(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់ខ្លួន ដើម្បីបូកសរុបលទ្ធផលការងារ ដែលសម្រេចបាននាពេលកន្លងមក និងលើកទិសដៅការងារឆ្នាំ២០២៣-២០២៨ នៅថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២២។

មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជានេះ ធ្វើឡើងក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំរបស់ ស.ស.យ.ក ជាច្រើនរូបទៀតផងដែរ។

មហាសន្និបាតវិសាមញ្ញនាថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ រួមមាន៖

*ទី១៖ បូកសរុបសកម្មភាព និងសមិទ្ធផលការងារចន្លោះមហាសន្និបាតលើកទី៤ រហូតដល់បច្ចុប្បន្ន
*ទី២៖ ពិនិត្យ និងអនុម័តវិសោធនកម្មលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់ ស.ស.យ.ក.
*ទី៣៖ បោះឆ្នោតបំពេញបន្ថែមសមាសភាពសមាជិកគណៈកម្មាធិការកណ្តាល
*ទី៤៖ ពិនិត្យ និងអនុម័តផែនការយុទ្ធសាស្ត្រ «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨» របស់
ស.ស.យ.ក.។

បន្ថែមពីលើការបូកសរុបការងារសម្រេចបាន និងការកំណត់ទិសដៅទៅអនាគត អង្គមហាសន្និបាតដែលប្រព្រឹត្តទៅនាពេលនេះ ក៏ជាការជួបជុំដើម្បីអបអរសាទរ នូវរាល់សមិទ្ធផលដែលក្រុមគ្រួសារ ស.ស.យ.ក សម្រេចបាននាពេលកន្លងមកផងដែរ។

ថ្លែងក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. បានគូសបញ្ជាក់ពីដំណើរផ្លូវដ៏វែងឆ្ងាយដែល ស.ស.យ.ក បានឆ្លងកាត់ ផ្តើមចេញពីកំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានចាប់បដិសន្ធិនាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ហើយគិតមកដល់ឆ្នាំ២០២២នេះ គឺជាខួបលើកទី៤៤កំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងជាខួបទី១០ នៃការប្តូរឈ្មោះពីសមាគមយុវជនកម្ពុជាមកជាសហភាពសហព័ន្ធយុវជនកម្ពុជា។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី ឆ្លុះបញ្ចាំងពីតួនាទីស្នូលរបស់ស.ស.យ.ក. ក្នុងការពង្រឹងប៉ូលយុវជនឲ្យចូលរួមលើគ្រប់ការដ្ឋាននៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ និងមនុស្សធម៌ ដោយបញ្ជាក់ថា ស.ស.យ.ក. បានក្លាយជាវេទិកាទូលំទូលាយ និងជាឆ័ត្ររួម ដែលអនុញ្ញាតឲ្យគ្រប់កោសិកានៃសង្គមកម្ពុជា បានចូលរួមក្នុងការជំរុញចក្ខុវិស័យរួមរបស់កម្ពុជាដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា ឋានៈសង្គម និងនិន្នាការនយោបាយ ដោយបានក្លាយជាអង្គការចាត់តាំងយុវជនមួយដ៏ធំជាងគេក្នុងប្រទេស និងបានឈានមុខក្នុងការចូលរួមពូនជ្រុំកម្លាំងយុវជនឱ្យក្លាយជាកម្លាំងមហាសាមគ្គីក្នុងការរួមចំណែកកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម និងបន្តដំណើររួមគ្នាឆ្ពោះទៅកសាងសង្គមជាតិមួយដ៏ទំនើប រស់រវើក មានសុវត្ថិភាព បរិស្ថាន រស់នៅល្អប្រសើរ មានវឌ្ឍនភាពរីកចម្រើនលើគ្រប់វិស័យ ក្នុងសេចក្តីប៉ងប្រាថ្នាក្លាយជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

សូមជម្រាបថា ការរៀបចំមហាសន្និបាតវិសាមញ្ញទូទាំងប្រទេសនេះ មិនត្រឹមតែជាការ ការបូកសរុបសមិទ្ធផលការងាររបស់សហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងប្រទេសនោះទេ ប៉ុន្តែក៏ជាឱកាសក្នុងការជួបប្រជុំគ្នារវាងមហាគ្រួសារ សមាជិក សមាជិកាទូទាំងរាជធានីខេត្ត ដើម្បីពិភាក្សាស្វែងរកធាតុចូលបន្ថែម ពង្រឹង និងពង្រីកទិសដៅសកម្មភាពបន្ត បំផុសស្មារតីដល់យុវជនជំនាន់ក្រោយឲ្យចូលរួមលើកស្ទួយនូវឧត្តមភាព កិត្តិសព្ទ កិត្តិនាម និងវឌ្ឍនភាពជាតិ ក៏ដូចជាថែរក្សានូវសមិទ្ធផលដ៏ថ្លៃថ្លា ដែលសហភាពសហព័ន្ធយុវជនកម្ពុជា សម្រេចបានតាមរយៈបេសកកម្មកន្លងមក៕