(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានចុះត្រួតពិនិត្យមើលការរុះរើសំណង់ផ្សេងៗ ដែលប្រជាពលរដ្ឋបានរស់នៅ និងអាស្រ័យផលនៅលើដីចំណីផ្លូវអមសង្ខាងផ្លូវ មាត់ស្ទឹងស្ទោងពីឃុំកំពង់ចិនត្បូង រហូតដល់ឃុំម្សាក្រង ស្រុកស្ទោងខេត្តកំពង់ធំ និងថ្លែងអំណរគុណប្រជាពលរដ្ឋដែលសហការរុះរើសំណង់ផ្សេងៗ។

ថ្លែងទៅកាន់ប្រជាពលរដ្ឋនៅក្នុងឱកាសនេះ លោកអភិបាលស្រុកស្ទោង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលមានស្មារតីភ្ញាក់រឭក ក្នុងការសហការជាមួយរដ្ឋបាលស្រុកស្ទោង ដើម្បីរុះរើសំណង់ផ្សេងៗ ដែលខ្លួនបានសាងសង់នៅលើដីចំណីផ្លូវ ដើម្បីឱ្យរដ្ឋបាលស្រុកមានលទ្ធភាពសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ ក្នុងការកសាងផ្លូវកៅស៊ូមួយខ្សែជាផ្លូវខេត្ត លេខ២៦៥ ប្រវែង០៥គីឡូម៉ែត្រ ដែលមានខ្នងលើ០៧ម៉ែត្រ និងជើងទេម្ខាង១.៥ម៉ែត្រ ក្រាលកៅស៊ូ DBST។

ជាមួយគ្នានេះដែរ លោកអភិបាលស្រុក ក៏បានណែនាំដល់រដ្ឋបាលឃុំកំពង់ចិនត្បូង ត្រូវធ្វើសេចក្ដីណែនាំ និងជូនដំណឹងឱ្យបានទូលំទូលាយទៅដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅសង្ខាងផ្លូវនេះហើយមិនទាន់បានរុះរើ ដើម្បីឱ្យពួកគាត់សហការក្នុងការរុះរើ សំណង់ផ្សេងៗ ដែលប៉ះពាល់នៅសងខាងផ្លូវឱ្យបានទាន់ពេលវេលាផងដែរ។

លើសពីនេះប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទាំងពីរឃុំ សូមស្វាគមន៍ និងសាទរយ៉ាងក្រៃលែងបំផុត ដែលលោកអភិបាលស្រុក មានការដុតដៃដុតជើងយកចិត្តទុកដាក់ក្នុងការសហការជាមួយជំនាញពាក់ព័ន្ធដើម្បី ដើម្បីកសាង ផ្លូវលេខ២៦៥នេះ ឱ្យបានចេញរូបរាងឆាប់ឆាប់ពិសេស គឺដើម្បីឱ្យពួកគាត់បានប្រើប្រាស់និងដឹកជញ្ជូនកសិផលបានឆាប់រហ័ស។

គួរបញ្ជាក់ផងដែរថា ផ្លូវ២៦៥នេះ កំពុងតែចាប់ផ្តើមសាងសង់ ហើយនឹងត្រូវបញ្ចប់ការសាងសង់ជាស្ថាពរនៅដំណាច់ខែកុម្ភៈឆ្នាំ២០២៣ខាងមុខ ដែលជាគម្រោងសាងសង់របស់មន្ទីរសាធារណការ ដឹកជញ្ជូនខេត្តកំពង់ធំ សហការជាមួយនឹងរដ្ឋបាលស្រុកស្ទោង៕