(ភ្នំពេញ)៖ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការ ឃោសនា និងព័ត៌មាននៃរដ្ឋសភា បានលើកឡើងថា ទំនាក់ទំនងនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ាន (អាប៉ាយ) គឺធ្វើឡើងដើម្បីបំពេញចំណុចអ្វី ដែលប្រមុខរដ្ឋាភិបាល និងរដ្ឋាភិបាលនៃប្រទេសនីមួយៗ មិនអាចជជែកគ្នាដោះស្រាយបាន។

ការលើកឡើងរបស់ លោក សួស យ៉ារ៉ា បានធ្វើឡើងនាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសលោកឆ្លើយនឹងនឹងសំណួររបស់អ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃមហាសន្និបាតអន្តរសភាអាស៊ាន-អាយប៉ា (AIPA) លើកទី៤៣ ដែលសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ។

លោក សួស យ៉ារ៉ា បានបញ្ជាក់ថា ការរៀបចំមហាសន្តិបាតអន្តរសភាហៅកាត់ថា អាប៉ាយនេះ គឺដើម្បីបង្កើតការទូតសភាដើម្បីសន្តិភាព។ ការបង្កើតការទូតនេះមានសន្ទុះនៅពេលមានការប្រកួតប្រជែងក្នុងភូមិសាស្ត្រនយោបាយ ដូច្នេះ រដ្ឋាភិបាល និងរដ្ឋាភិបាលនៅក្នុងប្រទេស តំបន់នីមួយៗ គឺព្យាយាមខិតខំប្រឹងប្រែងប្រយោជន៍ជាតិរៀងៗខ្លួន។

លោក សួស យ៉ារ៉ា បានគូសបញ្ជាក់ថា៖ «ដូច្នេះហើយមានតែការទូតសភាទេ ដែលមានភាពទន់ភ្លន់ជាងក្នុងការជជែកគ្នា។ អីចឹងការទូតសភាបានគេជំរុញ បង្កើតឡើងខ្លាំង គឺដើម្បីឱ្យមានភាពទាក់ទង ជាមួយកិច្ចប្រជុំកំពូលរបស់ប្រមុខរដ្ឋ នៃប្រមុខរដ្ឋាភិបាល(អាស៊ាន) ដើម្បីបំពេញគ្នាទៅវិញ ទៅមក នូវអ្វី ដែលគេមិនអាចនិយាយគ្នាបានក្នុងរដ្ឋាភិបាល និងរដ្ឋាភិបាល»

បន្ថែមពីនេះ លោក សួស យ៉ារ៉ា បានបន្តថា សមាជិកសភា គឺជាអ្នកនាំសារដោយផ្ទាល់ទៅកាន់ប្រជាជន ដូច្នេះ ហើយបានសម្រេចបង្កើតឱ្យមានកម្មវិធីមួយ គឺការប្រជុំទល់មុខគ្នា រវាងប្រធានសភានៅក្នុងតំបន់ ឬប្រធានសភាអាយប៉ា ជាមួយប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាលរបស់អាស៊ាន។ ការជួបគ្នានេះ គឺជាឱកាសមួយដែលប្រមុខរដ្ឋាភិបាលបានស្តាប់នូវកង្វល់របស់ប្រជាជន ដែលនិយាយពីប្រទេស ជាសមាជិកអាស៊ាន មានប្រជាជនជាង៦៥០លាននាក់។

ជាមួយគ្នានោះដែរ លោកបានលើកឡើងថា កិច្ចប្រជុំសភាអាយប៉ានេះ គឺក៏ដើម្បីពង្រឹងស្ថាប័នសភាឱ្យចេះពិភាក្សាគ្នា និងគំនិតផ្តួចផ្តើមសម្រាប់កិច្ចពិគ្រោះយោបល់គ្នាផងដែរ។

«យើងមិនអាចយកបញ្ហាអ្វីមួយទៅសម្រេចក្នុងសមូហភាពបានទេ គឺគេត្រូវឱ្យមានការពិគ្រោះយោបល់គ្នា ប៉ុន្តែមិនត្រឹមតែសភាជាសមាជិកនោះទេ ដែលអាចជជែកពិគ្រោះយោបល់គ្នា តែក៏មានសភាក្រៅតំបន់ ឬសភាសង្កេតការណ៍ ដែលគេហៅថាសភាបូក ក៏គេអាចលើកបញ្ហាមកជជែកពិគ្រោះគ្នាដើម្បីបំពេញបន្ថែមដែរ»។ នេះជាការគូសបញ្ជាក់បន្ថែម របស់លោក សួស យ៉ារ៉ា។

ឆ្លៀតក្នុងឱកាសនោះដែរ លោក សួស យ៉ារ៉ា បានអះអាងថា ក្នុងកិច្ចប្រជុំសភាអាយប៉ានេះ នៅក្នុងកិច្ចប្រជុំនីមួយៗតាមគណៈកម្មការភាគច្រើនសុទ្ធតែលើកបញ្ហាសង្គ្រាមរុស្ស៉ឺ និងអ៊ុយក្រែន តែអ្នកលើកពីបញ្ហាក្តៅ និងអ្នកខ្លះលើកពីបញ្ហាត្រជាក់។

យ៉ាងណាក្តី លោក សួស យ៉ារ៉ា បានអះអាងថា ក្នុងកិច្ចប្រជុំរវាងប្រមុខរដ្ឋាភិបាល និងរដ្ឋាភិបាល ភាគីច្រើនគេយកស្ថានការណ៍ក្តៅមកជជែកគ្នា ផ្ទុយទៅវិញសម្រាប់កិច្ចប្រជុំសភា និងសភាគេយកវិធានការណ៍ត្រជាក់មកដោះស្រាយ៕