(កំពង់ចាម)៖ លោក មែ សោភ័ណ មេឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ទើបចូលកាន់តំណែងថ្មី បានប្តេជ្ញារៀបចំដាក់បង្គោលភ្លើងបំភ្លឺពេលរាត្រីគ្រប់ទីកន្លែងនៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងអាណត្តិកាន់តំណែង។

លោកមេឃុំព្រៃឈរ បានអះអាងដូច្នេះនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ខណៈក្រុមការងាររបស់លោក បានរៀបចំបង្គោលដាក់អំពូលភ្លើងបំភ្លឺពេលរាត្រីក្នុងឃុំព្រៃឈរ បានប្រមាណជា ៤០%ហើយ កំពុងបន្តរៀបចំបន្ថែមទៀត។

លោក មែ សោភ័ណ បានបញ្ជាក់ថា ក្នុងអាណត្តិ ដែលលោកកាន់តំណែងជាមេឃុំព្រៃឈរ ក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម លោកអនុវត្តតាមចក្ខុវិស័យទាំង៤ របស់រាជរដ្ឋាភិបាល គឺផ្លូវ ទឹក ភ្លើង មនុស្ស ដូច្នេះក្នុងមូលដ្ឋានឃុំព្រៃឈរ របស់លោក ចង់ឱ្យមានផ្លូវរួចហើយ ត្រូវមានភ្លើងបំភ្លឺពេលរាត្រីផងដែរ ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋបានទទួលអគ្គិសនីបំភ្លឺផ្លូវ គ្រប់ទីកន្លែងក្នុងមូលដ្ឋានដើម្បីជាសុវត្ថិភាព និងភាពងាយស្រួលធ្វើដំណើរ នៅពេលយប់ ពិសេសជាងគេ គឺកម្មករ-កម្មការិនី ដែលពួកគាត់ចេញពីធ្វើការនៅពេលយប់តែម្តង។

លោកមេឃុំព្រៃឈរ បានបញ្ជាក់ថា ទាក់ទងទៅនឹងសមិទ្ធផលទាំងអស់នេះ លោកមានផែនការច្បាស់លាស់ និងបានធ្វើការស្នើសុំជំនួយពីសប្បុរសជន។ ហើយរយ:ពេល ៥ខែកន្លងមកនេះ ថវិកាដែលសប្បុរសជនបានជួយសរុបជាង ១ម៉ឺន ៤ពាន់ដុល្លារ ដោយគិតជាបង្គោលភ្លើងបានជាង១០០ដើមហើយ ដែលបច្ចុប្បន្នក្រុមការងារ បានដាក់បង្គោលភ្លើងនោះ បាន៤០% និងកំពុងបន្តដាក់ថែមទៀតផងដែរ៕