(ភ្នំពេញ)៖ គណៈកម្មាធិការសមាជិកសភាស្ត្រីអាយប៉ា, គណៈកម្មាធិការសមាជិកសភាវ័យក្មេងអាយប៉ា, គណៈកម្មាធិការនយោបាយអាយប៉ា, គណៈកម្មាធិការសេដ្ឋកិច្ចអាយប៉ា, គណៈកម្មាធិការសង្គមកិច្ចអាយប៉ា និងគណៈកម្មាធិការរៀបចំអាយប៉ា នៃមហាសន្និបាតអន្តរសភាអាស៊ាន-អាយប៉ា (AIPA) លើកទី៤៣ បានរៀបចំសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃមហាសន្និបាតរយៈពេល ៥ថ្ងៃ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។

មហាស​ន្និបាតអន្តរសភាអាស៊ាន-អាយប៉ា បានធ្វើឡើងក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីចីរភាព បរិយាបន្ន និងភាពធន់របស់អាស៊ាន» ដែលសភាកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានបិទបញ្ចប់ដោយជោគជ័យ ជាមួយនឹងលទ្ធផលដ៏ត្រចេះត្រចង់។

ក្នុងនាមសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ បានអនុម័តលើរបាយការណ៍នៃគណៈកម្មាធិការជំនាញរបស់អាយប៉ាចំនួន៦ និងបានប្រគល់ទង់កិត្តិយសជាសភាសង្កេតការណ៍ដល់សភានៃប្រទេសជាដៃគូចំនួន៣ គឺសភានេប៉ាល់ សភាអាស៊ែបៃហ្សង់ និងសភាសហរដ្ឋអាមេរិក ដែលបានក្លាយជាសភាសង្កេតការណ៍របស់អាយប៉ា ចាប់តាំងពីមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣នេះតទៅ។

នៅក្នុងសម័យប្រជុំនាពេលនេះ មានការធ្វើបទបង្ហាញពីរបាយការណ៍កិច្ចប្រជុំ ដោយគណៈកម្មាធិការសមាជិកសភាស្ត្រីអាយប៉ា គណៈកម្មាធិការសមាជិកសភាវ័យក្មេងអាយប៉ា គណៈកម្មាធិការនយោបាយអាយប៉ា គណៈកម្មាធិការសេដ្ឋកិច្ចអាយប៉ា គណៈកម្មាធិការសង្គមកិច្ចអាយប៉ា និងគណៈកម្មាធិការរៀបចំអាយប៉ា ដោយសម័យប្រជុំពេញអង្គលើកទី២នេះ បានធ្វើការអនុម័តលើរបាយការណ៍របស់គណៈកម្មាធិការជំនាញទាំង៦នេះ ផងដែរ៕

សូមទស្សនាវីដេអូទាំងស្រុងដូចខាងក្រោម៖