(ភ្នំពេញ)៖ ពិធីប្រគល់ពានរង្វាន់ សម្រាប់កម្មវិធីពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា ២០១៦ (Cambodia ICT Awards 2016) ត្រូវបានប្រារព្ធឡើង នៅយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០១៦ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភោគីត្រា ក្រោមអធិបតីភាព លោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ពានរង្វាន់ Cambodia ICT Awards គឺជាការផ្តួចផ្តើមគំនិត របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ វាគឺជាការប្រកួតប្រជែងថ្នាក់ជាតិមួយ ដែលផ្តោតសំខាន់លើក្រុមហ៊ុន ICT ដែលធ្វើអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា។
ពានរង្វាន់មួយដ៏មានកិត្យានុភាពនេះ ត្រូវបានប្រគល់ជូនដល់ស្នាដៃ ICT ដែលល្អបំផុត ក្នុងចំណោមសហគ្រិន នៅក្នុងប្រទេសកម្ពុជា និងដើម្បីជាគំរូមួយ ក្នុងការទទួលបានជោគជ័យ នៅក្នុងលក្ខខណ្ឌនៃនវានវត្តន៍ និងការច្នៃប្រឌិត ហើយថែមទាំងជាឱកាស ក្នុងការផ្តល់ថវិកាសម្រាប់ការចាប់ផ្តើម និងការធ្វើអាជីវកម្មនៅក្នុងវិស័យ ICT នៅក្នុងប្រទេសកម្ពុជា។
តាមរយៈពានរង្វាន់នេះ វានឹងជំរុញឱ្យក្រុមហ៊ុន ICT កម្ពុជាឈានទៅកម្រិតបន្ទាប់ ដែលតំណាងឱ្យប្រទេសកម្ពុជានៅក្នុងតំបន់ និងការប្រកួតប្រជែងលក្ខណៈអន្ដរជាតិ ដូចជាការប្រកួតពានរង្វាន់វិស័យ ICT ថ្នាក់អាស៊ាន។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សង្ឃឹមយ៉ាងមុតមាំថា ពានរង្វាន់នេះនឹងជួយឱ្យមានការលើកកម្ពស់ នវានុវត្តន៍នៅក្នុងឧស្សាហកម្ម ICT នៅក្នុងប្រទេសរបស់កម្ពុជា ដែលស្ថិតនៅក្នុងបន្ទាត់ ជាមួយផែនការមេនៃវិស័យ ICT ឆ្នាំ២០២០ របស់កម្ពុជា និងគោលនយោបាយអភិវឌ្ឍន៍វិស័យ ICT ឆ្នាំ២០២០ ដែលបានប្រកាសដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ល។
នេះជាពានរង្វាន់ ICT លើកទីពីរនៅប្រទេសកម្ពុជា មានបេក្ខជនចំនួន៣២ ដែលបានដាក់ពាក្យចូលរួមប្រកួតប្រជែង នៅក្នុងវិញ្ញាសារ៦ ប្រភេទខុសគ្នាមានដូចជា៖១-វិស័យសាធារណៈ, ២- វិស័យឯកជន, ៣-ទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន, ៤- មាតិកាឌីជីថល, ៥-បង្កើតក្រុមហ៊ុន និងទី៦. ស្រាវជ្រាវ និងអភិវឌ្ឍន៍។ គំនិតអាជីវកម្មគឺរាប់ចាប់ពីការផ្តល់សេវា ការអប់រំ, ការកំសាន្ត, សុខភាព, ទូរគមនាគមន៍, ត្រួតពិនិត្យចរាចរណ៍ និងកម្មវិធីអាជីវកម្ម។
បន្ទាប់ពីជុំទីមួយ នៃការជ្រើសរើស គឺមានបេក្ខជនចុងក្រោយចំនួន២១ ត្រូវបានគេជ្រើសរើសឱ្យ ទៅប្រកួតប្រជែងនៅជុំផ្តាច់ព្រ័ត្រនេះ។ សមាជិកនៃគណកម្មាការឯករាជ្យនៃ Cambodia ICT Awards 2016 ត្រូវបានអញ្ជើញមកពីអង្គការ និងស្ថាប័នផ្សេងគ្នា ដែលតំណាងឱ្យអាជីវកម្ម, បណ្ឌិតសភាឧស្សាហកម្ម ICT វិនិយោគិន និងអង្គការសង្គមស៊ីវិលនៅកម្ពុជា។ មានសមាជិក៦ ក្នុងគណៈវិនិច្ឆ័យនៃ Cambodia ICT Awards 2016៖
- តំណាងមកពីសហព័ន្ធ ICT កម្ពុជា
- តំណាងមកពីសមាគមសហគ្រិនវ័យក្មេងកម្ពុជា
- តំណាងមកពីវិទ្យាស្ថានបើកទូលាយ
- តំណាងពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
- តំណាងមកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង
បេក្ខជនចុងក្រោយទាំង ២១ ត្រូវបានស្នើឱ្យធ្វើបទបង្ហាញ ១៥នាទី នៅមុខគណៈវិនិច្ឆ័យ។ លក្ខខ័ណ្ឌនៃការផ្តល់ពិន្ទុនៃការប្រកួតប្រជែងគឺ៖ គំនិតច្នៃប្រឌិតថ្មីសម្រាប់ការដោះស្រាយបញ្ហា, តម្លៃជាសាធារណៈ, គុណភាពនិងភាពទុកចិត្ដ នៃផលិតផលបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យា ឬដំណោះស្រាយដែលកម្មវិធីនេះអាចធ្វើបាន។
ជ័យលាភីលេខ ១ ដល់លេខ ៣ ក្នុង Cambodia ICT Awards 2016នេះគឺ:
១. ជ័យលាភីមេដាយមាស: BookMeBus, Camtasia Technology Co., Ltd.
២. ជ័យលាភីមេដាយប្រាក់: SmartPay, Smart Axiata Co., Ltd.
៣. ជ័យលាភីមេដាយសំរិទ្ធ: TosFund – Cambodia’s First crowd-funding platform, Action IEC (with partners: Cometogether/Rotati)
ជ័យលាភីមេដាយមាស ទទួលបានទឹកប្រាក់ ៥០០០ដុល្លារ, ជ័យលាភីមេដាយប្រាក់ ទទួលបានទឹកប្រាក់ ២០០០ដុល្លារ និងជ័យលាភីមេដាយសំរិទ្ធទទួលបានប្រាក់រង្វាន់១០០០ដុល្លារ។
ជ័យលាភីលេខ១ តាមប្រភេទវិញ្ញាសារនិមួយៗគឺ៖
១. វិស័យសាធារណៈ: Sand Dredging Management System, Ministry of Mine and Energy
២. វិស័យឯកជន: SmartPay, Smart Axiata Co., Ltd.
៣. ទំនួលខុសត្រូវរួមសង្គម: TosFund – Cambodia’s First crowd-funding platform, Action IEC (with partners: Cometogether/Rotati)
៤. មាតិកាឌីជីថលៈ Khmer Academy, Korea Software HRD Center
៥. ក្រុមហ៊ុនទើបបង្កើត: BookMeBus, Camtasia Technology Co., Ltd.
៦. ស្រាវជ្រាវ និងអភិវឌ្ឍន៍: V-Protekh PRO, Angkor E&C (Cambodia) Co., Ltd.
សូមជម្រាបថា ការប្រកួតពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា ២០១៦ អង្គភាព Fresh News ក៏ចូលរួមឧបត្ថម្ភការផ្សព្វផ្សាយផងដែរ៕