(ភ្នំពេញ)៖ នគរបាលចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងចាប់ផ្ដើមរឹតបណ្ដឹងចំពោះការបើកបររបស់ប្រជាពលរដ្ឋលើផ្លូវល្បឿនដោយធ្វើការត្រួតពិនិត្យល្បឿន និងអនុវត្តវិធានការផាកពិន័យចំពោះអ្នកបើកបរល្មើស ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២តទៅ។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ត្រី វ៉ាន់ ហាវ៉ារី អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ និងជាអ្នកដឹកនាំកម្លាំងនគរបាលប្រចាំការ លើផ្លូវល្បឿនលឿន។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី វ៉ាន់ ហាវ៉ារី បានបញ្ជាក់យ៉ាងដូច្នេះថា «កម្លាំងនគរបាលផ្លូវល្បឿនលឿន និងធ្វើការត្រួតពិនិត្យល្បឿន និងមានវិធានការផាកពិន័យ បទល្មើស ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះតទៅ ដើម្បីសុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវ ចៀសវាងការបើកបរលើសល្បឿនកំណត់»

អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍រូបនេះ បានលើកឡើងថា ការផាកពិន័យចំពោះអ្នកបើកបរលើសល្បឿនកំណត់ នៅលើផ្លូវល្បឿនលឿននេះ គឺធ្វើឡើងក្នុងគោលដៅធានាដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ និងក្រោយមើលឃើញថា អ្នកបើកបរមួយចំនួនហាក់សប្បាយរីករាយជាមួយនឹងការបើកបរលើសល្បឿនកំណត់ ដោយភ្លេចខ្លួនថា គ្រោះថ្នាក់អាចកើតឡើងបានគ្រប់ពេលវេលា។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី វ៉ាន់ ហាវ៉ារី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវល្បឿនលឿន សូមបើកបរដោយគោរពច្បាប់ បើកបរត្រឹមត្រូវទៅតាម គន្លងវ៉ាជែង គន្លងធម្មតា នឹងមិនត្រូវបើកបរលើគន្លងអាសន្ននោះទេ៕