(កូសូវ៉ូ)៖ Hacker វ័យក្មេងមួយរូបត្រូវបានតុលាការចេញសេចក្ដីប្រកាសសម្រេចដាក់ពន្ធធនាគារចំនួន ២៥ឆ្នាំ ពីបទលួចឯកសារ និងទិន្នន័យផ្ទាល់ខ្លួនរបស់ទាហានអាមេរិក ព្រមទាំងបានបញ្ជួនទៅឲ្យក្រុមឧទ្ទាម ISIS។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Next Web ចេញផ្សាយនៅរសៀលថ្ងៃទី១៦ ខែមិថុនា។
Hacker ឈ្មោះ Ardit Ferizi វ័យ ២០ឆ្នាំ ប្រើឈ្មោះក្លែងក្លាយ Th3Dir3ctorY បានធ្វើការ Hack ចូលប្រព័ន្ធគ្រប់គ្រង់ទិន្នន័យរបស់យោធាអាមេរិក ដោយបានប្រមូលនូវទិន្នន័យផ្ទាល់ខ្លួនរបស់ទាហានចំនួន ១,៣០០នាក់ និងបានផ្ញើទៅឲ្យក្រុមឧទ្ទាម ISIS តាមរយៈ Hacker មួយរូបទៀតឈ្មោះ Junaid Hussain ដែលត្រូវបានគេស្គាល់ថា ជាសមាជិកសកម្មប្រយុទ្ធរបស់ក្រុមឧទ្ទាម ISIS។
លោក Ferizi បាន Hack ចូល និងលួចទិន្នន័យខាងលើតាំងពីចុងឆ្នាំ ២០១៥ ហើយត្រូវបានអាជ្ញាធរម៉ាឡេស៊ី សហការជាមួយសហរដ្ឋអាមេរិក ចាប់ខ្លួនបាន ព្រមទាំងបញ្ជូនទៅកាន់ប្រទេសកូសូវ៉ូ ដើម្បីកាត់ទោស ប៉ុន្តែមុនពេលបញ្ជូនទៅ ត្រូវបានតុលាការអាមេរិក សួរចម្លើយពាក់ព័ន្ធនឹងករណី Hack ខាងលើ ដោយរូបគេបានសារភាពរាល់ទង្វើដែលគេបានធ្វើ ទើបតុលាការកូសូវ៉ូ សម្រេចដាក់ទោស ២៥ឆ្នាំ ព្រោះ Hacker វ័យក្មេងម្នាក់នេះ បានប្រព្រឹត្តបទល្មើសចំនួន២ គឺទី១ លួចទិន្នន័យតាមប្រព័ន្ធអនឡាញ និងទី២ ចូលរួមជាក្រុម ISIS ក្នុងការបំផ្លាញ់ពិភពលោក៕