(ភ្នំពេញ)៖ មេធាវីរាជរដ្ឋាភិបាល មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌ មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងព្រះរាជអាជ្ញារង សរុបចំនួន៤រូប នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិត ជាប់ដោយជោគជ័យ នៅសកលវិទ្យាល័យវិទ្យាសាស្ត្រនយោបាយ និងនីតិសាស្រ្តភាគនីរតី South-West University of Political Science and Law (SWUPL) នៅទីក្រុងឆុងឈីង ប្រទេសចិន តាមប្រព័ន្ធអនឡាញ ក្រោយពីបានធ្វើការសិក្សាស្រាវជ្រាវនៅទីនោះទាំងទៅផ្ទាល់ និងពីចម្ងាយ។

បណ្ឌិតច្បាប់ ទាំង៤រូប រួមមាន៖
ទី១៖ លោក អេន សុភាព មេធាវីរាជរដ្ឋាភិបាល
ទី២៖ លោក បួន សុមុនី អគ្គលេខាធិការរងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
ទី៣៖ លោក ជុន ថាវៀត ប្រធាននាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ នៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញឿន
ទី៤៖ លោក ឆាយ ហុង ព្រះរាជអាជ្ញារងនៃអយ្យការ អមសាលាដំបូងនៃរាជធានីភ្នំពេញ

កម្មវិធីសិក្សានេះ កើតចេញពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ រវាងក្រសួងយុត្តិធម៌កម្ពុជា និងមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ចិនអាស៊ាន របស់សមាគមច្បាប់ប្រទេសចិន (China-ASEAN Legal Research Center) ក្រោមគោលនយោបាយខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់រដ្ឋាភិបាលចិន ដែលកម្មវិធីបានចាប់ផ្តើមតាំងពីឆ្នាំ២០១៥ និងបានធ្វើការជ្រើសរើសនិងបញ្ជូនថ្នាក់ដឹកនាំ មន្រ្តីជាន់ខ្ពស់ និងតុលាការ ព្រមទាំងអ្នកវិជ្ជាជីវៈច្បាប់កម្ពុជា ទៅបន្តការសិក្សានៅសកលវិទ្យាល័យវិទ្យាសាស្ត្រនយោបាយ និងនីតិសាស្រ្តភាគនីរតី នៅទីក្រុងឆុងឈីង ប្រទេសចិន៕