(ប៉ារីស)៖ អ្នកគាំទ្ររបស់ក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ីចំនួន ៣នាក់ត្រូវបានអាជ្ញាធរបារាំងចាប់ដាក់គុក ស្របពេល២០នាក់ផ្សេងទៀត ត្រូវបានបណ្តេញចេញពីប្រទេសបារាំង ដោយសារតែពួកគេបានបង្កហិង្សាក្នុងព្រឹត្តិការណ៍ Euro 2016។
សារព័ត៌មាន AP បានផ្សាយថា ការប៉ះទង្គិចគ្នាជាលើកទី២ នៅយប់មិញនេះរវាងក្រុមអ្នកគាំទ្ររុស្ស៊ី អង់គ្លេស និងវ៉េលបានធ្វើអោយមានអ្នករងរបួស១៦នាក់ និងចាប់ឃាត់ខ្លួន៣៦នាក់នៅក្នុងទីក្រុង Lille ហើយក៏បានបញ្ជូនចូលគុក៣នាក់ និងបណ្តេញចេញពីប្រទេសបារាំង២០នាក់ ឈប់អោយមើល Euro 2016 ផងដែរ។
តែយ៉ាងណាក៏ដោយ សារព័ត៌មានខាងលើមិនបានបញ្ជាក់អំពីក្រុមអ្នកគាំទ្រអង់គ្លេស និងវ៉េលឡើយ ដោយគ្រាន់តែប្រាប់ រហូតមកទល់នឹងពេលនេះ អាជ្ញាធរបារាំង បានចាប់ឃាត់ខ្លួនអ្នកគាំទ្រដែលបង្កហិង្សាទាំងពីរលើក បានចំនួន ៣២៣នាក់ហើយ និងមានអ្នករងរបួសសរុប ៣៦នាក់ គិតចាប់តាំងពី Euro 2016 ចាប់ផ្តើមប្រកួតថ្ងៃទី១១ មិថុនាមក៕