(រតនគិរី)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបើកវគ្គបណ្តុះបណ្តាល កសាងសមត្ថភាព ដល់សមាជិកគណៈកម្មការខេត្តរតនគិរី ដើម្បីអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥។

វគ្គបណ្តុះបណ្តាលនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាពលោក ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងរបស់លោកបណ្ឌិតរដ្ឋមន្ត្រី អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកឌុច ចាន់តូ អភិបាលស្តីទីខេត្តរតនគិរី។

លោក ហ៊ូ វុឌ្ឍី លើកឡើងថា រហូតមកដល់បច្ចុប្បន្ន មានសកម្មភាពមួយចំនួននៃគោលនយោបាយនេះ កំពុងតែត្រូវបានអនុវត្តយ៉ាងសកម្មដោយក្រសួង ស្ថាប័ន និងអង្គភាពនានា ព្រោះថាសកម្មភាពទាំងឡាយនោះក៏ត្រូវបានកំណត់ផងដែរ នៅក្នុងផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពប្រចាំឆ្នាំនីមួយៗនៃទិសដៅការងារ និងបេសកកម្មរបស់សាមីអង្គភាពរួចហើយ។ ដូច្នេះ សកម្មភាពនៅក្នុងគោលនយោបាយមួយនេះ ក៏ដូចជាគោលនយោបាយផ្សេងទៀតផងដែរ វាពិតជាមិនអាចដាច់ចេញពីសកម្មភាពនានា ដែលមាននៅក្នុងផែនការសកម្មភាព នៃសាមីអង្គភាពនោះឡើយ។

លោកបានបន្ថែមថា ចំណុចនេះបញ្ជាក់ថា មន្ទីរ និងអង្គភាពជំនាញនីមួយៗ នៅថ្នាក់រាជធានី-ខេត្ត មានកាតព្វកិច្ចចូលរួមអនុវត្តគោលនយោបាយនេះ ដើម្បីជួយជំរុញ ឱ្យរដ្ឋបាលនៅថ្នាក់ក្រោមជាតិ និងស្ថាប័ននានានៅថ្នាក់ជាតិឱ្យឈានទៅសម្រេចផែនការសកម្មភាពរួមប្រចាំឆ្នាំនីមួយៗ ចូលរួមក្នុងការបង្កើនឱកាសការងារសមរម្យ ផលិតភាពការងារខ្ពស់ លើកកម្ពស់ការអភិវឌ្ឍជំនាញនិងធនធានមនុស្ស និង ពង្រឹងអភិបាលកិច្ចទីផ្សារការងារ នៅទូទាំងប្រទេស។

លោករដ្ឋលេខាធិការសង្ឃឹមថា បន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះហើយ ការអនុវត្តគោលនយោបាយជាតិស្តីពី មុខរបរ និងការងារ២០១៥-២០២៥ នៅខេត្តរតនគិរី នឹងកាន់តែមានប្រសិទ្ធភាពមួយកម្រិតទៀត ជួយលើកស្ទួយការគ្រប់គ្រងវិស័យការងារ និងមុខរបរ នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានស្របទៅតាមការប្រែប្រួល និងការផ្លាស់ប្តូរនានានៅក្នុងរចនាសម្ព័នគ្រប់វិស័យនៃសង្គមជាតិ ដែលត្រូវតែវិវត្តខ្លួនឱ្យត្រូវទៅតាមជំហាននីមួយៗ នៃការរីកលូតលាស់ខាងផ្នែកបច្ចេកវិទ្យា និងខាងការប្រែប្រួលខាងចិត្តសាស្រ្តសង្គម ក៏ដូចជាការប្រែប្រួលផ្សេងៗទៀតទាក់ទងទៅនឹងសុខភាព ហើយជាពិសេសគឺរាល់លក្ខខណ្ឌដ៏ចាំបាច់នានានៃការផ្ទេរដំណាក់កាល ពីឧស្សាហកម្មអតិពលកម្មទៅជាឧស្សាហកម្មពលកម្មដែលពឹងផ្អែកលើជំនាញនៅពេលខាងមុខ ដែលទាមទារការលើកកម្ពស់ផលិតភាពការងារ ក្នុងការប្រែក្លាយពីឧស្សាហកម្មមានតម្លៃបន្ថែមទាប ទៅជាឧស្សាហកម្មមានតម្លៃបន្ថែមខ្ពស់ ចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិមានកំណើន ប្រកបដោយចីរភាព និងបរិយាប័ន្ន សម្រាប់ធានាភាពខាងជីវភាពរស់នៅ និងភាពសុខដុមនៅក្នុងសង្គម ឱ្យបានសម្របតាមការផ្លាស់ប្តូរថ្មីៗ នាពេលបច្ចុប្បន្ន និងទៅអនាគត។

នៅក្នុងឱកាសនេះលោក ឌុច ចាន់តូ គូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់ និងផ្តល់ការយល់ដឹងបន្ថែមទៀតសម្រាប់គណៈកម្មការខេត្ត ដើម្បីឈានទៅដល់ការរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តនៅថ្នាក់ខេត្ត និងការរៀបចំរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តគោលនយោបាយឱ្យទទួលបានជោគជ័យ។

គួរបញ្ជាក់ថា គោលនយោបាយជាតិស្តីពីមុខរបរ និងការងារកម្ពុជា ឆ្នាំ២០១៥-២០២៥ ត្រូវបានបង្កើតឡើងស្របតាមបរិបទ និងស្ថានភាពជាក់លាក់នៃកម្ពុជា ដោយបានពិនិត្យ និងអនុលោមទៅតាមបទប្បញ្ញត្តិនៃអនុសញ្ញានៃអង្គការ អន្តរជាតិខាងការងារ (ILO) ឆ្នាំ១៩៦៤ លេខ១២២ ស្តីពីគោលនយោបាយមុខរបរ ដែលមានចក្ខុវិស័យលើកកម្ពស់ជីវភាពរស់នៅថ្លៃថ្នូររបស់ពលរដ្ឋគ្រប់រូបភាពសុខដុមរមនាសង្គម តាមរយៈការបង្កើតការងារសមរម្យ និងមានផលិតផលខ្ពស់ ជូនពលរដ្ឋកម្ពុជាគ្រប់រូប ប្រកបដោយសមធ៌ម។គោលនយោបាយនេះ ត្រូវបានរៀបចំស៊ីសង្វាក់គ្នាទៅនឹងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដែលមានចក្ខុវិស័យជំរុញកែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធពីឧស្សាហកម្មមានតម្លៃបន្ថែមទាប ឈានទៅឧស្សាហកម្មទំនើប ដែលផ្អែកលើជំនាញ មានតម្លៃបន្ថែមខ្ពស់ លើកកម្ពស់ភាពប្រកួតប្រជែង និងផលិតភាពការងារខ្ពស់៕