(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន (CMIC) បានចុះកិច្ចព្រមព្រៀងទិញថាមពលអគ្គិសនី ពីអគ្គិសនីកម្ពុជា សម្រាប់បម្រើការក្នុងរោងចក្រផលិតស៊ីម៉ងត៍ របស់ខ្លួននៅក្នុងខេត្តកំពត។
 
ពិធីចុះកិច្ចព្រមព្រៀង ត្រូវបានធ្វើឡើងនៅការិយាល័យកណ្តាលអគ្គិសនីកម្ពុជា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ រវាងអគ្គនាយកអគ្គិសនីកម្ពុជា លោក កែវ រតនៈ និងអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន លោក Aidan Lynam និងមានការចូលរួមពីលោកឧកញ៉ា លាង ឃុន ម្ចាស់ភាគហ៊ុនធំ របស់ក្រុមហ៊ុន ជីប ម៉ុងផងដែរ។

ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ជាក្រុមហ៊ុនដែលត្រូវបានវិនិយោគរួមគ្នារវាងក្រុមហ៊ុន ជីប ម៉ុង គ្រុប នៃកម្ពុជា និងក្រុមហ៊ុន ស៊ីយ៉ាម ស៊ីធី ស៊ីមេន ផាប់ប្ល៊ិក ខមភែនី លីមីតធីត នៃប្រទេសថៃ ក្នុងតម្លៃជាទឹកប្រាក់សរុបចំនួន ២៦២លានដុល្លារ។

ក្រុមហ៊ុននេះបានចាប់ផ្តើមដំឡើង រោងចក្រផលិតស៊ីម៉ងត៍ដ៏ធំ និងទំនើបជាងគេបំផុតនៅក្នុងខេត្តកំពត ចាប់តាំងពីដើមឆ្នាំ២០១៦។ រោងចក្រនេះ នឹងចាប់ផ្ដើមដំណើរការផលិត​កម្មរបស់ខ្លួននាដើម​ឆ្នាំ២០១៨ខាង​មុខនេះ ដែលអាចផលិតស៊ីម៉ងត៍​បានចំនួន​៥ពាន់តោនក្នុងមួយថ្ងៃ៕