(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា បានប្រជុំបូកសរុបវឌ្ឍនភាពឆ្នាំ២០២២ លើការងារអភិវឌ្ឍយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាទាំង២៥ រាជធានី-ខេត្ត និងលើកទិសដៅអនុវត្តបន្ត ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ២០២២ ក្រោមប្រធានបទ «សាមគ្គីភាពតាមរយៈការស្ម័គ្រចិត្ត» ដែលធ្វើឡើងនៅទីស្នាក់ការកណ្ដាល នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។

កិច្ចប្រជុំនេះបានធ្វើឡើងក្រោមអធិបតីភាព លោក ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន និងនាយកដ្ឋានទាំង៥នៃកាកបាទក្រហមកម្ពុជា គណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាទាំង២៥ រាជធានី-ខេត្ត និងយុវជនកាកបាទក្រហមកម្ពុជាទទួលជយលាភីអន្តរជាតិ សរុបប្រមាណ ៩០នាក់។

ឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានអញ្ជើញបូកសរុបលទ្ធផលនៃកិច្ចប្រជុំបូកសរុបវឌ្ឍនភាពឆ្នាំ២០២២ លើការងារអភិវឌ្ឍយុវជន និងអ្នកស្ម័គ្រចិត្ត ដោយបានឆ្លុះបញ្ចាំងពីសកម្មភាពការងាររបស់អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា នៃសាខាទាំង២៥រាជធានី-ខេត្ត ដែលបាននិងកំពុងអនុវត្តដោយបន្ស៊ីទៅនឹងយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា។

លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ បានអានជូនអង្គពិធីនូវសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ញើជូនបងប្អូនជនរួមជាតិក្នុងឱកាសទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ២០២២ ក្រោមប្រធានបទ «សាមគ្គីភាពតាមរយៈការស្ម័គ្រចិត្ត» ដែលក្នុងសារលិខិតនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអំពាវនាវដូចតទៅ ៖
១៖ សូមគណៈកិត្តិយស និងគណៈកម្មាធិការសាខា-អនុសាខា បន្ដលើកទឹកចិត្ត និងផ្តល់ការឧបត្ថម្ភគាំទ្រជាស្មារតី ថវិកា ដល់អ្នកស្ម័គ្រចិត្តយុវជនកាកបាទក្រហមកម្ពុជា ក្នុងការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នូវផែនការសកម្មភាព ស្របតាមវិស័យអាទិភាពទាំង ៤ នៃយុទ្ធសាស្ដ្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា។
២៖ សូមបង-ប្អូន អ្នកស្ម័គ្រចិត្ត នៅតាមសហគមន៍ បន្តពង្រឹងកម្លាំងសាមគ្គីភាព សហការជាមួយ ភាគីពាក់ព័ន្ធ ធ្វើសកម្មភាពដូចភ្លៀងរលឹមក្នុងការកសាងភាពធន់សហគមន៍ និងផ្ដល់សេវាកម្ម ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះឱ្យបានឆាប់រហ័ស ទាន់ពេលវេលា ស្របតាមបាវចនា «សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល» និង «មិនទុកនរណាម្នាក់ចោល»។
៣៖ សូមក្មួយៗ យុវជន យុវនារី និងអ្នកស្ម័គ្រចិត្តទាំងអស់ បន្ដតាមដានដោយយកចិត្តទុកដាក់សិក្សាស្វែងយល់ ជាប្រចាំនូវចំណេះដឹងថ្មីៗ ដើម្បីបន្តចូលរួមទទួលខុសត្រូវឱ្យបានខ្ពស់ទាំងអស់គ្នា ក្នុងការបន្តទប់ស្កាត់ជំងឺកូវីដ-១៩ មេរោគបំប្លែងថ្មី លើកកម្ពស់កាត់បន្ថយហានិភ័យ និងបញ្ហាប្រឈមនានាបង្កដោយការប្រែប្រួលអាកាសធាតុ វិបត្តិភ័យនានា បញ្ហាកង្វះស្បៀងអាហារជាដើម និងសូមធ្វើជាយុវជន ជាអ្នកស្មគ្រចិត្តគំរូ ក្នុងការលើកកម្ពស់បរិស្ថានល្អ រស់នៅមានអនាម័យ លើកកម្ពស់វប្បធម៌នៃការចែករំលែក មិត្តអប់រំមិត្ត ប្រកបដោយចរិយាធម៌ សីលធម៌ល្អ និងបរិយាប័ន្ន។
៤៖ សូមបង-ប្អូនរួមជាតិបន្ដនូវវប្បធម៌នៃការចែករំលែកជួយគ្នាទៅវិញទៅមក និងលើកកម្ពស់ក្តីស្រឡាញ់ការងារស្ម័គ្រចិត្ត ក្នុងក្រុមគ្រួសារ បង-ប្អូន មិត្តភក្ដិ សាច់ញាតិ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការពង្រឹងភាពធន់សហគមន៍ និងរួមវិភាគទានយ៉ាងធំធេងដល់វឌ្ឍនភាពជាតិ និងវិបុលភាពប្រជាជន។

ជាមួយគ្នានោះដែរ លោក ពិត ចំណាន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ជូនចំពោះសមាជិកនៃអង្គពិធីទាំងអស់ ព្រមទាំងបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺផ្តល់តម្លៃខ្ពស់ចំពោះសកម្មភាពរបស់យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា។
លោកបានគូសបញ្ជាក់ថា «គោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជាយើង គឺនឹងប្រែក្លាយប្រទេសយើងឱ្យក្លាយជាប្រទេសដែលមានប្រាក់ចំនូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំនូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ដូច្នេះ ដើម្បីឈានទៅសម្រេចបានគោលដៅនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាកាកបាទក្រហមកម្ពុជា បាននិងកំពុងផ្តោតលើយុវជនបន្តវេនពីមួយជំនាន់ទៅមួយជំនាន់ ដែលនឹងក្លាយជាធនធានមនុស្សប្រកបដោយសមត្ថភាព ជាកម្លាំងស្នូលដែលមិនអាចខ្វះបាន ដើម្បីសម្រេចបានគោលដៅរបស់ជាតិយើង ធ្វើឱ្យកូនចៅជំនាន់ក្រោយ បានរស់នៅដោយស្រួល និងដោយសេចក្តីថ្លៃថ្នូរ»។

ចុងបញ្ចប់កម្មវិធីគណៈអធិបតី បានប្រគល់ប័ណ្ណសរសើរ និងថ្លែងអំណរគុណរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តល់ជូនដល់សាខាកាកបាទក្រហមកម្ពុជា រាជធានី-ខេត្តទាំង២៥, អនុសាខាខណ្ឌទាំង១៤ និងយុវជនដែលជាប់ជ័យលាភីលើឆាកអន្តរជាតិ ៩នាក់ ព្រមទាំងថតរូបអនុស្សាវរីយ៍ផងដែរ៕