(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ាន ហៅកាត់ អាយប៉ា (AIPA) លើកទី៤៣ បានបន្តជំរុញឱ្យសមាជិកទាំងអស់បន្តវប្បធម៌សន្ទនា ដើម្បីដោះស្រាយបញ្ហាសកល ក្នុងការចូលរួមលើកកម្ពស់ កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក សំដៅរក្សាស្ថិរភាព សន្តិសុខ ប្រកបដោយបរិយាបន្ន និងចីរភាព។

ការជំរុញបែបនេះរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានធ្វើឡើងក្នុងពិធីបិទមហាសន្និបាតអាយប៉ា លើកទី៤៣ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នាសណ្ឋាគាសុខាភ្នំពេញ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា «កិច្ចសន្ទនានៅក្នុងមហាសន្និបាតលើកទី៤៣នេះ ឆ្លុះបញ្ចាំងពីផលប្រយោជន៍រួម គោលបំណងរួម និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា និងមានតែការធ្វើការរួមគ្នាប៉ុណ្ណោះទ ទើបយើងអាចរួមគ្នាដោះស្រាយបាននូវបញ្ហា និងការប្រឈមសកលដែលកាន់តែមានលក្ខណៈសាំញ៉ាំ និងប្រែប្រួលយ៉ាងឆាប់រហ័សបំផុត»

ជាមួយគ្នានេះដែរ សម្តេចប្រធានអាយប៉ា លើកទី៤៣ ក៏បានលើកឡើងពីសារសំខាន់ក្នុងការបន្តជំរុញវប្បធម៌សន្ទនា ដើម្បីដោះស្រាយបញ្ហាសកល និងបានរួមគ្នាចែករំលែកនូវទស្សនៈ បានដាក់ចេញនូវដំណោះស្រាយ និងសំណើគោលនយោបាយ សំដៅកសាងសហគមន៍អាស៊ានរបស់យើងឱ្យកាន់តែមានភាពធន់នូវឆន្ទៈនយោបាយរួមជាងមុន ប្រកបដោយបរិយាបន្ន និងចីរភាពនិងកសាងសហគមន៍អាស៊ាន តាមរយៈការអភិវឌ្ឍ នូវក្របខណ្ឌ និងសុខដុមនីយកម្មច្បាប់ ការតាមដានត្រួតពិនិត្យលើរដ្ឋាភិបាល និងការធ្វើច្បាប់ថវិកា ដើម្បីឱ្យស៊ីសង្វាក់ទៅនឹងគោលនយោបាយជាតិ និងផែនការសកម្មភាពប្រទេសរបស់ខ្លួន។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានបន្ថែមយ៉ាងដូច្នេះថា «ខ្ញុំមានជំនឿយ៉ាងមុតមាំថា លទ្ធផលដែលមហាសន្និបាតអាយប៉ាលើកទី៤៣ សម្រេចបាន នឹងត្រូវបានយកទៅអនុវត្តចេញ ជាសកម្មភាពជាក់ស្តែងហើយសង្ឃឹមថា យើងទាំងអស់គ្នា នឹងខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋរបស់យើង ដំណើរឆ្ពោះទៅមុខរបស់អាយប៉ា នឹងមិនអាចធ្វើបានដោយរលូន និងជោគជ័យបានឡើយ ប្រសិនបើគ្មានការតាំងចិត្ត និងការលះបង់ខ្ពស់របស់ថ្នាក់ដឹកនាំ និងយើងគ្រប់ៗគ្នា»

មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ បានប្រារព្ធធ្វើក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីចីរភាព បរិយាប័ន្ន និងភាពធន់» ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។

អន្តរសភាអាស៊ាន (AIPA) ជាវេទិកាសភាបណ្ដាប្រទេសជាសមាជិកអាស៊ានដែលបានប្រមូលផ្តុំនូវមតិ យោបល់ និងទស្សនៈរបស់តំណាងពលរដ្ឋ ក្នុងការលើកកម្ពស់យន្តការសភា ក្រោមចក្ខុវិស័យទូលំទូលាយ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហារួម ដែលប៉ះពាល់ដល់តំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាពិភពលោក សំដៅធានាឱ្យមានសន្តិសុខ ស្ថិរភាព និងវិបុលភាពប្រកប ដោយចីរភាព។ សមាជិករបស់ AIPA រួមមាន៖ ប្រទេសព្រុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម៕