(ភ្នំពេញ)៖ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងជាប្រធានកិត្តិយស នៃអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦នេះ បានដឹកនាំគណៈប្រតិភូអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ នាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពជា ទៅចែកជូនគ្រួសារប្រជាពលរដ្ឋ ដែលជួបការលំបាក ចំនួន១៥គ្រួសារ ស្ថិតក្នុងភូមិឫស្សី ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
សកម្មភាពចុះចែកអំណោយមនុស្សធម៌នេះ ក៏មានការចូលរួមពីលោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកកបាទក្រហមខណ្ឌមានជ័យ លោកស្រី ខឹម វណ្ណី នាយករងរដ្ឋបាលខណ្ឌមានជ័យ លោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ និងលោកមេភូមិដំណាក់ធំ ព្រមទាំងសមាជិក សមាជិកា កាកបាទក្រហមខណ្ឌ និងយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងខណ្ឌមានជ័យ សរុបចំនួន៣២នាក់។
សូមជម្រាបថា អំណោយមនុស្សធម៌ដែលត្រូវចែកជូននេះ រួមមាន អង្ករ១បាវ ក្នុងមួយបាវ៣០គីឡូក្រាម, ត្រីខ១យួរ, មីចំនួន១កេះ, ឃីត១កញ្ចប់ (សារុង មុង ភួយ ក្រម៉ា), ទឹកត្រី១យួរ, ទឹកស៊ីអ៉ីវ១យួរ រួមទាំងថវិកាមួយគ្រួសារ ចំនួន៣០,០០០រៀល ផងដែរ៕