(សិង្ហបុរី)៖ ក្រុមអ្នកជំនាញបាននិយាយថា របៀបវាៈសំខាន់បំផុតរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថ្មី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បន្ទាប់ពីចូលកាន់តំណែង គឺត្រូវអនុម័តថវិកាជាតិសម្រាប់ឆ្នាំ២០២៣ ដែលនឹងជួយពង្រឹងភាពស្របច្បាប់ក្នុងតួនាទីថ្មីរបស់លោកផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។
មន្ត្រីជាន់ខ្ពស់នៃវិទ្យាស្ថានកិច្ចការអន្តរជាតិសិង្ហបុរី លោក Oh Ei Sun បាននិយាយថា ការអនុម័តថវិកាជាតិប្រចាំឆ្នាំ ត្រូវបានគេមើលឃើញថា ជាការបោះឆ្នោតទំនុកចិត្តពីសភាទាំងមូល ហើយនឹងជួយទប់ទល់នឹងបញ្ហាប្រឈមពីមេដឹកនាំមកពី បក្សប៉ឺរីកាតាន់ ណាសិនណាល់ (Perikatan Nasional) លោក Muhyiddin Yassin។
គួរឲបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍នេះ មហាក្សត្រម៉ាឡេស៉ី ព្រះចៅស៊ូលតង់ អាប់ឌូលឡោះ ស៊ូតង់ អាមេដ ស្សា (Abdullah Sultan Ahmad Shah) បានសម្រេចព្រះទ័យជ្រើសរើស លោក អាន់វ៉ា ឱ្យកាន់តំណែងនាយករដ្ឋមន្រ្តី បន្ទាប់ទ្រង់បានជួបជាមួយសមាជិកសភាមួយចំនួន ព្រមទាំងបានកោះប្រជុំក្រុមប្រឹក្សាព្រះចៅស៊ូលតង់ម៉ាឡេស៉ី លើបញ្ហានៃការបង្កើតរដ្ឋាភិបាលថ្មី។
ក្នុងការបោះឆ្នោតសកល កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ក្រុមគណបក្សចម្រុះ ប៉ាកាតាន់ ហារ៉ាប៉ាន់ (Pakatan Harapan ឬ PH) របស់លោក អាន់វ៉ា ឈ្នះបានអាសនៈច្រើនជាងគេ គឺ៨២អាសនៈ ខណៈក្រុមគណបក្សចម្រុះធំមួយទៀតគឺ ប៉ឺរីកាតាន់ ណាសិនណាល់ (Perikatan Nasional ឬ PN) របស់អតីតនាយករដ្ឋមន្រ្តី មូយីដឌីន យ៉ាស្ស៉ីន (Muhyiddin Yassin) បាន៧៣អាសនៈ ប៉ុន្តែសុទ្ធតែមិនគ្រប់១១២អាសនៈ ឬស្មើនឹង៥០ភាគរយ ដែលចាំបាច់សម្រាប់ការបង្កើតរដ្ឋាភិបាលឡើយ៕