះបណ្តាល ដល់យុវជនបានប្រមាណ៣,០០០នាក់ ចាប់ពីឆ្នាំ២០១៦-២០២១។

សូមរំលឹកថា កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ជាសមាសធាតុមួយរបស់កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដែលទទួលបានការគាំទ្រថវិកាពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) អនុវត្តគម្រោងដោយអង្គការស្វីសខន់ថាក់ ដោយគាំទ្រក្រសួងទេសចរណ៍តាមរយៈគណៈកម្មការគ្រប់គ្រងគម្រោងហូកា ដើម្បីបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចដល់យុវជន យុវនារី អ្នកជំនាញកម្រិតទាប ម្ចាស់អាជីវកម្ម និងសហគមន៍ទេសចរណ៍នៅខេត្តចំនួន១០នៅភូមិភាគឦសាន និងជុំវិញបឹងទន្លេសាប។ ត្រឹមត្រីមាសទី៣ ឆ្នាំ២០២២ គណៈកម្មការគ្រប់គ្រងគម្រោងហូកាបានបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍សរុបចំនួន១,១២៣នាក់ លើជំនាញគេហកិច្ច ការិយាល័យជួរមុខ សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ចុងភៅ និងជំនាញឆុងកាហ្វេ៕