(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែវិចិ្ឆកា ឆ្នាំ២០២២ លោក ហ៊ុន ប៊ុនធឿន បានសេចក្តីលិខិតបំភ្លឺមួយច្បាប់ជូនសាធារណជន ពាក់ព័ន្ធករណីក្រុមគ្រួសារ លោកស្រី ងួន សាវ៉ន ដែលមានគ្នាជាង១០នាក់ បានចូលទៅរំលោភកាន់កាប់ដោយខុសច្បាប់លើដីរបស់លោក ហ៊ុន ប៊ុនធឿន ដែលជាម្ចាស់អចលនវត្ថុស្របច្បាប់ មានទីតាំងស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ។

ខាងក្រោមជាខ្លឹមសារ និងសេចក្តីបំភ្លឺទាំងស្រុងរបស់លោក ហ៊ុន ប៊ុនធឿន និងបញ្ជាក់ដោយមេធាវី យូ លីមហួត៖

លោក ហ៊ុន ប៊ុនធឿន ដែលជាម្ចាស់អចលនវត្ថុស្របច្បាប់ បានបំភ្លឺករណីក្រុមគ្រួសារលោកស្រី ងួន សាវ៉ន បានដឹកនាំបក្ខពួកមានគ្នា ប្រមាណជាង១០ នាក់ (រួមទាំងក្មេងតូចៗផង) ចូលទៅរំលោភកាន់កាប់ដោយខុសច្បាប់លើដីរបស់ខ្ញុំបាទ មានទីតាំងស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ថា ៖ ខ្ញុំបាទបានទិញដីមួយ កន្លែងពីប្តី-ប្រពន្ធឈ្មោះ ងួន ប៉ុន-ហួត ងៀម (ត្រូវជាឪពុកម្តាយរបស់លោកស្រី ងួន សាវ៉ន) តាមរយៈលិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីលេខ៧៩១ ល.ប ចុះថ្ងៃទី ២៦-១២-១៩៩៨ ហើយបានប្រគល់ប្រាក់ថ្លៃទិញលក់ដីរួចរាល់ តាមរយៈកិច្ចសន្យាប្រគល់ និងទទួលប្រាក់ផ្តាច់ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩៩៨ ដែលមានសពលោកស្រី ហួត ងៀម ជាអ្នកផ្តិតមេដៃទទួលប្រាក់ផ្តាច់នេះ។

ក្រោយពីបានទិញរួច ខ្ញុំបាទបានសុំគោលការណ៍ពីសាលាក្រុងជីកយកអាចម៍ដីតំបន់នោះក្លាយជាស្រះទឹកចំនួន៣លើក ដែលមានជម្រៅពី១៥ម៉ែត្រទៅ១៨ម៉ែត្រ។ នៅឆ្នាំ២០១២ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យកំណត់ផ្ទៃបឹងពោងពាយខាងជើង និងបឹងពោងពាយខាងត្បូង ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី សង្កាត់ឃ្មួញ និងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ (បច្ចុប្បន្នខណ្ឌសែនសុខ) រាជធានីភ្នំពេញ មានទំហំ១៤០.៣២ ហិកតា ជាសម្បត្តិសាធារណៈរបស់រដ្ឋ ដោយរួមទាំងដីរបស់ខ្ញុំបាទផង។

ក្រោយមក តាមការស្នើសុំរបស់ខ្ញុំបាទដោយមានឯកសារគតិយុត្តបញ្ជាក់គ្រប់គ្រាន់ រាជរដ្ឋាភិបាលក៏បានចេញលិខិតជូនដំណឹងលេខ៦៩១ សជណ.ផក ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ ២០១៤ សម្រេចលុបរណ្តៅដីទំហំ៧,៤ ហិកតា និងប្រគល់ឲ្យរូបខ្ញុំបាទធ្វើការអភិវឌ្ឍ ហើយមន្ទីរ ដ.ន.ស.ស រាជធានីភ្នំពេញ ក៏បានចេញវិញ្ញាបនបត្រសម្គាល់អចលនវត្ថុលេខ ១២០៨០១០៤-៤៧០៨ ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦ ដោយប្រគល់ដីនេះឲ្យខ្ញុំបាទ ជាម្ចាស់កម្មសិទ្ធិស្របច្បាប់។

ស្រាប់តែក្នុងអំឡុងចុងឆ្នាំ២០១៦ (គិតពីឆ្នាំ១៩៩៨ គឺមានរយៈពេល១៨ឆ្នាំ) ស្របពេលជាមួយដីឡើងថ្លៃ ទើបឈ្មោះ ងួន សាវ៉ន និងបក្ខពួក រួមមានឈ្មោះ គៀត សុភ័ក្រ ឈ្មោះ គៀត សុភា ឈ្មោះ ខេន ចាន់ថន និងឈ្មោះ មុយ ជា (បច្ចុប្បន្នស្លាប់) បានឃុបឃិតគ្នាបង្កើតជាឯកសារមិនពិតជាច្រើន រួមមាន ៖ លិខិតជូនដំណឹងស្តីពីមរណៈភាព លើសពលោកស្រី ហួត ងៀម ចុះថ្ងៃទី១៤-១២-២០១៦ ចេញដោយឈ្មោះ មុយ ជា, លិខិតជូនដំណឹងស្តីពីមរណៈភាពរបស់សពលោក ងួន ប៉ុន ចុះថ្ងៃទី១៤-១២-២០១៦ ចេញដោយឈ្មោះ មុយ ជា និង លិខិតបញ្ជាក់ព្រំដី ដែលការបញ្ជាក់នេះ មិនមានភាពត្រឹមត្រូវតាមស្ថានភាពជាក់ស្តែងនៃការកាន់កាប់ដី និងខុសពីសិទ្ធិអំណាចខ្លួនដែលជាមេ៥០ខ្នង និងមេភូមិឡើយ។ ខ្ញុំ សូមបញ្ជាក់ថាតាមច្បាប់ ការចេញលិខិតបញ្ជាក់មរណភាព គឺត្រូវចេញដោយចៅសង្កាត់ ប៉ុន្តែដោយសារតែចៅសង្កាត់បានដឹងរឿងច្បាស់ និងមិនព្រមឃុបឃិតចេញលិខិតបញ្ជាក់ខុសច្បាប់ ទើបពួកគេទៅឃុបឃិតជាមួយឈ្មោះ មុយ ជា និង ខេន ចាន់ថន ដើម្បីចេញលិខិតជូនដំណឹងស្តីពីមរណភាពទៅវិញ។

ក្រោយពីឃុបឃិតគ្នាជាប្រព័ន្ធ ក្នុងការផលិតលិខិតបញ្ជាក់មិនពិតនេះ ឈ្មោះ ងួន សាវ៉ន និងបក្ខពួក បានប្ដឹងរូបខ្ញុំបាទ ទៅគ្រប់ស្ថាប័នមានសមត្ថកិច្ច រួមមាន ៖ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច, អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី, ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី, រដ្ឋសភា, ក្រសួងមហាផ្ទៃ, នាយកដ្ឋានកណ្តាលសន្តិសុខ, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសាលាដំបូងរាជធានីភ្នំពេញ ក្នុងគោលបំណង ចាប់ខ្ញុំបាទដាក់ពន្ធនាគារដើម្បីបានដីរបស់ខ្ញុំបាទ ទាំងបំពានច្បាប់។

ប៉ុន្តែក្រោយពីបានពិនិត្យត្រឹមត្រូវលើទម្រង់និងគតិច្បាប់ គ្រប់ស្ថាប័នដែលបានទទួលពាក្យបណ្តឹងរបស់លោកស្រី ងួន សាវ៉ន និងបក្ខពួក តែងតែបដិសេធ និងច្រានចោលពាក្យបណ្តឹងរបស់ឈ្មោះនេះ ក្រោមហេតុផលថា ដីខាងលើជាកម្មសិទ្ធិស្របច្បាប់របស់ខ្ញុំបាទ ហើយរាល់ការប្តឹងទាមទារទាំងឡាយរបស់លោកស្រី ងួន សាវ៉ន គឺជាការបំពានសិទ្ធិកម្មសិទ្ធិរបស់ខ្ញុំបាទ។

ចុងក្រោយនៅឆ្នាំ២០១៩ នាយកដ្ឋានកណ្តាលសន្តិសុខនៃក្រសួងមហាផ្ទៃបានចេញរបាយការណ៍សំយោគលេខ ០៧៤ របក/នកស ចុះថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៩ បានបញ្ជាក់ថាពាក្យបណ្តឹងរបស់ឈ្មោះ ងួន សាវ៉ន និងបក្ខពួក ដែលបានប្តឹងខ្ញុំបាទពីបទក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែងនេះ មិនមានភាពប្រក្រតីឡើយ។ ម្យ៉ាងទៀតការចោទប្រកាន់ថាស្នាមមេដៃរបស់ឈ្មោះ ងួន ប៉ុន លើលិខិតផ្ទេរសិទ្ធិដោយមានការបញ្ជាក់ពីចៅសង្កាត់ឈ្មោះ ជុំ សារ៉ាយ លេខ៧៩១ លប ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៩៨ មិនមានសាក្សីបញ្ជាក់ និងសំណៅឯកសារសម្រាប់ប្រៀបធៀប។

ភាពមិនប្រក្រតីមួយទៀតគឺ ការអះអាងលើពេលវេលានៃការស្លាប់របស់ឈ្មោះ ងួន ប៉ុន ដោយឈ្មោះ ងួន សាវ៉ន តាមរយៈលិខិតជូនដំណឹងស្តីពីមរណៈភាព ដែលធ្វើឡើងដោយមេភូមិបាយ៉ាប ឈ្មោះ មុយ ជា ធ្វើនៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១៦ មិនអាចយកជាផ្លូវការបាន ដោយតម្រូវឲ្យមានសាលក្រមបញ្ជាក់ពីមរណៈភាពរបស់តុលាការ។ ទន្ទឹមនឹងនេះ ក៏បានរកឃើញព័ត៌មានមិនត្រឹមត្រូវដោយសារថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ១៩៩៨ ត្រូវនឹងថ្ងៃអាទិត្យ មិនមែនជាថ្ងៃពុធ ដូចក្នុងលិខិតដែលបង្ហាញពីភាពមិនច្បាស់លាស់ នៃការបញ្ជាក់។ ជាពិសេស មានសាក្សីឈ្មោះ ទុយ ប៉ាង បានបញ្ជាក់ថា ឈ្មោះ ងួន ប៉ុន បានស្លាប់ក្រោយកាលបរិច្ឆេទនៃលិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ដែលជាកម្មវត្ថុនៃបណ្តឹង គឺ ក្រោយថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩៩៩ ។

ជារួមដីនោះគឺរូបខ្ញុំបាទបានទិញដោយត្រឹមត្រូវពីឪពុកម្តាយរបស់ឈ្មោះ ងួន សាវ៉ន ហើយបានជីកយកអាចម៌ដីជាស្រះ ហើយប្រសិនបើមិនមានការទិញលក់ត្រឹមត្រូវទេ ម្ល៉េះមានការប្តឹងតវ៉ាតាំងពីពេលជីកយកអាចមន៍ដីនៅឆ្នាំ១៩៩៨ មកម្ល៉េះ ហើយនៅពេលដែលរាជរដ្ឋាភិបាលសម្រេចកំណត់យកទីតាំងបឹងនោះជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋក៏មិនដែលឃើញឈ្មោះ ងួន សាវ៉ន ប្តឹងទាមទារមកវិញដែរ។ លុះដល់ខ្ញុំធ្វើការអភិវឌ្ឍហើយដោយដីនៅម្តុំនោះឡើងថ្លៃស្រាប់តែចេញមុខមកតវ៉ា ដោយគ្មានឯកសារនិងមូលដ្ឋានច្បាប់អ្វីជាសំអាងទាល់តែសោះ ហើយរាល់ការប្តឹងរបស់ឈ្មោះ ងួន សាវ៉ន ត្រូវបានគ្រប់ស្ថាប័នមានសមត្ថកិច្ចទាំងអស់រួមទាំងតុលាការផងតែងតែបដិសេធ និងច្រានចោលពាក្យបណ្តឹងរបស់ឈ្មោះនេះ ក្រោមហេតុផលថា ដីខាងលើជាកម្មសិទ្ធិស្របច្បាប់របស់ខ្ញុំបាទ ហើយរាល់ការប្តឹងទាមទារទាំងឡាយរបស់លោកស្រី ងួន សាវ៉ន គឺជាការបំពានសិទ្ធិកម្មសិទ្ធិរបស់ខ្ញុំបាទ។

ខាងក្រោមជាសេចក្តីបំភ្លឺរបស់លោក ហ៊ុន ប៊ុនធឿន ចំពោះលោក ងួន សាវ៉ន និងបក្ខពួក៖