(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួន បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ក្រោយបុរសរូបនេះបង្កើតគណនី Facebook ហើយប្រើប្រាស់រូបរបស់អាវុធហត្ថ ដើម្បីសរសេរអត្ថបទឆបោកស្នើសុំលុយពីអ្នកដទៃ។

លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា បុគ្គលដែលត្រូវបានស្នងការដ្ឋានស្រាវជ្រាវព័ត៌មាន សន្ដិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួននេះឈ្មោះ លឹម សិលាអាយុ៣៣ឆ្នាំ បានប្រើប្រាស់គណនីហ្វេសប៊ុក ឈ្មោះ Vin Vin, សុខ ចិត្រា, Pu Chet ដោយប្រើរូបថតរបស់យោធិន នៃកងរាជអាវុធហត្ថ សរសេរអត្ថបទឆបោកស្នើសុំលុយជាសាធារណៈ។

លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី បានបញ្ជាក់ទៀតថា ក្រោយបញ្ចប់ការសួរនាំ និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ជននេះត្រូវបានចៅក្រមស៊ើបសួរ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនពីបទឆបោក តាមបញ្ញត្តិមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ៕