(កំពង់ធំ)៖ លោក គង់ វិមាន អភិបាលរងខេត្តកំពង់ បានដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យទីតាំងស្ដារប្រឡាយរំដោះទឹកស្អុយនៅផ្សារស្ទោង ដែលបានធ្វើឡើងនៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦នេះ។
ការប្រជុំ និងត្រួតពិនិត្យនេះ ក្នុងគោលបំណងរំដោះទឹកស្អុយចេញពីភូមិសាស្ត្រភូមិក្តី ដល់ទីប្រជុំជនផ្សារស្ទោង ដែលមានប្រវែង១២៥០ម៉ែត្រ ដោយសារមានការកកស្ទះនៅតាមប្រឡាយ ដែលបង្កដោយបងប្អូនប្រជាពលរដ្ឋ ដោយបានរំលោភលើដីចំណីផ្លូវ ក្នុងការសាងសង់ផ្ទះ លើប្រឡាយចាស់ ជាហេតុធ្វើឲ្យមានការលំបាក ដល់បងប្អូនអាជីវករដែលលក់នៅតាមផ្សា ក្នុងរដូវរស្សា ដោយសារគ្មានផ្លូវទឹកបង្ហូរចេញ។
បន្ទាប់ពីការត្រួតពិនិត្យជាលទ្ធផលរកឃើញថា ប្រឡាយគោករាក់ ដោយសារសំណង់ខុសច្បាប់រំលោភយកដីចំណីប្រឡាយ រំលោភចំណីផ្លូវសាធារណៈ ការចោលកាកសំណល់ដោយគ្មានរបៀបរៀបរយ ខ្វះសណ្តាប់ធ្នាប់អនាម័យ បរិស្ថាន និងខ្វះសោភ័ណ្ឌភាពក្នុងទីប្រជុំជន។
ក្នុងនោះដែរ លោក គង់ វិមាន សំណូមពរឲ្យបងប្អូន មេត្តាមានស្មារតីភ្ញាក់រលឹក ក្នុងការរៀបចំកែលម្អរនៅតាមផ្ទះរបស់ខ្លួន ហើយអាជ្ញាធរមូលដ្ឋាន ដែលជាគណៈកម្មការត្រួតពិនិត្យជំរុញធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋចូលរួមក្នុងនោះផ្ទះនីមួយៗ ត្រូវមានការចូលរួមដោយរៀបចំប្រព័ន្ធលូដោយខ្លួនឯង និងកន្លែងមួយចំនួនទៀតអាជ្ញាធរនឹងដោះស្រាយនូវ គ្រឿងចក្រព្រមទាំងថវិកាមួយចំនួនក្នុងការដោះ ស្រាយឲ្យបានផ្លូវទឹក ដើម្បីជៀសវាងនូវការកកស្ទះពេលរដូវទឹកឡើងខាងមុខ។
ជាមួយគ្នានេះដែរ លោកក្នុងនាមអាជ្ញាធរ ទាមទារឲ្យប្រជាពលរដ្ឋ បញ្ឈប់ការបោះបង់ចោលនូវកាកសំណល់រឹង រាវនៅតាមប្រឡាយ និងសូមអំពាវនាឲ្យប្រជាពលរដ្ឋចូលរួមជាថវិកា សម្ភារៈ ដើម្បីស្តារប្រឡាយឲ្យមានភាពល្អប្រសើរឡើងវិញ ហើយវាអាចបញ្ជាសនូវក្លិនដែលល្អដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពផងដែរ។
លោកបន្ដថា ចំពោះបញ្ហាសំណង់មួយចំនួនដែលសាងសង់ដោយគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ សូមឲ្យម្ចាស់សំណង់រត់ទៅរកច្បាប់ ហើយមន្ត្រីភូមិបាលស្រុក ត្រូវរៀបចំបែបបទរដ្ឋបាលដើម្បីបំពេញតាមនីតិវិធីឲ្យគាត់ កុំឲ្យចេញច្បាប់សំណង់ខុសច្បាប់ឲ្យគាត់ធ្វើដែលមិនជាការប៉ះពាល់ដល់ដីសាធារណៈរបស់រដ្ឋ ដូចជា ប្រឡាយទឹក ចំណីផ្លូវ។
បន្ថែមពីនេះសូមឲ្យអាជ្ញាធរត្រូវរៀបចំផែនការ ដើម្បីធ្វើកិច្ចការងារនេះដោយបង្កើតជាក្រុមការងារចម្រុះ និងចាត់តាំងឲ្យមន្ត្រីចុះស្រង់ឈ្មោះប្រជាពលរដ្ឋដែលនៅតាមប្រឡាយ ព្រមទាំងគៀងគរស្វែងរកប្រភពថវិកា សម្ភារៈ ដើម្បីទទួលលទ្ធផលល្អប្រសើរក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ចំពោះចំណាត់ការនេះលោក អ៊ុត សំអន អភិបាលខេត្ត មានការគាំទ្រ ព្រមទាំងមានការលើកទឹកចិត្ត និងត្រៀមផ្តល់ជាប្រេងសម្រាប់ដំណើរការនេះ ដើម្បីដោះស្រាយបញ្ហាខាងលើនេះឲ្យទទួលបានជោគជ័យ ទាល់តែមានការចូលរួមគាំទ្រទាំងគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕