(ន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ អមដំណើរដោយលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ អញ្ជើញចុះពិនិត្យលំហាត់យុទ្ធដំណើរទ័ព បញ្ចប់វគ្គហ្វឹកហ្វឺនទូទៅនៅនឹងកន្លែងចំណុះកងពល និងវរសេនាតូចថ្មើរជើងលេខ៥១៣ កងពលតូចថ្មើរជើងលេខ៥១ ដែលមានសិក្ខាកាមសរុប ចំនួន២០០នាក់។

សូមបញ្ជាក់ថា លំហាត់យុទ្ធដំណើរទ័ពនេះ ចល័តដោយថ្មើរជើង ចំងាយ១៧គីឡូម៉ែត្រ ដោយឆ្លងកាត់ឧបសគ្គធម្មជាតិមួយចំនួន ស្ថិតនៅក្នុងភូមិសាស្រ្តជិតព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា ស្ថិតនៅក្នុងកាលៈទេសៈប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ គឺជាឱកាសមាស សម្រាប់កងទ័ពធ្វើការហ្វឹកហ្វឺន ពង្រឹងសមត្ថភាពកាយសម្បទា ជំនាញយុទ្ធវិធី កងទ័ពឲ្យបានស្ទាត់ជំនាញ ធានាបានទាំងបរិមាណ គុណភាព ឆន្ទៈ មនសិការ ស្នេហាជាតិ ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់កងទ័ព ដែលជាខឿនការពារជាតិ ការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី សុខសន្តិភាព ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។

លោកមេបញ្ជការរង នាយសេនាធិការយោធភូមិភាគទី៥ បានគូសបញ្ជាក់ថា ក្រុមការងារហ្វឹកហ្វឺន ត្រូវត្រួតពិនិត្យវាយតម្លៃឲ្យបានច្បាស់លាស់ ចំពោះសិក្ខាកាម ដែលទទួលបាននិទ្ទេសល្អ ត្រូវផ្តល់នូវប័ណ្ណសរសើរ លិខិតសរសើរ ប្រកបដោយ តម្លាភាព ដើម្បីកសាងពង្រឹងគុណភាពនាយទាហានបន្តវេន។

ក្រៅពីហ្វឹកហ្វឺនពង្រឹងសមត្ថភាព ត្រូវត្រៀមអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោង ទាំងកម្លាំង សម្ភារ មធ្យោបាយ សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ឲ្យបានទាន់ពេលវេលាផងដែរ។ ជាពិសេសត្រូវបន្តយកចិត្តទុកដាក់ បន្តអនុវត្តវិធានការ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ តាមវិធានការសុខាភិបាល និងវិធានការ ៣ការពារ និង ៣កុំ ឲ្យបានជាប្រចាំ៕