(ភ្នំពេញ)៖ លោក ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកអង្គសិក្ខាសាលាស្តីពី កិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា ឆ្នាំ២០២២ ក្រោមប្រធានបទ «សាសនិកចូលរួមប្រឆាំងការជូញដូរមនុស្ស និងទាសភាពសម័យទំនើប»

ក្នុងនោះក៏មានការយាង និមន្ត និងអញ្ជើញ ពីសំណាក់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ គណៈមហានិកាយ នៃរកម្ពុជា និងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ គណៈធម្មយុត្តិកនិកាយ នៃកម្ពុជា, សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈ គណៈកម្មាធិការទី៧ ព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំសាសនាពាហិរសាសនា តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងលោក លោកស្រី ជាសិក្ខាកាមចំនួនប្រមាណ ២៧០អង្គ/នាក់ នៅទីស្តីការក្រសួង។

ក្នុងឱកាសនោះ រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា បានជូននូវវិភាគទានគន្លឹះចំនួន៤ ដល់អង្គសិក្ខាសាលាដូចខាងក្រោម៖

*ទី១៖ សូមឲ្យមេដឹកនាំ និងបរិស័ទគ្រប់សាសនាទាំងអស់ គោរពដឹងគុណដ៏ជ្រាលជ្រៅ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំប្រទេសជាតិ ឲ្យមានការរីកចម្រើនប្រកបដោយសុខសន្តិភាព និងជំរុញឲ្យមានសុខដុមនីយកម្មសាសនានៅកម្ពុជា។

*ទី២៖ សូមឲ្យបន្តចូលរួមថែរក្សាការពារ សន្តិភាព ស្ថេរភាព និងអភិវឌ្ឍជាតិ លើគ្រប់វិស័យ ដែលកំពុងមានពេញបរិបូរណ៍ឲ្យគង់វង្ស។

*ទី៣៖ សូមឲ្យគោរព និងអនុវត្តឲ្យបានម៉ឺងម៉ាត់ តាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ដែលមាន៦ចំណុច (ទី១៖ ចូលរួមរក្សាសន្តិភាព សន្តិសុខសណ្ដាប់ ធ្នាប់សង្គម, ទី២៖ ចូលរួមទាំងអស់គ្នា ដើម្បីភូមិឃុំយើងមានសុវត្ថិភាព, ទី៣៖ សូមឲ្យចូលរួមធ្វើយុទ្ធនាការដើម្បីបំបាត់ ឬកាត់បន្ថយអំពីបញ្ហាគ្រឿងញៀន, ទី៤៖ សូមយកចិត្តទុកដាក់ ជាមួយនឹងចរាចរណ៍, ទី៥៖ សូមបន្តធ្វើសុខដុមនីយកម្មក្នុងផ្ទៃក្នុងសាសនាខ្លួនឯង និងជាមួយសាសនាដទៃទៀត ទី៦៖ សូមឲ្យយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីឲ្យសាសនារឹងមាំ និងរីកចម្រើនបន្តទៀត)។

*ទី៤៖ សូមឲ្យស្ថាប័នពាក់ព័ន្ធ និងមេដឹកនាំសាសនា បន្តអនុវត្តមុខងារតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងការអប់រំទូន្មាន និងផ្សព្វផ្សាយឲ្យបានជ្រួតជ្រាបគ្រប់មជ្ឈដ្ឋាន ជាពិសេសបរិស័ទជាយុវជន គម្បីខិតខំកែច្នៃចំណេះដឹងជំនាញដែលខ្លួនមាន ទៅជាផលប្រយោជន៍ ដែលសុចរិត ប្រកបដោយភាពរីកចម្រើន ជាទីស្រឡាញ់រាប់អាននៃអ្នកផងទាំងពួង និងមិនធ្វើឲ្យខ្លួនធ្លាក់ក្នុងក្តីវិនាសដោយអំពើឧក្រិដ្ឋ ដែលអូសទាញដោយជនល្មើស៕