(ប៉េកាំង)៖ រដ្ឋាភិបាលចិន បានរំលឹកជាថ្មីដល់សហរដ្ឋអាមេរិក កុំឲ្យជ្រៀតជ្រែនៅក្នុងបញ្ហាផ្ទៃក្នុងរបស់ចិន ដូចជារឿងចិន និងទីបេជាដើម ព្រោះវាអាចនឹងធ្វើឲ្យទំនាក់ទំនងទ្វេភាគីរវាងចិន និងអាមេរិក មានភាពល្អក់កករ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦។
ការចេញសេចក្ដីក្រើនរំលឹកដល់អាមេរិក ត្រូវបានធ្វើឡើងក្រោយពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានជួបពិភាក្សាបិទទ្វារជាមួយនឹងសម្ដេចសង្ឃ ដាឡៃ ឡាម៉ា នៅសេតវិមាន នាថ្ងៃពុធម្សិលមិញនេះ។
«កិច្ចការទីបេ គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ដូច្នេះគ្មានប្រទេសបរទេសណាមានសិទ្ធិមានជ្រៀតជ្រែកបានឡើយ»។ នេះជាសំដីរបស់លោក Lu Kang អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅរសៀលថ្ងៃនេះ។
លោក Lu បានឲ្យដឹងទៀតថា សម្ដេចសង្ឃ ដាឡៃ ឡាម៉ា មានតួនាទីជាអ្នកផ្សព្វផ្សាយសាសនា ប៉ុន្តែរឿងការចង់បានឯករាជ និងចង់ផ្ដាច់ចេញពីចិននោះ វាមិនមែនជារឿងដែលគាត់ត្រូវលើកយកទៅពិភាក្សាជាមួយនឹងបណ្ដាប្រទេសផ្សេងឡើយ ពោលគឺមានតែចិនមួយប៉ុណ្ណោះ ដែលអាចដោះស្រាយបញ្ហានេះបាន។
គួរបញ្ជាក់ផងដែរថា នៅកិច្ចជំនួបបិទទ្វាររវាងលោក អូបាម៉ា និងសម្ដេចសង្ឃ ដាឡៃ ឡាម៉ា ត្រូវបានចិនយល់ឃើញថា បានលើកយកបញ្ហាទីបេ ចង់ផ្ដាច់ខ្លួនចេញពីចិន ដែលចំណុចនេះហើយទើបចិន រំលឹកអាមេរិកកុំឲ្យលួកដៃក្នុងកិច្ចការផ្ទៃក្នុង៕