(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌចំការមន បានអំពាវនាវដល់តំណាងមន្ទីរ អង្គការ សប្បុរសជន និងដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តជួយគាំទ្រដល់គម្រោងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល របស់ខណ្ឌ-សង្កាត់ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាការចូលរួមអនុវត្តគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ឲ្យកាន់តែប្រសើរឡើង។

ការអំពាវនាវរបស់លោក ហ៊ត វ៉ាន់ធី អភិបាលរង ក្នុងនាមតំណាងលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន ធ្វើឡើងក្នុងសិក្ខាសាលាសមាហរណកម្ម វិនិយោគ ៣ឆ្នាំរំកិល (២០២៣-២០២៥) របស់រដ្ឋបាលសង្កាត់ និងខណ្ឌ នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក សាំង សុផាត អនុប្រធានមន្ទីរផែនការរាជធានី តំណាងឲ្យសាលារាជធានីភ្នំពេញ និងមានការចូលរួមពីមន្ដ្រីពាក់ព័ន្ធ និងអង្គការដៃគូផងដែរ។

លោកអភិបាលរងខណ្ឌ បានបញ្ជាក់ថា សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយគម្រោងវិនិយោគអាទិភាព ៣ឆ្នាំរំកិល (២០២៣-២០២៥) របស់រដ្ឋបាលខណ្ឌ និងស្នើសុំការគាំទ្រពីមន្ទីរអង្គភាព អង្គការដៃ គូអភិវឌ្ឍន៍នានា ផ្នែកឯកជន និងសប្បុរសជន ដែលចាប់អារម្មណ៍លើគម្រោងណាមួយ ទោះតិច ឬច្រើនក្ដី សូមបញ្ជាក់ការឆ្លើយតប ដើម្បីឲ្យក្រុមការងារធ្វើការបូកសរុបចំនួនគម្រោង ដែលមានការសន្យាគាំទ្រ ហើយកិច្ចការនេះ គឺជាដំណើរការមួយនៃការអនុវត្ដច្បាប់ សំដៅពង្រឹងអង្គភាពរបស់រដ្ឋ ដើម្បីសម្របសម្រួលនូវរាល់សកម្មភាពរដ្ឋបាលសាធារណៈ ក្នុងដែនដីរបស់ខ្លួន។

ជាមួយគ្នានេះ លោក សាំង សុផាត បានបង្ហាញការចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ ពីសិក្ខាសាលាមួយនេះ ដោយលើកឡើងថា និងជួយតម្រង់ទិសរាល់សកម្មភាពរបស់រដ្ឋបាលខណ្ឌចំការមន ឲ្យដំណើរស្របទៅតាមគោលនយោបាយអភិវឌ្ឍន៍របស់ជាតិ។

សូមជម្រាបថា គម្រោងដែលមានការគាំទ្រពីមន្ទីរ-អង្គភាព ជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ និងអង្គការនានា សម្រាប់អនុវត្តឆ្នាំ២០២៣ រួមមាន៖ ទី១៖ គម្រោងរបស់រដ្ឋបាលខណ្ឌ ដែលមានការគាំទ្រ ចំនួន១២៤គម្រោង និងទី២៖ គម្រោងសកម្មភាពអាទិភាពរបស់សង្កាត់ទាំង០៥ មានការគាំទ្រ ចំនួន១៩៥គម្រោង៕