(បាត់ដំបង)៖ នៅក្នុងការប្រកាសឱ្យដំណើរការជាផ្លូវការកម្មវិធីអភិវឌ្ឍន៍ជំនាញ (Skills Development Programme) សម្រាប់ខេត្តបាត់ដំបង ឆ្នាំ២០២១-២០២៤ ក្រសួងទេសចរណ៍ក៏មានគម្រោងបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចដល់អ្នកជំនាញទេសចរណ៍ឱ្យបាន៤០០នាក់នៅខេត្តបាត់ដំបង សម្រាប់ឆ្នាំ២០២៣ខាងមុខ។

ការប្រកាសនេះធ្វើឡើងនាសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធាន គ.គ.ហ. រួមជាមួយលោក Christian Volker Ide ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ Swisscontact និងលោក ឆាយ ម៉ាទីណាល់ អភិបាលរងខេត្តបាត់ដំបង ដោយមានសមាសភាពចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត ប្រតិបត្តិករទេសចរណ៍ និងអ្នកជំនាញទេសចរណ៍សរុបប្រមាណ១០០នាក់។

លោក ប៉ាក់ សុខុម បានឱ្យដឹងថា ក្រសួងទេសចរណ៍មានគម្រោងបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចដល់អ្នកជំនាញទេសចរណ៍ឱ្យបាន៤០០នាក់នៅខេត្តបាត់ដំបង សម្រាប់ឆ្នាំ២០២៣ខាងមុខ។ គម្រោងនេះដែរ ក្រសួងទេសចរណ៍ដែលមានគណៈកម្មការគ្រប់គ្រងគម្រោងហូកា គឺមានកិច្ចសហការជិតស្និទ្ធជាមួយអង្គការ Swisscontact។

លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន គ.គ.ហ. បានលម្អិតថា ការដាក់បញ្ចូលខេត្តបាត់ដំបងទៅក្នុងគោលដៅគម្រោងសម្រាប់ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចនេះ គឺជាយុទ្ធសាស្ត្រមួយរបស់គណៈកម្មការគ្រប់គ្រងគម្រោងហូកានៃក្រសួងទេសចរណ៍ ដើម្បីជំរុញលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ក្នុងខេត្តឱ្យបានកាន់ល្អប្រសើរ តាមរយៈការពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់បុគ្គលិក ដែលសម្រាប់ឆ្នាំ២០២៣ខាងមុខនេះគម្រោងនឹងផ្តល់ការបណ្តុះបណ្តាលដល់គ្រូបង្គោលចំនួន៦០នាក់ និងអ្នកជំនាញទេសចរណ៍ចំនួន៣៥០នាក់ លើជំនាញសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ការិយាល័យជួរមុខ គេហកិច្ច និងជំនាញឆុងកាហ្វេ។

លោករដ្ឋលេខាធិការ ប៉ាក់ សុខុម បានស្នើឱ្យម្ចាស់អាជីវកម្មទាំងអស់ក្នុងខេត្តពិនិត្យលទ្ធភាពជំរុញការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពបន្ថែមដល់អ្នកជំនាញទេសចរណ៍ឱ្យបានកាន់តែផុលផុស ជាពិសេសការបណ្តុះបណ្តាលខាងក្នុងមូលដ្ឋានអាជីវកម្ម (In-house training) ដែលបង្រៀនដោយគ្រូបង្គោលហូកា។

លោកបានស្នើឱ្យម្ចាស់អាជីវកម្មទាំងអស់ក្នុងខេត្តចាត់បញ្ជូនបុគ្គលិកឱ្យចូលរួមវគ្គបណ្តុះបណ្តាលខាងលើឱ្យបានផុលផុស ខណៈកម្មវិធីបណ្តុះបណ្តាលខាងលើគឺឥតគិតថ្លៃ ដែលអាចឱ្យម្ចាស់អាជីវកម្មទាំងអស់មានធនធានមនុស្សល្អៗបន្ថែមទៀត ដើម្បីពង្រឹងគុណភាពសេវាកម្មរបស់ខ្លួនឱ្យបានកាន់តែល្អប្រសើរ និងកើនប្រាក់ចំណូលផងដែរ។

លោក Christain Volker Ide បានថ្លែងថា ខេត្តបាត់ដំបង ជាគោលដៅថ្មីរបស់កម្មវិធីអភិវឌ្ឍន៍ជំនាញដែលអង្គការស្វីសខន់ថាក់កំពុងយកចិត្តទុកដាក់ សំដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តបាត់ដំបងក្នុងការផ្តល់នូវច្រកសិក្សាជំនាញវិជ្ជាជីវៈដល់យុវជន យុវនារី និងអ្នកជំនាញកម្រិតទាបក្នុងខេត្ត ដើម្បីទទួលបាលឱកាសការងារ និងបង្កើនប្រាក់ចំណូលសមរម្យ ក៏ដូចជាចូលរួមពង្រឹងសមត្ថភាពមន្ត្រីជំនាញមន្ទីរទេសចរណ៍។

លោកបានបន្តទៀតថា អង្គការស្វីសខន់ថាក់នឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិជាមួយដៃគូរអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ដើម្បីកៀរគរប្រភពធនធាននិងបច្ចេកទេស សំដៅគាំទ្រការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចហូកានេះឱ្យបានកាន់តែច្រើនបន្ថែមទៀត ជាពិសេសការពង្រីកវិសាលភាពទៅកាន់ខេត្តផ្សេងៗទូទាំងប្រទេស។

សូមរំលឹកថា កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ជាសមាសធាតុមួយរបស់កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដែលទទួលបានការគាំទ្រថវិកាពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) អនុវត្តគម្រោងដោយអង្គការស្វីសខន់ថាក់ ដោយគាំទ្រក្រសួងទេសចរណ៍តាមរយៈគណៈកម្មការគ្រប់គ្រងគម្រោងហូកា ដើម្បីបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចដល់យុវជន យុវនារី អ្នកជំនាញកម្រិតទាប ម្ចាស់អាជីវកម្ម និងសហគមន៍ទេសចរណ៍នៅខេត្តចំនួន១០នៅភូមិភាគឦសាន និងជុំវិញបឹងទន្លេសាប។ ត្រឹមត្រីមាសទី៣ ឆ្នាំ២០២២ គណៈកម្មការគ្រប់គ្រងគម្រោងហូកាបានបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍សរុបចំនួន១,១២៣នាក់ លើជំនាញគេហកិច្ច ការិយាល័យជួរមុខ សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ចុងភៅ និងជំនាញឆុងកាហ្វេ៕