(ភ្នំពេញ)៖ ប្រភពផ្ទៃក្នុងគណបក្សសង្គ្រោះជាតិបានទម្លាយឲ្យដឹងថា ប៉ុន្មានថ្ងៃនេះ មានកិច្ចប្រជុំផ្ទៃក្នុងនៅស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ នៅចាក់អង្រែ ហើយបានប្រកាសដាក់ចេញផែនការបន្ត ៣ចំណុចក្នុងនោះ
ទី១៖ អំពីគណបក្សសង្គ្រោះជាតិ ដាក់ថ្វាយលិខិតសុំចូលគាល់ព្រះមហាក្សត្រ ដើម្បីរាយការណ៍ពីស្ថានភាពនយោបាយ
ទី២៖ អំពីគ្រោងធ្វើពិធីសាសនានៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដើម្បីនិយាយអំពីប្រវត្តិបែកបាក់កម្ពុជា ក្នុងសម័យចេនឡាទឹក និងចេនឡាគោក
ទី៣៖ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទាំង៥៥រូប ប្រកាសដើរចូលគុក ប្រសិនបើការយកញត្តិថ្វាយព្រះមហាក្សត្រជាប់ទោសព្រហ្មទណ្ឌ។
នៅបន្ទាប់កិច្ចប្រជុំ និងការប្រកាសផែនការនេះ មន្ត្រីផ្ទៃក្នុងមួយចំនួនបានទម្លាយចេញដោយចំអកឲ្យគណបក្សសង្គ្រោះជាតិ គួរឲ្យអស់សំណើច។ ចំណុចដែលអស់សំណើចបំផុតនៅត្រង់ ការលើកឡើងថា «តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំង៥៥រូប ប្រកាសដើរចូលគុក ប្រសិនបើការយកញត្តិថ្វាយព្រះមហាក្សត្រ [ដែលមានមនុស្សម្នាក់ផ្តិតស្នាមមេដៃច្រើនដងលើឈ្មោះច្រើន] ត្រូវជាប់ទោស» ។
មន្ត្រីម្នាក់បានសួរ លោក យ៉ែម បុញ្ញឫទ្ធិ ថា៖ «តើការនិយាយនេះ មានសួរយោបល់គេឯងទាំង៥៥នាក់ថា ហ៊ានដើរចូលគុកពិតប្រាកដទេ ? ហើយមានបានសួរយោបល់លោក កឹម សុខា ថា ហ៊ានចូលគុកដែរទេ? លោក កឹម សុខា សូម្បីសៀមរាបមិនហ៊ានទៅផង ! ប្រយ័ត្នប្រជាជនសើច ណា កុំភូតគេ ! ហើយបើរាប់ដល់៥៥នាក់ វាទាល់តែហ៊ានហៅលោកប្រធាន សម រង្ស៊ី ឲ្យមកចូលគុកវិញ! ប៉ុន្តែគាត់ដែលហ៊ានចូលគុក ពីអង្កាល ? ហើយនៅក្នុងចំណោម៥៤នាក់នេះ សួរថា អ្នកណាក្លាហានហ៊ានដើរចូលគុកមុនគេ?»
មន្ត្រីម្នាក់ទៀតបាននិយាយថា៖ «បើប្រកាសហ៊ានដើរចូលគុក ម៉េចក៏ទៅគៀងគរគេឯងឲ្យជួយការពារអភ័យឯកសិទ្ធិ?»
ចំពោះចំណុចដែលគណបក្សសង្គ្រោះជាតិ ដាក់លិខិតសុំចូលគាល់ព្រះមហាក្សត្រ ដើម្បីរាយការណ៍ពីស្ថានភាពនយោបាយនោះ មន្ត្រីក្នុងបក្ស សង្គ្រោះជាតិម្នាក់ទៀត បានមានយោបល់ថា៖ «ប្រយ័ត្នខ្មាសគេ ពីព្រោះជាទម្លាប់ និងយោងតាមព្រះរាជតួនាទីដ៏ឧដុង្គឧត្តមក្រៅតែពីការងារ ផ្លូវការ របស់ស្ថាប័នជាតិ គឺព្រះមហាក្សត្រ ទ្រង់មិនទទួលសវនាការជាមួយគណបក្សនយោបាយណាមួយទេ ទ្រង់មិនធ្វើការងារនយោបាយ ហើយទ្រង់ក៏មិនជ្រែត ជ្រែកគណបក្សនយោបាយណាមួយដែរ។ ដូច្នេះគណបក្សមិនគួរយក ព្រះមហាក្សត្រ របស់ជាតិ ជារូបភាពមកលេងសើចនោះទេ។ ប្រយ័ត្នជាតិថ្កោលទោស !
ព្រះបរមរាជវាំង ក៏មិនមែនចេះតែនឹកឃើញ ចង់ចូល ចង់ចេញ ស្រេចចិត្តនោះទេ ហើយមិនមែនម្តងរត់ទៅពឹងព្រះមហាក្សត្រ ម្តងពើងដាក់ព្រះមហាក្សត្រ នោះដែរ ប្រយ័ត្នជាន់កែងវ័ណ្ឌករខ្លួនឯង ! នេះជាអ្វីដែលមន្ត្រីខាងលើចំអកថា «គណបក្សសង្គ្រោះជាតិ ជាបក្សទំនើង»។
ទាក់ទងការដាក់ញត្តិថ្វាយព្រះមហាក្សត្រនេះដែរ មន្ត្រីគណបក្សសង្គ្រោះជាតិ ម្នាក់ទៀតបានលើកឡើងថា ទោះបីដាក់ថ្វាយ ប៉ុន្មានញត្តិ ប៉ុន្មានដងទៀត ក៏ព្រះមហាក្សត្រនឹងបន្តបញ្ចូនកិច្ចការនេះឲ្យមកនាយករដ្ឋមន្ត្រី ដើម្បីឲ្យមន្ត្រីបច្ចេកទេសពិនិត្យរកការពិតជាមុនដូចករណីមុនៗដែរ។ ដូច្នេះ គ្មានផ្លូវណាដែល ព្រះមហាក្សត្រ សម្រេចព្រះហឫទ័យ ដោយគ្មានមូលដ្ឋានពិតប្រាកដនោះទេ ។ ប្រយ័ត្នតែហែរចុះ ហែរឡើងកាន់តែវ័ណ្ឌកលើផ្លូវច្បាប់។ ម្យ៉ាងទៀតប្រជាជនក៏មិនមែនគាំទ្រហែរញត្តិ ហែរញោញអី បិទបាំងរឿងបុគ្គលដែរទេ !
ចំពោះការលើកឡើងពីប្រធានបទកម្ពុជា ក្នុងសម័យចេនឡាទឹក និងចេនឡាគោក ដែលនឹងត្រូវលើកនិយាយនៅថ្ងៃទី១៩ ខែមិថុនានេះនៅខេត្តសៀមរាប ត្រូវបានមន្ត្រីផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ ទម្លាយឲ្យដឹងថា ជាគំនិតរបស់ កឹម សុខា សុទ្ធសាធ។ ក្នុងអង្គប្រជុំនោះ កឹម សុខា និយាយថា គាត់ចង់ទៅចូល រួមពិធីនោះដែរ តែមិនហ៊ានទៅទេ - ខ្លាច។ ត្រង់ផែនការនេះ គ្មានអ្នកឡើងឲ្យយោបល់ទេ ប៉ុន្តែខ្លះនាំគ្នាខ្សឹបគ្នាថា៖ «រុញគេទៅ តែខ្លួនឯងរួញ! មានទឹក មានគោអីទៀត បើប្រើអស់ហើយ ហើយមកឃុំខ្លួនឯងដូចនៅក្នុងគុកទៅហើយ» Sic!
ទោះបីជាយ៉ាងណាក៏ដោយ ការដែលបក្សនយោបាយមួយយកប្រវត្តិសាស្ត្រជាតិជិត២០០០ឆ្នាំមុន មកធ្វើជាសារនយោបាយបំភ័ន្តបិទបាំងរឿងអាម៉ាសបុគ្គល គឺគ្មានន័យទេ។ នៅពេលដែលនិយាយពី «ចេនឡាទឹក និង ចេនឡាគោក» ស្រាប់តែសកម្មជនជាន់ខ្ពស់ខ្សឹបគ្នាថា៖ «ចង់និយាយថា អ្នកណាគោក? អ្នកណាទឹក? កុំចេះតែរវើរវាយ ប្រយ័ត្នគេវាយ បែកគោក បែកទាំងអស់ទឹកទៅហើយនេះ!"
ការយកប្រយោជន៍ជាតិ មកបិទបាំង «វិបត្តិក្នុងបក្ស»មួយ គឺជារឿងអសីធម៌បំផុតចំពោះជាតិ និងប្រជាជន។ កម្ពុជាបច្ចុប្បន្នកំពុងមានការឯកភាពជាតិ ទឹកដី និង ប្រជាជនរួចទៅហើយ។ កម្ពុជាគ្មានទឹកដីសម្រាប់ការបំបែករដ្ឋ សម្រាប់ការបង្កើតក្រុមឧទ្ទាម ឬសម្រាប់ជាមូលដ្ឋានបដិវត្តន៍ពណ៌នោះទេ ហើយក៏មិនអនុញ្ញាតបក្សនយោបាយមួយធ្វើទង្វើរបៀបឆ្កួតលីលា ដូចអ្វីដែលគណបក្សសង្គ្រោះជាតិប៉ុនប៉ងធ្វើនេះជាដាច់ខាត៕
ដោយ៖ សេនាជាតិ