(កណ្តាល)៖ មន្ត្រីនគរបាលខេត្ដកណ្តាលចំនួន២៨៣នាក់ ត្រូវបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋាន្តរស័ក្តិជូន ក្រោយបានបំពេញការងារបានល្អ។ ពិធីប្រកាសនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រោមវត្តមានលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងនាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក នៃក្រសួងមហាផ្ទៃ។
លោក គង់ សោភ័ណ្ឌ បានការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំបំពេញការងារនាពេលកន្លងមករបស់មន្រ្តីនគរបាល ដែលទទួលបានការតែងតាំង និងបំពាក់ឋានន្តរស័ក្តិនាឱកាសនេះ ក៏ដូចជាមន្រ្តីនគរបាលគ្រប់ថ្នាក់ ដែលបានអនុវត្តយ៉ាងយកចិត្តទុកដាក់លើការងារសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ការរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពមូលដ្ឋាន ការផ្តល់សេវាសាធារណៈ ការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិនានា ជាពិសេសបានយកចិត្តទុកដាក់ចូលរួមយ៉ាងសកម្ម និងប្រកបដោយភាពម្ចាស់ការ ក្នុងការអនុវត្តវិធានការនានា របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
លោកអភិបាលខេត្ត បានស្នើដល់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត គណៈស្នងការ មន្រ្តីនគរបាលគ្រប់ផ្នែក គ្រប់ថ្នាក់ សូមបន្តផ្តល់ការគាំទ្រ និងចូលរួមជាមួយមន្រ្តីដែលទទួលបានការតែងតាំង និងបំពាក់ឋានន្តរស័ក្តិ នាឱកាសនេះ ដើម្បីរួមគ្នាបន្តថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធរណៈដើម្បីផ្តល់ឱកាសដល់រដ្ឋបាលខេត្ត មានលទ្ធភាពក្នុងការអភិវឌ្ឍខេត្តឱ្យកាន់តែរីកចម្រើនជាបន្តទៀត។
ថ្លែងក្នុងពិធីនេះដែរ នាយឧត្តមសេនីយ៍ ប៉ែន វិបុល បានចូលរួមសំណេះសំណាល និងផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងចូលរួមអបអរសាទរចំពោះកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលទទួលបានការយក ចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ហើយត្រូវបានទទួលការលើកទឹកចិត្ត តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ចំពោះការខិតខំប្រឹងប្រែង ក្នុងការការពារសន្តិ សុខជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋកន្លងមក។
លោកក៏បានផ្តល់អនុសាសន៍ និងផ្តាំផ្ញើដល់នាយនគរបាល និងពលនគរបាលទាំងអស់ ត្រូវរួបរួមគ្នាធ្វើការងារ សាមគ្គីភាព ឯកភាពផ្ទៃក្នុង ខិតខំទប់ស្កាត់ឱ្យបាននូវបទល្មើសនានា ដូចជា ការជួញដូរគ្រឿងញៀន បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បន្តចុះបង្ក្រាបបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវអភិក្រមទាំង៥ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។
ស្ថិតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់ថា ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្រ្តីនរគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលនាពេលនេះ រួមមាន៖ ស្នងការរងចំនួន៩នាក់ នាយការិយាល័យ៩នាក់ នាយរងការិយាល័យ៣៣នាក់ និងថ្នាក់អធិការរងចំនួន៤៩នាក់ និងបំពាក់ឋានន្តរស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ត្រី៤នាក់ វរសេនីយ៍ឯក ១១នាក់ វរសេនីយ៍ទោ ៦៣នាក់ វរសេនីយ៍ត្រី១៣៤នាក់ អនុសេនីយ៍ឯក២នាក់ និងអនុសេនីយ៍ទោ២នាក់៕