(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំដើម្បីពិនិត្យលើការងារ ដើម្បីរៀបចំឲ្យបានរួចរាល់មុនកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC 2022) និងវេទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២ (ASEAN MAYORS FORUM 2022) ចាប់ផ្តើមនៅថ្ងៃទី២-៣ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ ដែលរាជធានីភ្នំពេញ ធ្វើជាម្ចាស់ផ្ទះ។

តាមការបញ្ជាក់របស់លេខាធិការដ្ឋាន នៃកិច្ចប្រជុំខាងលើនេះ មានតំណាងទីក្រុង និងខេត្តចូលរួម ប្រមាណ៨០ទីក្រុង ក្នុងតំបន់អាស៊ាន និងក្រៅអាស៊ាន មានជាង៣០ទីក្រុងធំៗចូលរួម។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំ បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះ យើងរៀបចំក្នុងកម្រិតតូចជាងកិច្ចប្រជុំអន្តរសភា អាស៊ាន (AIPA) តែយកទម្រង់ដូចកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលទើបបញ្ចប់ទៅថ្មីៗនេះ នៅខេត្តសៀមរាប។

លោកបញ្ជាក់ថា ទោះបីយ៉ាងណាការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ គឺនៅដដែលដូចកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ក៏ដូចកិច្ចប្រជុំកំពូលពាក់ពន្ធ័ដែរ ព្រោះយើងមានបទពិសោធន៍ ធ្វើបានល្អរួចមកហើយ។ វេទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២នេះ មានគោលបំណងពង្រឹងកិច្ចសហការ តាមរយៈការជំរុញការកសាងទីក្រុងវៃឆ្លាត មានភាពធន់ និងមានចីរភាពប្រកបដោយបវិវត្តកម្ម និងបរិយាប័ន្ន តាមគន្លងប្រក្រតីភាពថ្មី តាមគោលការណ៍អាស៊ានរួមគ្នា ធ្វើការដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា។

ចំពោះកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC 2022) ផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព។ វេទិកានេះ គឺសម្រាប់អភិបាលរាជធានី និងរដ្ឋធានីអាស៊ានទាំង១០ លើកឡើង និងពិភាក្សាអំពីបញ្ហាប្រឈមក្នុងទីក្រុងនាពេលបច្ចុប្បន្ន និងអាចកើតមានឡើង ព្រមទាំងចែករំលែកការអនុវត្តន៍ល្អៗ ក៏ដូចជាទស្សនៈរបស់ពួកគាត់ សម្រាប់ការកសាងសហគមន៍អាស៊ាន៕