(កណ្តាល)៖ អាជ្ញាធរខេត្តកណ្ដាល កំពុងសហការគ្នាជំរុញឱ្យកសិករផលិតកសិផលរបស់ខ្លួនប្រកបដោយគុណភាព ខណៈដែលការផលិតឱ្យស្របតាមទីផ្សារ ដែលការពិភាក្សាគ្នាធ្វើឡើងក្នុងសិក្ខាសាលាពិគ្រោះយោបល់លើផែនទី បង្ហាញផ្លូវ ស្តីពីការអភិវឌ្ឍមាសបៃតងខេត្តកណ្តាល ដែលរៀបចំដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានថ្លែងថា នេះគឺជាទស្សនៈវិស័យដ៏ជាក់លាក់មួយក្នុងការកំណត់ និងធ្វើឱ្យគុណភាពបន្លែ និងផ្លែឈើជាសក្ដានុពលរបស់ខេត្តបានហូរចូលទៅកាន់ទីផ្សារប្រកបដោយគុណភាព សុវត្ថិភាព និងមានការទទួលស្គាល់ជាសកល ពីអ្នកបរិភោគតាមរយៈការផលិតរបស់កសិករ ក្នុងខេត្តកណ្តាលទាំងមូល។

លោកអភិបាលរងខេត្ត បានបន្តថា ចំពោះសមិទ្ធិផលនានា ដែលសម្រេចបានក្នុងឆ្នាំកន្លងមករបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បានខិតខំប្រឹងប្រែងយកអស់ កម្លាំងកាយចិត្ត សមត្ថភាពក្នុងការបំពេញបេសកកម្មលើវិស័យរបស់ខ្លួនឱ្យទទួលបានជោគជ័យគួរជាទីមោទនៈស្របទៅតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មរបស់ខ្លួន ដែលបានគ្រោងទុក ហើយនាពេលអនាគតដ៏ខ្លី ផែនទីបង្ហាញផ្លូវស្តីពី «ការអភិវឌ្ឍន៍មាសបៃតង» របស់ខេត្តកណ្ដាល ក៏នឹងលេចជារូបរាងឡើងសម្រាប់ជាត្រីវិស័យក្នុងការដឹកនាំ លើកកម្ពស់គុណភាព សុវត្ថិភាព បន្លែ ផ្លែឈើ ដែលផលិតដោយកសិករមានសក្ដានុពលក្នុង ខេត្តកណ្តាល របស់យើង ជាមួយនឹងការកៀរគរស្វែងរកកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងអង្គការនានានៅក្នុងខ្សែច្រវាក់ផលិតកម្មបន្លែ និងផ្លែឈើផងដែរ។

លោកបានកោតសសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានខិតខំប្រឹងប្រែងពុះពារយកអស់កម្លាំងកាយចិត្ត សមត្ថភាពជំនាញ របស់ខ្លួនរៀបចំផែនទីបង្ហាញ ផ្លូវលេចចេញជារូបរាងនាពេលនេះ។ ឯកសារនេះពិតជាមានសារសំខាន់ដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍ វិស័យកសិកម្មក្នុងខេត្តកណ្ដាល ព្រោះវាជាផែនទីដែលបានបូករួមបញ្ចូលគ្នា រវាងការកសាងសមត្ថភាព បច្ចេកទេសផលិតតាមកម្រិតស្តង់ដារសុវត្ថិភាព បរិមាណ គុណភាព និងពេលវេលា ដែលជាការតម្រូវរបស់ទីផ្សារដល់គ្រប់អ្នកពាក់ព័ន្ធ និងកសិករឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផលិត និងវិនិយោគ លើបន្លែ និងផ្លែឈើ តាមទីតាំងតំបន់ដែលបានកំណត់ធ្វើឱ្យមានភាពងាយស្រួលចំណេញពេលវេលា និងថវិកា សម្រាប់ការអភិវឌ្ឍវិស័យមួយនេះ ការអភិវឌ្ឍវិស័យកសិកម្ម មិនត្រឹមតែជាការផលិតសម្រាប់តែការបរិភោគមួយនោះទេ តែគេក៏អាចច្នៃ បានជាធុរកិច្ចកសិកម្មផងដែរ ដូចជា៖ កសិ-ពាណិជ្ជកម្ម និងកសិ-ទេសចរណ៍..។ល។ ដែលជាផ្នែកមួយជំរុញ កំណើនសេដ្ឋកិច្ចជាតិបានកាន់តែប្រសើរឡើង ដែលអាចប្រទេសកម្ពុជាយើងឆ្លងផុតពីប្រទេសចំណូលកម្រិតទាប ក្លាយទៅជាប្រទេសចំណូលមធ្យម និងជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ ហើយក្លាយទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។

លោក ប៊ុនទួន ស៊ីម៉ូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា មន្ទីរកសិកម្មបានយកចិត្តទុកដាក់ ជំរុញផលិតកម្ម បន្លែដំណាំរួមផ្សំដើម្បីកាត់បន្ថយថ្លៃដើមផលិត ជំរុញការប្រើប្រាស់ជីធម្មជាតិ និងថ្នាំកម្ចាត់សមាសភាពចង្រៃ ផ្សំពីរុក្ខជាតិដើម្បីកាត់បន្ថយការប្រើប្រាស់ថ្នាំកសិកម្ម។

លោកបានបន្តថា ដោយមានការអនុវត្តន៍ និងគាំទ្រពីកម្មវិធី ASPIRE គម្រោងនានារបស់ក្រុមហ៊ុនផ្គត់ផ្គង់ធាតុចូលកសិកម្មក្រុមហ៊ុនប្រមូលទិញ កសិផល និងដៃគូអភិវឌ្ឍនានា។ នៅក្នុងឆ្នាំ២០២២នេះ ដោយផ្អែកលើយុទ្ធសាស្ត្រច្បាស់លាស់ និងផែនការសកម្មភាពដែលត្រូវចូលរួមគ្រប់ភាគីពាក់ព័ន្ធតាមការចង្អុលបង្ហាញដោយ Road Map នេះ។

លោកបានបន្ថែមទៀតថា យើងបានប្រមូលទិន្នន័យ ចងក្រងឯកសារ Road map មាសបៃតង និងបានប្រជុំពិគ្រោះយោបល់ឆ្លងជំនាញពាក់ព័ន្ធផ្ទៃក្នុងរួចហើយ ហើយថ្ងៃនេះពិគ្រោះយោបល់ឆ្លងលក្ខណៈទូលាយដែលមានតួអង្គពាក់ព័ន្ធសំខាន់ៗ មកចូលរួមនៅទីនេះ។ បន្ទាប់ពីកែសម្រួលរួច យើងនឹងបកប្រែជាភាសាអង់គ្លេស ចងក្រងឯកសារប្រជុំផ្សព្វផ្សាយថ្នាក់ជាតិ ថ្នាក់ខេត្ត ស្រុក និងរៀបចំផែនការសកម្មភាព អនុវត្តន៍តាមលំដាប់លំដោយដែលចង្អុលបង្ហាញដោយ Road map សម្រាប់គ្រប់ភាគីពាក់ព័ន្ធ៕