(កោះកុង)៖ ដើម្បីលើកស្ទួយវិស័យអប់រំផ្នែកកីឡា ដើម្បីសុខភាពលុបបំបាត់គ្រឿងញៀន និងបង្កើនមិត្ត លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានផ្តល់ឈុតសម្លៀក បំពាក់ជិត២០០០ឈុត ដល់ក្រុមកីឡាករទូទាំងខេត្តកោះកុង មានកីឡាគ្រប់ប្រភេទ និងគ្រប់វ័យ មានចំនួន៨៤ក្រុម ក្នុងមួយក្រុមមានចំនួន២៤នាក់។

លោកស្រីអភិបាលខេត្ត បានថ្លែងថា លោកស្រីមានសេចក្តីសោមនស្សរីករាយក្រៃលែងលែង ដោយមើលឃើញពុកម៉ែ បងប្អូន ក្មួយៗ បានចូលរួមលើស្ទួយផ្នែកវិស័យអប់រំលេងកីឡាបានច្រើន រួមទាំងកីឡាគ្រប់ប្រភេទ ទៅតាមចំណងចំណូលចិត្តរបស់ខ្លួន។

លោកស្រីបានបន្តថា ការលេងកីឡាវានាំមកសុខភាពល្អបង្កើនមិត្តស្រលាញ់គ្នា សាមគ្គីគ្នា ពិសេសយុវវ័យអាចលុបបំបាត់ការប្រើប្រាស់គ្រឿងញៀនថែមទៀតផង។ ដូច្នេះយើងទាំងអស់គ្នាគ្រប់វ័យមិនថាចាស់ ឬក្មេងទេចូលរួមលេងកីឡាឲ្យគ្រប់ៗគ្នា មិនថាស្រ្តីបុរស ប្រុសស្រីឡើយ ដើម្បីសុខភាព និងរាប់អានមិត្តដោយមិនប្រកាន់ពូជសាសន៍។

ក្នុងនោះលោកស្រី មិថុនា ភូថង បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ឆាយ ណា ហោធៀន ដែលបានឧបត្តម្ភឈុតសម្លៀកបំពាក់ដល់កីឡាករ ក្នុងខេត្តទាំង៨៤ក្រុមទូទាំងខេត្តកោះកុង៕