(ភ្នំពេញ)៖ ប្រធានាធិបតីវៀតណាម លោក ត្រាន់ ដាយក្វាង បានថ្លែងថា វៀតណាម តែងវាយតម្លៃខ្ពស់ចំពោះការឧបត្ថម្ភគាំទ្ររបស់អតីតព្រះមហាក្សត្រខ្មែរ ព្រះវររាជបិតាជាតិខ្មែរ ព្រះបាទសម្តេច ព្រះ នរោត្តម សីហនុ ក៏ដូចជាព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា ដែលបានផ្តល់ជូនប្រជាជនវៀតណាម ក្នុងបុព្វហេតុតស៊ូ ដើម្បីឯករាជ្យជាតិ កាលពីអតីតកាល ក៏ដូចជាការអភិវឌ្ឍជាតិនៅពេលបច្ចុប្បន្ន។
ការគូសបញ្ជាក់របស់ប្រធានាធិបតីវៀតណាម បានធ្វើឡើងនៅក្នុងជំនួបសវនាការជាមួយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួម ដែលចេញផ្សាយដោយក្រសួងការបរទេសកម្ពុជានៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦នេះ។
ក្នុងសេចក្តីថ្លែងការណ៍រួមនេះ បានបញ្ជាក់ថា ព្រះមហាក្សត្រខ្មែរ និងប្រធានាធិបតីវៀតណាម បានកត់សម្គាល់ដោយពេញចិត្ត ចំពោះការរីកចម្រើន ដ៏ល្អប្រពៃ នៃទំនាក់ទំនងមិត្តភាពជាអ្នកជិតខាង និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងជាច្រើនសម្រាប់ប្រជាជាន នៃប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ។
បើតាមសេចក្តីថ្លែងការណ៍រួមនេះ ប្រធានាធិបតីវៀតណាម លោក ត្រាន់ ដាយក្វាង បានសង្កាត់ធ្ងន់ថា «វៀតណាម ជានិច្ចកាលវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមិត្តភាពល្អ និងការឧបត្ថម្ភគាំទ្រ ដ៏ថ្លៃថ្លារបស់អតីតព្រះវររាជបិតា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា ដែលបានផ្តល់ជូនប្រជាជនវៀតណាម ក្នុងបុព្វហេតុតស៊ូ ដើម្បីឯករាជ្យជាតិ កាលពីអតីតកាល ក៏ដូចជាការអភិវឌ្ឍជាតិនៅពេលបច្ចុប្បន្ន»។
ក្នុងសេចក្តីថ្លែងការណ៍រួម ក៏បានឲ្យដឹងផងដែរថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងថ្នាក់ដឹកនាំកម្ពុជា ក៏បានសម្តែងការដឹងគុណផងដែរចំពោះការគាំទ្រ និងជំនួយ ដែលថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម បានជួយប្រជាជនកម្ពុជា នាអតីតកាល និងក្នុងពេលបច្ចុប្បន្ន។ មិនតែប៉ុណ្ណោះប្រជាកម្ពុជាជានិច្ចកាលចងចាំចំពោះការជួយឧបត្ថម្ភរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានសហការជាមួយប្រជាជនកម្ពុជា ក្នុងការរំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមនៅឆ្នាំ១៩៧៩។
ដើម្បីបញ្ចប់សង្រ្គាមរវាងវៀតណាមខាងជើង និងខាងត្បូង ដែលបានអូសបន្លាយប្រមាណជា២០ឆ្នាំ រហូតឈានដល់ការបង្រួបបង្រួមគ្នាតែមួយនៅអំឡុងខែមេសា ឆ្នាំ១៩៧៥ មានការចូលរួមចំណែកយ៉ាងសំខាន់មួយពីអតីតមេដឹកនាំខ្មែរ សម្តេច នរោត្តម សីហនុ តាមរយៈការផ្តល់ដី នៅតាមភូមិភាគឦសាន នៃប្រទេសកម្ពុជា ឲ្យវៀតណាមខាងជើង យកធ្វើផ្លូវដឹកជញ្ជូនស្បៀង និងសព្វាវុធទៅធ្វើសង្រ្គាមជាមួយវៀតណាម ខាងត្បូង និងអាមេរិកជាសម្ព័ន្ធមិត្ត៕