(មណ្ឌលគិរី)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពដល់សមាជិកគណៈកម្មការខេត្តនៅភាគឦសាន ពីការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរនិងការងារឆ្នាំ២០១៥-២០២៥ ដែលធ្វើឡើងនៅថ្ងៃទី២២ និង២៥ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងថា រហូតមកដល់បច្ចុប្បន្នមានសកម្មភាពមួយចំនួននៃគោលនយោបាយនេះកំពុងតែត្រូវបានអនុវត្តយ៉ាងសកម្មដោយក្រសួង ស្ថាប័ន និងអង្គភាពនានា ព្រោះថាសកម្មភាពទាំងឡាយនោះក៏ត្រូវបានកំណត់ផងដែរនៅក្នុងផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពប្រចាំឆ្នាំនីមួយៗនៃទិសដៅការងារ និងបេសកកម្មរបស់សាមីអង្គភាពរួចហើយ។ ដូច្នេះសកម្មភាពនៅក្នុងគោលនយោបាយមួយនេះ ក៏ដូចជាគោលនយោបាយផ្សេងទៀតផងដែរ វាពិតជាមិនអាចដាច់ចេញពីសកម្មភាពនានា ដែលមាននៅក្នុងផែនការសកម្មភាពនៃសាមីអង្គភាពនោះឡើយ។ ចំណុចនេះបញ្ជាក់ថា មន្ទីរ និងអង្គភាពជំនាញនីមួយៗនៅថ្នាក់រាជធានី-ខេត្តមានកាតព្វកិច្ចចូលរួមអនុវត្តគោលនយោបាយនេះ ដើម្បីជួយជំរុញឱ្យរដ្ឋបាលនៅថ្នាក់ក្រោមជាតិ និងស្ថាប័ននានានៅថ្នាក់ជាតិឱ្យឈានទៅសម្រេចផែនការសកម្មភាពរួមប្រចាំឆ្នាំនីមួយៗ ចូលរួមក្នុងការបង្កើនឱកាសការងារសមរម្យ ផលិតភាពការងារខ្ពស់ លើកកម្ពស់ការអភិវឌ្ឍជំនាញនិងធនធានមនុស្ស និងពង្រឹងអភិបាលកិច្ចទីផ្សារការងារនៅទូទាំងប្រទេស។

លោករដ្ឋលេខាធិការសង្ឃឹមថា បន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះហើយ ការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរនិងការងារ ២០១៥-២០២៥ នៅខេត្តមណ្ឌលគិរី និងខេត្តរតនគិរី នឹងកាន់តែមានប្រសិទ្ធភាពមួយកម្រិតទៀត ជួយលើកស្ទួយការគ្រប់គ្រងវិស័យការងារនិងមុខរបរនៅកម្ពុជាឱ្យបានស្របទៅតាមការប្រែប្រួល និងការផ្លាស់ប្តូរនានានៅក្នុងរចនាសម្ពន្ធគ្រប់វិស័យនៃសង្គមជាតិ ដែលត្រូវតែវិវត្តខ្លួនឱ្យត្រូវទៅតាមជំហាននីមួយៗនៃការរីកលូតលាស់ខាងផ្នែកបច្ចេកវិទ្យា និងខាងការប្រែប្រួលខាងចិត្តសាស្រ្តសង្គម ក៏ដូចជាការប្រែប្រួលផ្សេងៗទៀតទាក់ទងទៅនឹងសុខភាព ហើយជាពិសេសគឺរាល់លក្ខខណ្ឌដ៏ចាំបាច់នានានៃការផ្ទេរដំណាក់កាលពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មពលកម្មដែលពឹងផ្អែកលើជំនាញនៅពេលខាងមុខ ដែលទាមទារការលើកកម្ពស់ផលិតភាពការងារក្នុងការប្រែក្លាយពីឧស្សាហកម្មមានតម្លៃបន្ថែមទាបទៅជាឧស្សាហកម្មមានតម្លៃបន្ថែមខ្ពស់ ចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិមានកំណើន ប្រកបដោយចីរភាព និងបរិយាប័ន្ន សម្រាប់ធានាភាពខាងជីវភាពរស់នៅ និងភាពសុខដុមនៅក្នុងសង្គមឱ្យបានសម្របតាមការផ្លាស់ប្តូរថ្មីៗ នាពេលបច្ចុប្បន្ន និងទៅអនាគត។

គួរបញ្ជាក់ថា គោលនយោបាយជាតិស្តីពីមុខរបរនិងការងារកម្ពុជាឆ្នាំ២០១៥-២០២៥ ត្រូវបានបង្កើតឡើងស្របតាមបរិបទនិងស្ថានភាពជាក់លាក់នៃកម្ពុជា ដោយបានពិនិត្យ និងអនុលោមទៅតាមបទប្បញ្ញត្តិនៃអនុសញ្ញានៃអង្គការអន្តរជាតិខាងការងារ (ILO) ឆ្នាំ១៩៦៤ លេខ១២២ ស្តីពីគោលនយោបាយមុខរបរ ដែលមានចក្ខុវិស័យលើកកម្ពស់ជីវភាពរស់នៅថ្លៃថ្នូររបស់ពលរដ្ឋគ្រប់រូបភាពសុខដុមរមនាសង្គម តាមរយៈការបង្កើតការងារសមរម្យ និងមានផលិតផលខ្ពស់ជូនពលរដ្ឋកម្ពុជាគ្រប់រូបប្រកបដោយសមធ៌ម។ គោលនយោបាយនេះត្រូវបានរៀបចំស៊ីសង្វាក់គ្នាទៅនឹងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដែលមានចក្ខុវិស័យជំរុញកែប្រែ និងធ្វើទំនើបកម្មរចនាសម្ពន្ធពីឧស្សាហកម្មមានតម្លៃបន្ថែមទាបឈានទៅឧស្សាហកម្មទំនើប ដែលផ្អែកលើជំនាញមានតម្លៃបន្ថែមខ្ពស់ លើកកម្ពស់ភាពប្រកួតប្រជែង និងផលិតភាពការងារខ្ពស់៕