(កំពង់ធំ)៖ លោក ដៀប ពីរី សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ និងលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នាងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធបតីបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ នៅក្រុងស្ទឹងសែន ដោយមានការចូលរួមពីសំណាក់សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាឃុំ និងតំណាងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ នៅសាលាក្រុងស្ទឹងសែន។

លោក ដៀប ពីរី បានឱ្យដឹងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត បានផ្តល់ឱកាសដល់ក្រុមប្រឹក្សាគ្រប់ថ្នាក់ អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់អាចចូលរួមក្នុងការផ្តល់មតិយោបល់ចំពោះការអភិវឌ្ឍមូលដ្ឋាន សមិទ្ធផល បញ្ហាប្រឈម និងសំណូមពរនានាសម្រាប់ការពិភាក្សា និងតាមរយ:ការឆ្លើយតបបានទាន់ពេលវេលាពីស្ថាប័នជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ។

លោកបានបន្ដថា វេទិកានេះគឺជាយន្តការមួយដើម្បីលើកកម្ពស់គណនេយ្យ តម្លាភាព និងការឆ្លើយតបរបស់ក្រុមប្រឹក្សាខេត្ត ជាមួយនឹងប្រជាពលរដ្ឋ ដើម្បីធានាថា រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវបានពិនិត្យ និងដោះស្រាយនិងឆ្លើយតប (បានឬមិនបាន) ហើយគ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋាន ត្រូវបានចូលរួមក្នុងអង្គពិធីនេះផងដែរ។

ជាមួយគ្នានោះដែរលោក ងួន រតនៈ បានបញ្ជាក់ដែរថា វេទិកានាឱកាសនេះ ពិតជាបានបំពេញនូវតួនាទីបានល្អ ក្នុងគោលបំណងផ្សព្វផ្សាយផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋនូវសមិទ្ធផលនានា ដែលបានអនុវត្តការងារកន្លងមក ក្នុងកម្រិតក្រុង កម្រិតខេត្ត ជូនអង្គពិធី និងទទួលយកនូវអ្វីដែលថ្មី ព្រមទាំងបញ្ហាប្រឈមនានា ដើម្បីស្វែងរកដំណោះស្រាយ និងរៀបចំផែនការធ្វើបន្ត អភិវឌ្ឍន៍ក្នុងមូលដ្ឋាន ដើម្បីធានាការផ្តល់សេវាសាធារណៈ និងលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់បងប្អូនឱ្យកាន់តែប្រសើរឡើង ។

លោក ងួន រតនៈ បានបញ្ជាក់បន្ថែមទៀតថា នៅក្នុងវេទិកានេះយើងទទួលបានសំនួរ និងសំណូមពរ សរុបចំនួន ៣៩ រួមមានការស្នើសុំជួសជុលផ្លូវ លូរំដោះទឹក បញ្ហាអគ្គិសនី ទំនាស់ដីធ្លី ការផ្ដល់សេវារដ្ឋបាល បញ្ហាបរិស្ថានអនាម័យ និងបញ្ហានានាជាដើម ក្នុងនោះបានដោះស្រាយឆ្លើយតបភ្លាមៗបានមួយចំនួន ចំពោះសំណួរ និងសំណូមពរដែលនៅសេសសល់ទាំងប៉ុន្មាននឹងយកមកលើកដាក់ក្នុងអង្គប្រជុំរបស់ក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យដោះស្រាយ ព្រមទាំងផ្តល់នូវព័ត៌មានត្រឡប់ជូនដល់លោក លោកស្រី និងប្រជាពលរដ្ឋវិញតាមរយៈក្រុមប្រឹក្សា គណៈអភិបាលស្រុក និងក្រុមប្រឹក្សាឃុំ ដោយមានការបញ្ជាក់ពីមូលហេតុច្បាស់លាសជូនផងដែរ៕